ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​ ថា​ការបញ្ជាទិញ​​អង្ករ​​កម្ពុជា​​ទៅ​ប្រទេស​ចិន​​កំពុង​កើនឡើង​​

25-09-2019 3:10 pm 202

​ថ្លែងប្រាប់​សារព័ត៌មាន​ក្នុងស្រុក លោក​សុង សារ៉ន ប្រធាន​ថ្មី​នៃ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បាន​អះអាងថា ការបញ្ជាទិញ​អង្ករ​កម្ពុជា ទៅកាន់​ប្រទេស​ចិន កំពុងតែ​មាន​ការកើនឡើង​ខ្លាំង ខណៈ​បច្ចុប្បន្ននេះ ប្រជាពលរដ្ឋ​ចិន​កំពុងមាន​ការគាំទ្រ​ខ្លាំង ចំពោះ​អង្ករ​កម្ពុជា​។​លោក​សុង សារ៉ន បាន​បញ្ជាក់ថា កំណើន​នៃ​ការនាំចេញ​អង្ករពី​កម្ពុជា កើន​ដល់​៤០%​។ 

​ប្រធាន​ថ្មី​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បាន​បន្ថែមថា ភាគី​ចិន បាន​បញ្ជា​ទិញ​អង្ករ​ពី​កម្ពុជា​ច្រើន ប៉ុន្ដែ​ដោយសារតែ​កម្ពុ​ជា មាន​បញ្ហា​រាំងស្ងួត ទើប​នអាច​បំពេញតម្រូវការ ក្នុង​ការនាំ​ចូលទៅ​ប្រទេស​ចិន​បានច្រើនជាងនេះ ប៉ុន្ដែ​លោក​សង្ឃឹមថា ការនាំចេញ​នឹង​បន្ត​កើន​ខ្លាំង នៅក្រោយ​រដូវ​ច្រូតកាត់ ចាប់ពី​ដំណាច់​ខែកញ្ញា​នេះ តទៅ​។​

​បើតាម​ការបញ្ជាក់​ពី​លោក​សុង សារ៉ន បញ្ជាក់ថា រយៈពេល​៨​ខែ ឆ្នាំ​២០១៩​នេះ កម្ពុជា​បាន​នាំចេញ​អង្ករ ទៅកាន់​ទីផ្សារ​ជាង​៥០​ប្រទេស បាន​ចំនួន​ជាង​៣៤​ម៉ឺន​តោន​។ ប្រទេស​ចិន នៅតែ​ឈរ​លំដាប់​លេខ​១ ដោយ​នាំចូល​អង្ករ​ពី​កម្ពុជា​ជាង​១៣​ម៉ឺន​តោន​។ រដ្ឋាភិបាល​ចិន បានផ្តល់​កូតា​នាំចូល​អង្ករ​ពី​កម្ពុជា ក្នុង​រង្វង់​៤០​ម៉ឺន​តោន សម្រាប់​ឆ្នាំ​២០១៩ និង​២០២០​។​

​ជា​ការកត់សម្គាល់ នៅ​ឆ្នាំ​២០១៨ កន្លងទៅ កម្ពុជា​បាន​នាំចេញ​អង្ករ​ជិត​៦៣​ម៉ឺន​តោន ទៅកាន់​ទីផ្សារ​អន្តរជាតិ​៕

 ពាក្យគន្លឹះ  ការនាំអង្ករចេញ

ព័ត៌មានផ្សេងទៀត