ការតវ៉ា​​ក្នុងប្រទេស​​ឥណ្ឌូនេស៊ី​​បណ្ដាលឲ្យ​​មនុស្ស​ស្លាប់​តិ​ចណាស់​​២៦​នាក់​

24-09-2019 2:44 pm 222

​យ៉ាងតិចណាស់​មនុស្ស​២៦​នាក់​ត្រូវ​បានសម្លាប់ នៅក្នុង​ការតវ៉ា​ដែល​ទើប​កើតឡើង​ជាថ្មី​ក្នុង​តំបន់​Papua​នៃ​ប្រទេស​ឥណ្ឌូនេស៊ី នេះ​បើតាម​ការបញ្ជាក់​ពី​អាជ្ញាធរ​នៅ​ថ្ងៃទី​២៤​កញ្ញា​។ ស្របពេល​ជាមួយគ្នា​មនុស្ស​រាប់ពាន់នាក់​ទៀត​បាន​ជម្លៀស​ទៅ​ស្នាក់នៅ​ក្នុង​ជម្រក​បណ្ដោះអាសន្ន បន្ទាប់ពី​មាន​អំពើហិង្សា​កើតឡើង​ដោយមាន​មនុស្ស​ត្រូវបាន​ដុត​ឲ្យស្លាប់​ទាំងរស់​។​

​ខេត្ដ​Papua​លាតសន្ធឹង​ពាក់កណ្ដាល​ខាងលិច​នៃ​កោះ​New Guinea បាន​ធ្លាក់​ក្នុង​ការតវ៉ា​ដោយ​ហិង្សា​អស់​រយៈពេល​ជាច្រើន​សប្ដាហ៍​មកហើយ ជុំវិញ​កំហឹង​ព្រោះតែ​ការរើសអើង​ជាតិ​សាសន៍ និង​ការអំពាវនាវ​សម្រាប់​ការគ្រប់គ្រង​ដោយ​ខ្លួនឯង​ក្នុង​ទឹកដី​ក្រីក្រ​មួយ​នេះ​។ មនុស្ស​ចំនួន​២២​នាក់​បាន​ស្លាប់​នៅក្នុង​ទីក្រុង​Wamena ជា​កន្លែង​មាន​ក្រុមបាតុករ​រាប់ពាន់នាក់​នាំគ្នា​ដុតបំផ្លាញ​អគារ​រដ្ឋាភិបាល និង​អគារ​ជាច្រើន​ទៀត​កាលពី​ថ្ងៃ​ចន្ទ​។ រីឯ​ជនរងគ្រោះ​ខ្លះ​បាន​ស្លាប់​ដោយ​ភ្លើង​ឆេះ​នៅ​កន្លែង​ផ្សេង ក្រៅពីនេះ​ទាហាន​ម្នាក់​និង​ជន​ស៊ីវិល​៣​នាក់​បាន​ស្លាប់​ក្នុង​រដ្ឋធានី​Jayapura ជា​ទីតាំង​ប៉ូលិស​ប៉ះទង្គិច​ជាមួយ​ក្រុមបាតុករ​គប់​ដុំថ្ម​កាលពី​ថ្ងៃ​ចន្ទ​។​

​ចំណែក​មនុស្ស​រងរបួស​មាន​ចំនួន​៧០​នាក់ និង​មាន​មនុស្ស​ប្រមាណ​៧០០​នាក់​ត្រូវបាន​អាជ្ញាធរ​ឃុំខ្លួន​ដើម្បី​សាកសួរ ពាក់ព័ន្ធ​នឹង​អំពើ​កុបកម្ម​ដែល​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​។ មេបញ្ជាការ​យោធា​ប្រចាំ​តំបន់​បាន​បញ្ជាក់ប្រាប់​អ្នកសារព័ត៌មាន​ថា អ្នកខ្លះ​ត្រូវបាន​ភ្លើង​ឆេះ​ស្លាប់ អ្នកខ្លះ​ត្រូវគេ​កាប់​រហូតដល់​ស្លាប់​។  អាជ្ញាធរ​បន្ថែមថា​ជន​រងគ្រោះ​ភាគច្រើន​នៅក្នុង​ទីក្រុង​Wamena មិនមែនជា​ជនជាតិ​ប៉ា​ពួរ​ទេ​។ ភាគច្រើន​នៃ​ការប៉ះទង្គិច​គ្នា​ថ្មីៗ​នេះ កើតឡើង​រវាង​ក្រុមបាតុករ​បំបែក​ខ្លួន​ជាមួយនឹង​កងកម្លាំង​សន្ដិសុខ​ឥណ្ឌូនេស៊ី​។​

​ការតវ៉ា​កើតឡើង​ជាច្រើន​សប្ដាហ៍​នៅ​Papua​និង​តំបន់​មួយចំនួនទៀត​នៃ​ប្រទេស​ឥណ្ឌូនេស៊ី បន្ទាប់ពី​មាន​ការចាប់ខ្លួន​មនុស្ស​កាលពី​ពាក់កណ្ដាល​ខែសីហា និង​បាន​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក​លើ​សិស្ស​ប៉ា​ពួរ​ជាច្រើន​នាក់ ដែល​ត្រូវបាន​គេ​រំលោភបំពាន​ជាតិ​សាសន៍ នៅក្នុង​ទីក្រុង​Surabaya​ជា​ទីក្រុង​ធំ​ទី​ពីរ​របស់​ឥណ្ឌូនេស៊ី​៕

 ពាក្យគន្លឹះ  ឥណ្ឌូនេស៊ីការតវ៉ា

ព័ត៌មានផ្សេងទៀត