លោក​ហោ​ណាំហុង​៖ កម្ពុជា​គាំទ្រ​យ៉ាង​សកម្ម​នូវ​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​និង​ផ្លូវ​របស់​ចិន​

24-09-2019 3:59 pm 233

​ក្នុង​សុន្ទរកថា បើក​ពិព័រណ៍​ចិន​-​អាស៊ាន​លើ​ក​ទី​១៦ ឆ្នាំ​២០១៩ នៅ​ទីក្រុង​ណាន​នី​ង តំបន់​ស្វយ័ត​ក្វាង​ស៊ី ប្រទេស​ចិន នៅ​ថ្ងៃ​ទី​២១ កញ្ញា លោក ហោ ណាំហុង បាន​ថ្លែង​បង្ហាញ​បញ្ជាក់​អំពី​ជំហរ​គាំទ្រ​យ៉ាង​សកម្ម​នូវ​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​និង​ផ្លូវ​របស់​ចិន ។ លោក​អះអាង​ថា គម្រោង​នេះ ពិតជា​បាន​ជួយ​ដល់​កម្ពុជា​ជាច្រើន​នា​ពេលកន្លងមក...

​លោក ហោ ណាំហុង បាន​ថ្លែង​បញ្ជាក់ថា តាំងពី​ចាប់ផ្តើម​ដំបូង​មក កម្ពុជា​បាន​គាំទ្រ​យ៉ាង​សកម្ម​នូវ​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់ និង​ផ្លូវ របស់​លោក​ប្រធានាធិបតី​ចិន ស៊ី ជីន​ពីង ដែល​បាន​រួមចំណែក​យ៉ាង​សំខាន់​ដល់​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​កម្ពុជា ។ 

​លោក​អះអាង​ថា ក្នុងនោះ គម្រោង​សាងសង់​អាកាសយានដ្ឋាន​សៀមរាប​ថ្មី​នា​ពេលបច្ចុប្បន្ន បាន​ឆ្លើយតប​ទៅនឹង​កំណើន​នៃ​ទេសចរ​នៅក្នុង​ខេត្ត​វប្បធម៌​របស់​កម្ពុជា ហើយ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​កំពង់ផែ ខេត្ត​ព្រះសីហនុ និង​ការអភិវឌ្ឍ​យ៉ាង​ទូលំទូលាយ​នៃ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ គឺ​ស្ថិត​ក្នុង​ចំណោម​គម្រោង​អភិវឌ្ឍ ខ្សែក្រវាត់​និង​ផ្លូវ លេចធ្លោ​ធំជាងគេ​នៅ​កម្ពុជា ។​

​លោក​ថា ក្នុង​គោលបំណង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​គ្រប់​ជ្រុងជ្រោយ​ក្នុង​វិស័យ​នយោបាយ សន្តិសុខ សេដ្ឋកិច្ច កម្ពុជា​-​ចិន​បាន​ចុះហត្ថលេខា​លើ​ផែនការ​សកម្មភាពរ​វា​ង​ប្រទេស​ទាំង​ពីរ ដើម្បី​បង្កើត​សហគមន៍​វាសនា​រួម​កម្ពុជា​-​ចិន សម្រាប់​រយៈពេល​៥​ឆ្នាំ ២០១៩-២០២៣ ក្នុងឱកាស វេទិកា​ខ្សែក្រវាត់ និង​ផ្លូវ​លើក​ទី​២ កាលពី​ខែ​មេសា ឆ្នាំនេះ ។​

​បើ​តាម​លោក​ហោ ណាំហុង បានឱ្យដឹងថា ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​ចិន បាន​ឈាន​ដល់​ជិត​៧​ប៊ី​លាន​ដុល្លារ​អាមេរិក ក្នុង​ឆ្នាំ​២០១៨ ។ ប្រទេស​ចិន​ឈរ​លំដាប់​ទី​១ ក្នុងការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​នៅ​កម្ពុជា ដោយ​មាន​ចំនួន​ជាង ៣,៦​ប៊ី​លាន​ដុល្លារ​អាមេរិក ក្នុង​ឆ្នាំ​២០១៨ ។​

​លោក​បញ្ជាក់ថា នៅក្នុង​ឆ្នាំ​២០១៨​ដដែល ភ្ញៀវទេសចរ​ចិន​ដែល​មក​កម្ពុជា បាន​កើន​ជាង​២​លាន​នាក់ ហើយ​កម្ពុជា​រំពឹងថា នៅ​ឆ្នាំ​២០២០ ចំនួន​ភ្ញៀវទេសចរ​ចិន​នឹង​កើនឡើ​ងដល់​៣​លាន​នាក់ ៕

ព័ត៌មានផ្សេងទៀត