ចិន​ថា​​គ្មាន​បំណង​​លេងល្បែង​​ដណ្ដើម​​អំណាច​​លើ​ឆាក​អន្ដរជាតិ​​ឡើយ​

25-09-2019 3:13 pm 195
រដ្ឋមន្ដ្រីការបរទេសចិន​លោកវ៉ាង យី

​មន្ដ្រីជាន់ខ្ពស់​របស់​ចិន​បាន​វាយបក​ទៅនឹង​ការរិះគន់​របស់​សហរដ្ឋអាមេរិក​វិញ ជុំវិញ​បញ្ហា​ពាណិជ្ជកម្ម​និង​ការអភិវឌ្ឍ​ថា ទីក្រុង​ប៉េកាំង​គ្មាន​បំណង​លេងល្បែង​ដណ្ដើម​រាជ្យ​នៅលើ​ឆាក​អន្ដរជាតិ​ទេ​។ ប៉ុន្ដែ​ស្របពេល​ជាមួយគ្នា​ចិន​បាន​ព្រមាន​ទីក្រុង​វ៉ាស៊ីនតោន ឲ្យ​គោរព​អធិបតេយ្យភាព​របស់​ចិន​ក្នុងនោះ​មាន​បញ្ហា​នៅ​ហុងកុង​ផងដែរ​។ លោក​វ៉ាង យី​រដ្ឋមន្ដ្រីការបរទេស​និង​ជា​ទីប្រឹក្សា​រដ្ឋ​ចិន បាន​និយាយថា​ទីក្រុង​ប៉េកាំង​មិន​ឱនក្បាល​ចំពោះ​ការគំរាមកំហែង​ឡើយ តួយ៉ាង​មាន​បញ្ហា​ពាណិជ្ជកម្ម​ជាដើម ទោះបី​លោក​រំពឹង​នឹងមាន​កិច្ចពិភាក្សា​ជាថ្មី​នៅ​ខែក្រោយ​ក៏ដោយ​។​

​នៅក្នុង​សុន្ទរកថា​មួយ​ក្រៅ​មហាសន្និបាត​ប្រចាំឆ្នាំ​របស់​អង្គការសហប្រជាជាតិ លោក​វ៉ាង​បាន​ជំរុញ​ឲ្យ​ចៀសវាង​ការប្រឈមមុខ​ដាក់គ្នា រវាង​សហរដ្ឋអាមេរិក​និង​ប្រទេស​ចិន ហើយ​និយាយថា​ប្រទេស​ទាំងពីរ​គួរ​មាន​កិច្ចសហការ​ដើម្បី​ប្រយោជន៍​ទៅវិញទៅមក និង​ដើម្បី​ផលប្រយោជន៍​ពិភពលោក​៕

ព័ត៌មានផ្សេងទៀត