​លោក​សុខ ទូច​​ថា​លោក​សម រង្ស៊ី​​កំពុង​យក​ប្រជាជន​​ធ្វើជា​រនាំង​នយោបាយ​របស់ខ្លួន​​

25-09-2019 4:03 pm 418

​លោក សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា ហាក់​មាន​ការភ្ញាក់ផ្អើល ក្រោយ​លោក សម រង្ស៊ី សរសេរ​លិខិត​ទៅ​អង្គការសហប្រជាជាតិ ថា​ចង់​សម្រុះសម្រួល​ជាមួយ​រដ្ឋាភិបាល​ក្រុងភ្នំពេញ​។ ភ្ញាក់ផ្អើល​ដោយសារតែ​លោក​ថា លោក សម រង្ស៊ី បានប្រកាស​ចូលមក​កម្ពុជា ដើម្បី​មក​ចាប់​លោក ហ៊ុន សែន តែ​បែរជា​សរសេរ​លិខិត​ទៅ​អង្គការសហប្រជាជាតិ ថា​ចង់​សម្រុះសម្រួល​ជាមួយ​រដ្ឋាភិបាល​ទៅវិញ​។ លោក​បន្តថា ការធ្វើ​បែបនេះ​របស់លោក សម រង្ស៊ី បានធ្វើឱ្យ​ប្រជាជន​សាមញ្ញ​មិនដឹង ត្រូវ​ជាប់គុក​ដោយសារ​គាត់ ហើយ​លោក​ចាត់ទុក​លោក សម រង្ស៊ី កំពុង​យក​ប្រជាជន​ធ្វើជា​រនាំង​នយោបាយ​របស់ខ្លួន​ផងដែរ​…………….

​សំឡេង​៖

​ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា​រូបនេះ ក៏​បានលើកឡើង​ពី​ការប្រកាស​វិលត្រឡប់​មក​កម្ពុជា នាពេលនេះ​របស់លោក សម រង្ស៊ី មាន​ទិដ្ឋភាព​៤ គឺ​ទី​១. រដ្ឋប្រហារ​រដ្ឋធម្មនុញ្ញ ទី​២. បដិវត្ត ទី​៣. បដិវត្ត​ពណ៌​ដែល​ប្រើប្រាស់​កម្លាំង​មក​ដោះដូរ​អំណាច និង ទី​៤. គឺជា​ភេរវកម្ម បើសិនជា​បដិវត្ត​នឹងមិន​បានសម្រេច វា​ទៅជា​ភេរវកម្ម ដោយ​លោក​ចោទ​ជា​សំណួ​រថា តើ​មានបរ​ទេសណា នៅក្នុង​សមាគម​អាស៊ាន​ផ្ដល់​ទឹកដី ឱ្យ​ម្ខាង​ទៀត​ធ្វើ​សកម្មភាព​បែបនេះ​? វា​អត់​មាន​។ ជាមួយគ្នា​នោះ​លោក សុខ ទូច ក៏បាន​បញ្ជាក់ដែរថា ការប្រកាស​ចូលមក​ចាប់ខ្លួន​លោក ហ៊ុន សែន ពី​សំណាក់​លោក សម រង្ស៊ី នាពេលនេះ មិន​អាចទៅរួច​នោះទេ​។ មិន​អាចទៅរួច ដោយ​លោក​អះអាងថា ដោយសា​រលោក ហ៊ុន សែន ជា​អ្នក​គោរព​រដ្ឋធម្មនុញ្ញ ជា​រដ្ឋាភិបាល​ស្របច្បាប់ ដែល​កើតឡើង​ពី​ការបោះឆ្នោត​។​

​សូមបញ្ជាក់ថា ការលើកឡើង​របស់លោក សុខ ទូច ខាងលើនេះ បាន​ធ្វើឡើង​ក្នុង​វេទិកា​ពិភាក្សា​តុមូល ស្ដីពី​ផែនការ​វិល​ត្រឡប់មក​កម្ពុជា​វិញ​របស់លោក សម រង្ស៊ី ដែល​រៀបចំ​ធ្វើឡើង​ដោយ​រាជបណ្ឌិត្យសភា​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​២៥ ខែ​កញ្ញា ឆ្នាំ​២០១៩​។​

​លោក សម រង្ស៊ី អតីត​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បានកំណត់​យក​ថ្ងៃទី​០៩ វិច្ឆិកា ឆ្នាំ​២០១៩ ចំ​ថ្ងៃបុណ្យ​នៃ​ឯករាជ្យ​ជាតិ ដើម្បី​វិលត្រឡប់​មក​កម្ពុជា​។ លោក សម រង្ស៊ី បញ្ជាក់ថា ការវិលត្រឡប់​មក​កម្ពុជា មិនមែន​មកឱ្យ​អាជ្ញាធរ​ចាប់ខ្លួន​នោះឡើយ គឺ​លោក​មក​ចាប់ខ្លួន​លោក ហ៊ុន សែន ទៅវិញ​ទេ​។ តែ​រដ្ឋាភិបាល​វិញ ជាពិសេស​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសថា បើ​លោក សម រង្ស៊ី ចូល​ស្រុក​នៅពេលណា គឺ​ត្រូវ​ចាប់ខ្លួន​ភ្លាម​នៅពេលនោះ​តែម្ដង​៕

ព័ត៌មានផ្សេងទៀត