ប្រមុខ​ការពារ​ជាតិចិន ប្រកាស​គាំទ្រ​កម្ពុជា ដែល​ការពារ​ផលប្រយោជន៍​ស្របច្បាប់​ខ្លួន​ឯង

25-09-2019 11:04 am 127

​រដ្ឋមន្ដ្រី​ក្រសួងការពារជាតិ​ចិន លោក Wei Feng He ជាថ្មី​ម្ដងទៀត បាន​ប្រកាសប្រាប់​ភាគី​កម្ពុជា​ថា ចិន នៅតែ​បន្ដ​គាំទ្រ​យ៉ាង​ពេញទំហឹង នូវ​រាល់​អ្វីដែល​កម្ពុជា​កំពុងតែ​អនុវត្ត ពិសេស​ពាក់ព័ន្ធ​ជាមួយ​ការការពារ​អ្វីដែល​ជា​ផលប្រយោជន៍​ស្របច្បាប់ របស់​កម្ពុជា​ខ្លួនឯង​។​លោក Wei Feng He ប្រកាស​យ៉ាង​ដូច្នេះ នៅ​ថ្ងៃទី​២៤ កញ្ញា ឆ្នាំ​២០១៩ ក្នុងជំនួប​ជាមួយ លោក​ណឹម សុវត្ថិ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​នយោបាយ និង​កិច្ចការបរទេស ដឹកនាំ​ប្រតិភូ​យោធា​ជាន់ខ្ពស់​របស់​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន​។​

​បើតាម​ការបញ្ជាក់​រប​ស់​លោកណឹម សុវត្ថិ ឲ្យដឹងថា ក្នុងជំនួប​នោះ ភាគី​ចិន បាន​ប្រាប់​កម្ពុជា​ថា ចិន និង​កម្ពុជា ពិតជា​មិ​ត្តដែ​កថែប ក្រោម​ការដឹកនាំ រប​ស់លោក​ហ៊ុន សែន និង​ប្រធានាធិបតី ស៊ី ជិន​ពីង ដែល​ធ្វើឲ្យ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ បាន​ឈានដល់​កម្រិត​ថ្មី​ក្នុង​ប្រវត្ដិសាស្ដ្រ ហើយ​ទំនាក់ទំនង​ដៃគូ​យុទ្ធសាស្ដ្រ​គ្រប់​ជ្រុងជ្រោយ ប្រទេស​កម្ពុជា បាន​ទទួលផល​ផ្លែផ្កា​ថ្មី​ជាច្រើន​។​

​លោក Wei Feng He អះអាង​ប្រាប់​កម្ពុជា​ថា មូលដ្ឋាន​ទំនាក់ទំនង​មិត្តភាព​កងទ័ព​ចិន និង​កម្ពុជា​កាន់តែ​ក្រាសគ្រែល ហើយ​យន្ដការ​ទំនាក់ទំនង​កាន់តែ​ស៊ីជម្រៅ និង​ពេញលេញ ដោយបាន​នាំមុខគេ​លើ​ការងារ​យោធា ហើយ​ប្រទេស​ចិន នឹង​គាំទ្រ​ប្រទេស​កម្ពុជា ដើរ​លើផ្លូវ​ស្របតាម​សភាពការណ៍​ជាក់ស្ដែង និង​គាំទ្រ​កម្ពុជា ដែល​ការពារ​ផលប្រយោជន៍​ស្របច្បាប់​របស់​ខ្លួនឯង​។​

​រដ្ឋមន្ដ្រី​ការពារ​ជាតិចិន ថា​នឹង​បន្ដ​ពង្រឹង​មិត្តភាព​ប្រពៃណី ធ្វើឲ្យ​កាន់តែ​ស៊ីជម្រៅ លើ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី រួមទាំង​កិច្ចសហការ​ការពារជាតិ កសាង​សហគមន៍​ជោគវាសនា​រួម ចិន និង​កម្ពុជា ដែល​ពោរពេញ​ដោយ​លក្ខណៈ​យុទ្ធសាស្ដ្រ រួមចំណែក​សម្រាប់​សន្ដិ​ភាព វិបុលភាព និង​សន្ដិសុខ​នៃ​តំបន់​។​

​លោក​ណឹម សុវត្ថិ បាន​អរគុណ​ដល់​រដ្ឋាភិបាល និង​ប្រជាជន​ចិន ដែល​បានផ្ដល់​ការគាំទ្រ​ពេញទំហឹង ហើយ​កាន់តែ​រីករាយ​ក្នុង​ការគាំទ្រ​គ្នា​ទៅវិញទៅមក ធ្វើឲ្យ​ស៊ីជម្រៅ​បន្ថែមទៀត​។​

​បន្ថែម​លើ​នេះ ភាគី​កម្ពុជា​-​ចិន ក៏បាន​ឯកភាពគ្នា ផ្លាស់ប្ដូរ​គណៈប្រតិភូ​យោធា​ជាន់ខ្ពស់ រួមទាំង​ការបណ្ដុះបណ្ដាល​ធនធាន​មនុស្ស និង​ការធ្វើ​សមយុទ្ធ ឬ​លំ​ហាត់​យោធា​រួមគ្នា ដែល​សុទ្ធតែជា​កិច្ចសហប្រតិបត្តិការ​គ្រប់​វិស័យ ដែល​នឹង​នាំ​ផលប្រយោជន៍ និង​សុភមង្គល​រួម​ដល់​ប្រជាជន នៃ​ប្រទេស​ទាំងពីរ​៕

 ពាក្យគន្លឹះ  កម្ពុជាចិន

ព័ត៌មានផ្សេងទៀត