អង្គការ​​លើកលែងទោស​​អន្ដរជាតិ​​អំពាវនាវ​ឲ្យ​​ហុង​កុង​ស៊ើបអង្កេត​​សកម្មភាព​​ប៉ូលិស​

24-09-2019 11:02 am 242

​អង្គការ​លើកលែងទោស​អន្ដរជាតិ​នៅ​ថ្ងៃទី​២៤​កញ្ញា​នេះ បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ហុងកុង​ត្រូវ​ស៊ើបអង្កេត​លើ​ការប្រើប្រាស់​កម្លាំង​ប៉ូលិស ក្នុងអំឡុងពេល​មាន​ការតវ៉ា​រយៈពេល​ជិត​បួន​ខែ​មកនេះ និង​បាន​ទទូច​ឲ្យ​ទីក្រុង​ប៉េកាំង​ត្រូវ​ធានា​ពី​សិទ្ធិ​ក្នុង​ការជួបជុំ​ដោយ​សន្ដិភាព​របស់​ក្រុម​តវ៉ា​។ មាន​ការតវ៉ា​ដោយ​សន្ដិភាព​ជាច្រើន​បានប្រែក្លាយ​ទៅជា​ការប៉ះទង្គិច រវាង​ក្រុមបាតុករ​និង​ប៉ូលិស​ដែល​ឆ្លើយតប​ជាមួយ​ការបាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក កាណុង​បាញ់​ទឹក និង​កាំភ្លើង​គ្រាប់​ជ័រ​ជាដើម​។​

​ប៉ូលិស​ដែល​ត្រូវបាន​គេ​ឃើញ​វាយដំ​ទៅលើ​ក្រុម​តវ៉ា​ផង​នោះ បាន​និយាយថា​ពួកគេ​បាន​អត់ធ្មត់​យ៉ាងខ្លាំង​ចំពោះ​ការតវ៉ា​នៅលើ​ដងផ្លូវ ស្របពេល​កំពុង​ជួបនឹង​អំពើហិង្សា ក្នុងនោះ​ដូចជា​នៅពេល​ក្រុម​តវ៉ា​គប់​គ្រាប់បែក​សាំង​លើ​ប៉ូលិស​ជាដើម​។ 

​ប្រធានការិយាល័យ​អង្គការ​លើកលែងទោស​អន្ដរជាតិ​ប្រចាំ​តំបន់​អាស៊ី​ខាងកើត បានបញ្ជាក់​ក្នុង​របាយការណ៍​មួយ​ថា ការបញ្ជាឲ្យ​បើ​កការស៊ើបអង្កេត​ដោយ​ឯករាជ្យ និង​មាន​ប្រសិទ្ធភាព​គឺជា​ជំហាន​ដំបូង​។ អាជ្ញាធរ​ហុងកុង​ត្រូវតែ​បង្ហាញថា ពួកគេ​មាន​គោលបំណង​ក្នុង​ការការពារ​សិទ្ធិមនុស្ស​នៅ​ហុងកុង បើទោះបីជា​ករណីនេះ​រុញច្រាន​ឲ្យ​ប្រឆាំងនឹង​បន្ទាត់​ក្រហម​របស់​ក្រុង​ប៉េកាំង​ក៏ដោយ​។ 

​ការតវ៉ា​ដែល​កើតឡើង​ដំបូង​ដោយសារ​ប្រឆាំងនឹង​សេចក្ដីព្រាងច្បាប់​ធ្វើ​បត្យាប័ន​ជាមួយ​ចិន មាន​ការអំពាវនាវ​កាន់តែខ្លាំង​ស្វែងរក​លទ្ធិប្រជាធិបតេយ្យឲ្យហុ​ង​កុង និង​ទាមទារ​ឲ្យមាន​ការស៊ើបអង្កេត​ដោយ​ឯករាជ្យ​លើ​សកម្មភាព​របស់​ប៉ូលិស​។ ក្រុម​សកម្មជន​ក៏​ខកចិត្ដ​ជា​ខ្លាំងចំពោះ​អ្វីដែល​ពួកគេ​យល់ឃើញថា មានការ​រឹតបន្ដឹង​កាន់តែខ្លាំង​ពី​សំណាក់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​មកលើ​ហុងកុង ជា​អតីត​អាណានិគម​ចក្រភព​អង់គ្លេស​មាន​ប្រព័ន្ធគ្រប់គ្រង​ដាច់ដោយឡែក​ពី​ប្រទេស​ចិន​។ ចិន​ប្រើប្រាស់​ប្រទេសមួយ​ប្រព័ន្ធ​ពីរ​សម្រាប់​គ្រប់គ្រង​ហុងកុង មានន័យថា​ចិន​ដឹកនាំ​តាមបែប​កុម្មុយនីស្ដ រីឯ​ហុងកុង​ដឹកនាំ​តាមបែប​ប្រជាធិបតេយ្យ​។​

​សម្រាប់​ប្រទេស​ចិន​បាន​និយាយថា ខ្លួន​ប្ដេជ្ញាចិត្ដ​ចំពោះ​ការរៀប​ចំដែល​ធានា​នូវ​សេរីភាព ក្នុងនោះ​មាន​ទាំង​សិទ្ធិ​ក្នុង​ការប្រមូលផ្ដុំ​និង​ប្រព័ន្ធតុលាការ​ឯករាជ្យ​ផងដែរ ប៉ុន្ដែ​ចិន​សូម​បដិសេធ​ដាច់ខាត​មិន​ឲ្យមាន​ការជ្រៀតជ្រែ​ក​ពី​អន្ដរជាតិ​ឡើយ​៕

ព័ត៌មានផ្សេងទៀត