អាមេរិក​​យក​បី​ចំណុច​​ដាក់​សម្ពាធ​ចិន​​ក្នុង​មហាសន្និបាត​​UN

25-09-2019 9:20 am 2136

​នៅក្នុង​អង្គ​មហាសន្និបាត​អង្គការសហប្រជាជាតិ​កាលពី​ថ្ងៃទី​២៤​កញ្ញា សហរដ្ឋអាមេរិក​បាន​បង្កើន​សម្ពាធ​ដាក់​លើ​ប្រទេស​ចិន​យ៉ាងខ្លាំង និង​បាន​កៀរគរ​បណ្ដា​ប្រទេស​ផ្សេង​ឲ្យ​ប្រឆាំង​ចិន​ដូចគ្នា ជុំវិញ​អ្វីដែល​ទីក្រុង​ប៉េកាំង​បានធ្វើ​លើ​ក្រុម​មូស្លីម​អ៊ុយ​ហ្គួ​រ និង​ព្រមាន​ថា​អាមេរិក​កំពុង​ឃ្លាំមើល​សកម្មភាព​នៅ​ហុងកុង​បន្ថែមទៀត​។ ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ ក៏​បានបញ្ជាក់​ខ្លាំងៗ​ប្រាប់​សមាជិក​ក្រុមប្រឹក្សាសន្ដិសុខ ដោយ​វាយប្រហារ​ប្រឆាំង​ចិន​ជុំវិញ​បញ្ហា​ពាណិជ្ជកម្ម​អន្ដរជាតិ​ផងដែរ​។​

​ក្នុង​មហាសន្និបាត​អង្គការសហប្រជាជាតិ លោក​ត្រាំ​ថ្លែង​ដូច្នេះ​ថា “​ពិភពលោក​រំពឹង​យ៉ាង​មុតមាំ​ថា​រដ្ឋាភិបាល​ចិន​នឹង​គោរព​តាម​សន្ធិសញ្ញា​ដែល​បាន​ចង និង​ការពារ​សេរីភាព ប្រព័ន្ធ​ច្បាប់​របស់​ហុងកុង​និង​របៀប​រស់នៅ​បែប​ប្រជាធិបតេយ្យ​។ នេះ​គឺជា​របៀប​ដែល​ចិន​ត្រូវ​ជ្រើសរើស​ដើម្បី​ដោះស្រាយ​ស្ថានការណ៍ ហើយ​ដែល​នឹង​អាច​និយាយបានថា​ជា​ការដោះស្រាយ​ដ៏​អស្ចារ្យ សម្រាប់​តួនាទី​របស់​ចិន​នៅក្នុង​ពិភពលោក​និង​នៅ​ពេលអនាគត​។​”

​វា​គឺជា​ការបង្ហាញ​ពី​អារម្មណ៍​ទើសទាល់​យ៉ាងខ្លាំង​មួយ​របស់លោក​ត្រាំ ចំពោះ​ស្ថានភាព​នៅ​ក្រុង​ហុងកុង ចាប់តាំងពី​ផ្ទុះ​ការតវ៉ា​ជិត​៤​ខែ​មកនេះ​។ លោក​ត្រាំ​បានទាមទារ​ឲ្យមាន​ការគោរព​សន្ធិសញ្ញា​ប្រ​គល់​ទឹកដី ដើម្បី​ផ្ដល់​ស្វ័យភាព​ឲ្យ​ហុងកុង​កាន់តែ​ប្រសើរ និង​ទាមទារ​ឲ្យ​គោរព​ប្រព័ន្ធតុលាការ នីតិបញ្ញត្ដិ ប្រព័ន្ធ​ប្រតិ​ប​ត្ដិ​ផ្ទាល់ខ្លួន និង​ការគោរព​លើ​របៀប​រស់នៅ​របស់​ហុងកុង​។ លោក​ត្រាំ​សង្កត់ធ្ងន់ថា ពិភពលោក​ចាត់ទុក​លោក​ស៊ី ជីន​ពីង​គឺជា​មេដឹកនាំ​ដ៏​អស្ចារ្យ ដែល​អាច​ដោះស្រាយ​វិបត្ដិ​បាន​។ 

​ពាក់ព័ន្ធ​នឹង​បញ្ហា​ពាណិជ្ជកម្ម លោក​ត្រាំ​ថា​សម័យកាល​ដែល​ទីក្រុង​ប៉េកាំង​រំលោភបំពាន​លើ​ប្រព័ន្ធ​ពាណិជ្ជកម្ម គឺ​បាន​កន្លងមក​ផុត​ហើយ​។ អស់​រយៈពេល​ជាច្រើន​ឆ្នាំ​ដែល​ការរំលោភបំពាន​នេះ​ត្រូវបាន​លើកលែង មិន​ត្រូវបាន​អើពើ ឬ​ត្រូវបាន​លើក​ទឹកចិត្ដ​។ ប៉ុន្ដែ​ពេលនេះ​លោក​នឹងមិន​ទទួលយក​កិច្ចព្រមព្រៀង ដែល​ផ្ដល់​ផល​អាក្រក់​សម្រាប់​ប្រជាជន​អាមេរិក​ឡើយ ផ្ទុយទៅវិញ​លោក​នៅតែមាន​ក្ដីសង្ឃឹម​ថា​អាច​សម្រេចបាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម ផ្ដល់​ផលប្រយោជន៍​សម្រាប់​ប្រទេស​ទាំងពីរ​។​

​ចំណែកឯ​បញ្ហា​ក្រុម​មូស្លីម​អ៊ុយ​ហ្គួ​រ លោក​ត្រាំ​ក៏​បានលើកឡើង​ពី​ស្ថានភាព​របស់​ពួកគេ​នៅ​ប្រទេស​ចិន ហើយ​អាមេរិក​ធ្លាប់បាន​ទទូច​ឲ្យ​ចិន​បញ្ឈប់​ជាបន្ទាន់​នូវ​យុទ្ធនាការ​បង្ក្រាប​ដ៏​គួរឲ្យ​រន្ធត់​។ ទីក្រុង​វ៉ាស៊ីនតោន​និង​ក្រុម​អង្គការសិទ្ធិមនុស្ស​បាន​ចោទប្រកាន់​ទីក្រុង​ប៉េកាំង ពី​ការចាប់ខ្លួន​ក្រុម​មូស្លីម​ជាង​មួយ​លាន​នាក់ ភាគច្រើន​ជា​ក្រុម​មូស្លីម​ជនជាតិភាគតិច​អ៊ុយ​ហ្គួ​ររស់នៅក្នុង​តំបន់ស៊ីន​ជាំង​។ នៅ​តំបន់​ស៊ីន​ជាំ​ង​រដ្ឋាភិបាល​ចិន​បាន​រារាំង​ប្រជាជន​មូស្លីម មិនឲ្យ​គោរព​តាម​សាសនា​របស់​ពួកគេ​ទេ ហើយ​បាន​បំផ្លាញ​វិហារ​អ៊ីស្លាម​មួយចំនួនធំ​ផង​។ ហេតុនេះ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ត្រូវ​ផ្ដល់ឱកាស​ឲ្យ​ប្រជាជន​ខ្លួន​មាន​សិទ្ធិ​ក្នុង​ការគោរព​សាសនា​ដែល​ពួកគេ​ជឿជាក់​៕

 ពាក្យគន្លឹះ  អាមេរិកចិន

ព័ត៌មានផ្សេងទៀត