ប្រធានរដ្ឋសភា​​អាមេរិក​​ដាក់ពាក្យ​ប្ដឹង​​ឲ្យ​ស៊ើបអង្កេត​​លើ​លោក​​ដូណាល់ ត្រាំ​

25-09-2019 10:30 am 671

​ប្រធានរដ្ឋសភា​អាមេរិក​អ្នកស្រី​ណាន់​ស៊ី ប៉េ​ឡូ​ស៊ី​(Nancy Pelosi) បានសម្រេច​ដាក់ពាក្យ​ប្ដឹង​ជា​ផ្លូវការ​មួយ​ប្រឆាំងនឹង​លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ និង​ស្នើឲ្យ​បើ​កការស៊ើបអង្កេត​ផង​ដែរ​។ ការស៊ើបអង្កេត​ជុំវិញ​ការចោទប្រកាន់ថា លោក​ត្រាំ​បាន​ប្រើប្រាស់​វិធីសាស្ដ្រ​ការទូត​ដោយ​ស្វែងរក​ជំនួយ​ពី​អន្ដរជាតិ ដើម្បី​បំផ្លាញ​គូប្រជែង​នយោបាយ​របស់ខ្លួន​។ អ្នកស្រី​ប៉េ​ឡូ​ស៊ី​បាន​និយាយថា គណៈកម្មការ​សភា​ចំនួន​៦​នឹង​បើក​ការស៊ើបអង្កេត​។​

​លោក​ត្រាំ​រង​ការចោទប្រកាន់​បន្ទាប់ពី​មាន​របាយការណ៍​មួយ​បញ្ជាក់ថា ក្នុងពេល​និយាយ​ទូរស័ព្ទ​ជាមួយ​ប្រធានាធិបតី​អ៊ុយ​ក្រែន​កាលពី​ខែកក្កដា លោក​ត្រាំ​បានដាក់​សម្ពាធ​ឲ្យ​អ៊ុ​យក្រែ​ន​បើក​ការស៊ើបអង្កេត ជុំវិញ​ការចោទប្រកាន់ថា​លោកចូ បាយ​ដិនបាន​ប្រព្រឹត្ដ​អំពើពុករលួយ​។ លោក​បាយដិន​ជា​អតីត​អនុប្រធានាធិ​ប​តី​អាមេរិក ហើយ​បច្ចុប្បន្ន​ជា​បេក្ខជន​នយោបាយ​លេចធ្លោ​មួយរូប​របស់​គណបក្ស​ប្រជាធិបតេយ្យ កំពុង​ប្រជែង​ជាមួយ​លោក​ត្រាំ​សម្រាប់​ការបោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ​២០២០​។ របាយការណ៍​បន្ថែមថា​លោក​ត្រាំ​បង្ខំ​ឲ្យ​ភាគី​អ៊ុយ​ក្រែន​សហការ តាមរយៈ​ការ​គំរាម​ដក​ជំនួយ​ផ្នែក​យោធា​។​

​ក្រោយ​មាន​របាយការណ៍​បែកធ្លាយ​នេះ ប្រធានរដ្ឋសភា​គណបក្ស​ប្រជាធិបតេយ្យ​អ្នកស្រី​ប៉េ​ឡូ​ស៊ី បាន​ផ្លាស់ប្ដូរ​គោលជំហរ​ស្នើសុំ​ឲ្យមាន​ការស៊ើបអង្កេ​ត​ពីមុន និង​បាន​ដាក់ពាក្យ​ប្ដឹង​នៅពេលនេះ ដោយមាន​ការគាំទ្រ​យ៉ាងខ្លាំង​ពី​សមាជិកសភា​គណបក្ស​ប្រជាធិបតេយ្យ​។ អ្នកស្រី​ប្រធានរដ្ឋសភា​សង្កត់ធ្ងន់ថា សកម្មភាព​របស់លោក​ត្រាំ​បង្ហាញ​ពី​ការ​ក្បត់​ពាក្យសម្បថ​របស់លោក​នៅពេល​ចូល​កាន់តំណែង ក្បត់​នឹង​សន្ដិសុខ​ជាតិ ហើយ​ក្បត់​នឹង​សុចរិត​ភាព​នៃ​ការបោះឆ្នោត​។ អ្វីដែល​លោក​ប្រធានាធិបតី​បានធ្វើ​គឺ​រំលោភ​លើ​រដ្ឋធម្មនុញ្ញ ដូច្នេះ​លោក​ប្រធានាធិបតី​ត្រូវតែ​ទទួលខុសត្រូវ​។​

​សម្រាប់​លោក​ត្រាំ​បាន​ឆ្លើយតប​តាម​បណ្ដាញ​ធ្វី​ត​ទ័​រថា លោក​ពិតជា​បាន​និយាយ​ពី​លោកចូ បាយដិន​ជាមួយ​លោក​ប្រធានាធិបតី​អ៊ុ​យក្រែ​ន​មែន ប៉ុន្ដែ​អ្វីដែល​សំខាន់​គ្រាន់​ជា​ការព្យាយាម​ឲ្យ​អឺរ៉ុប​បង្កើន​ការគាំទ្រ​ប៉ុណ្ណោះ​។ លោក​ថា​អ្នកប្រជាធិបតេយ្យ​មាន​ចេតនា​បំផ្លាញ​និង​ប្រមាថ​លោក តាមរយៈ​ការប្រព្រឹត្ដ​អំពើ​មិន​គប្បី​។ ពួកគេ​មិន​បានឃើញ​កំណត់ត្រា​ដែល​លោក​បាន​សន្ទនា​ជាមួយ​ប្រធានាធិបតី​អ៊ុយ​ក្រែន​ឡើយ ជារួម​ពួកគេ​ដូចជា​មេ​ធ្មប់​អ៊ីចឹង​។ លោក​បាន​ដក​ជំនួយ​មកវិញ​ខ្លះ​ពី​អ៊ុយ​ក្រែន​មែន ប៉ុន្ដែ​មិនបាន​ដាក់​សម្ពាធ​លើ​អ៊ុយ​ក្រែនទេ​៕

ព័ត៌មានផ្សេងទៀត