គិត​ត្រឹម​ចុងខែ​សីហា​ឆ្នាំ ២០១៩​នេះ ដំណាំ​ស្រូវ​ខូចខាត​ជិត​៥ ម៉ឺន​ហិកតា​

25-09-2019 11:15 am 113
  ស្តាប់
ស្តាប់ជាសំឡេង

​គិត​ត្រឹម​ថ្ងៃទី ២៨ សីហា ឆ្នាំ ២០១៩ តាមរយៈ​ការវាយតម្លៃ ដំណាំ​ស្រូវ​ខូចខាត​សរុប​ចំនួន ៤៧ ២០៤ ហ​.​ត ដោយសារ​គ្រោះធម្មជាតិ ការ​រាតត្បាត​សត្វល្អិត​ចង្រៃ ការ​កើត​ជំងឺ​ផ្សេងៗ​លើ​ដំណាំ​កសិកម្ម ដែល​ផលប៉ះពាល់​នេះ ស្មើនឹង​១៤,៥៨%  នៃ​ផ្ទៃដី​ផលប៉ះពាល់ ឬ ស្មើនឹង ១,៩១% នៃ​ផ្ទៃ​ដំណាំ​ស្រូវ​អនុវត្ត​បាន​ទូទាំងប្រទេស ខណៈ​ផ្ទៃដី​ដំណាំ​ស្រូវ ដែល​បាន​ស្ដារឡើងវិញ​សរុប​ចំនួន ១២ ៨០០ ហ​.​ត ស្មើនឹង ២១,៣៣% នៃ​ផ្ទៃដី​ខូចខាត​។ 

​នៅក្នុង​ខែ​សីហា ឆ្នាំ ២០១៩ ការងារ​បង្កបង្កើនផល​ស្រូវ​រដូវវស្សា​នៅ​ទូទាំង​ប្រទេស​សម្រេច​បាន​ចំនូ​ន ២ ៤៧៦ ២២១ ហ​.​ត ស្មើនឹង ៩៥,៧៥% នៃ​ផែនការ ២ ៥៨៦ ១៥២ ហ​.​ត ក្នុង​ការប្រើប្រាស់​គ្រឿងយន្ត​សម្រាប់​ការរៀបចំ​ដី​ផលិតកម្ម​ដំណាំ​ស្រូវ​រដូវវស្សា​គឺ​ស្មើនឹង ៩៨,៨០% បើ​ធៀប​នឹង​ការប្រើប្រាស់​ដោយ​គោ និង​ក្របី​មាន ១,២០% ខណៈ​ដំណាំ​ស្រូវ​ខូចខាត​សរុប​ចំនួន ៤៧ ២០៤ ហ​.​ត នៃ​ផ្ទៃ​ដំណាំ​ស្រូវ​អនុវត្ត​បាន​ទូទាំងប្រទេស​។​

​ស្រប​ពេល​ក្រសួង​កសិកម្ម បាន និង​កំពុង​ជំរុញ​ដល់​គ្រប់​អង្គភាព​ជំនាញ ពិសេស​មន្ទីរ​កសិកម្ម​រាជធានី ខេត្ត យកចិត្តទុកដាក់​ចំពោះ​យន្តការ បទដ្ឋាន​បច្ចេកទេស​សំខាន់ៗ និង​សហការ​ចុះ​អន្តរាគមន៍​ទាន់ពេលវេលា​ក្នុង​ការតាមដាន​វាយតម្លៃ ផលប៉ះពាល់ ការខូចខាត​ដោយ​គ្រោះធម្មជាតិ និង ត្រៀមលក្ខណៈ​នៅពេល​កសិករ​ទទួលរ​ង​នូវ​ផល​ប៉ះពាល់​ផ្សេងៗ​។​

​គួរ​រំលឹក​ផងដែរ​ថា ផលប៉ះពាល់​នៃ​ការខូចខាត​ដំណាំ​ស្រូវ​នេះ ក៏​ជា​កត្តា​ធ្វើឲ្យ​បរិមាណ​នៃ​ការនាំចេញ​អង្ករ​ក្នុង​ខែ​សីហា ឆ្នាំ ២០១៩ មាន​ការថយចុះ​ចំនួន ១០ ៥២៦ តោន (-២៣,៦%) បើ​ធៀប​ការនាំ​ចេញ​ខែសីហា ឆ្នាំ ២០១៨ ខណៈ​រយៈពេល ៨​ខែ ឆ្នាំ​២០១៩ បាន​នាំ​ចេញ​ចំនួន ៣៤២ ០៤៥ តោន ទៅកាន់​ទិសដៅ​ចំនួន ៥១ ប្រទេស ក្នុង​នោះ​ប្រទេស​ចិន (១៣២ ៩៤៧​តោន​) ប្រទេស​បារាំង (៤៧ ៦៣១​តោន​) ប្រទេ​សហ្កា​បុង (២០ ៤៧៩​តោន​) ប្រទេស​ប្រ៊ុយណេ (១៦ ០៣៥​តោន​) ប្រទេស​ម៉ាឡេស៊ី (១៥ ៤៥២​តោន​) ប្រទេស​ណេ​ដឺ​ឡែ​ន (១២ ៨២៤​តោន​) ប្រទេស​អូស្ត្រាលី (១១ ៨០២​តោន​) ប្រទេស​អង់គ្លេស (៩ ០២៣​តោន​) ប្រទេស​អេ​ស្ប៉ា​ញ (៨ ៧១៤​តោន​) និង​ប្រទេស​វៀតណាម (៨ ៦០៥ តោន​) ហើយ​បច្ចុប្បន្ន​ក្រុមហ៊ុន​ដែល​បាន​នាំ​ចេញ​អង្ករ​មាន​ចំនួន ៧៧ ក្រុមហ៊ុន​៕

ព័ត៌មានផ្សេងទៀត