​វិនិយោគិន​ជប៉ុន​​មក​ស្វែងរក​ឱកាស​វិនិយោគ​​លើ​គម្រោង​មួយចំនួន​នៅ​កម្ពុជា​​

23-09-2019 4:28 pm 113

​ក្រសួង​បរិស្ថាន បាន​ឱ្យ​ដឹងថា ប្រតិភូ​វិនិយោគិន​ជប៉ុន ដែលមាន​តំណាង​ក្រុមហ៊ុន​ចំនួន​៧ ចូល​ជួបពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន លោក​សាយ សំ​អាល់ នៅ​ថ្ងៃទី​២២ ខែ​កញ្ញា ឆ្នាំ​២០១៩ ដើម្បី​ស្វែងរក​ឱកាស​វិនិយោគ​លើ​គម្រោង​ថាមពល​កកើត​ឡើងវិញ ប្រព្រិត្តឹកម្ម​សំណល់​រឹង​-​រាវ ឧស្សាហកម្ម​ឈើ អាហារ​សុខភាព និង​ការថែទាំ​មនុស្ស​ចាស់​នៅ​កម្ពុជា​។ 

​ក្នុងឱកាស​នោះ លោក សាយ សំ​អាល់ បាន​បញ្ជាក់ប្រាប់​អំពី​សក្តានុពល​សេដ្ឋកិច្ច​របស់​កម្ពុជា និង​គោលនយោបាយ​រាជរដ្ឋាភិបាល​ក្នុង​ការគាំទ្រ​អ្នកវិនិយោគ​បរទេស រួមទាំង​គម្រោង​គ្រប់គ្រង​បរិស្ថាន ការការពារ និង​អភិរក្ស​ជីវៈចម្រុះ​នៅ​កម្ពុជា ហើយ​លោក​ក៏​បានលើកឡើង​ពី​លទ្ធភាព​រៀបចំ​សំណើ​គម្រោង​វិនិយោគ​នៅក្រោម "​យន្តការ​ឥណទាន​កាបូន​រួមគ្នា​" (Joint Crediting Mechanism: JCM) ផងដែរ​។​

​ក្រសួង​បរិស្ថាន បាន​បញ្ជាក់ថា កម្ពុជា​បាន​ចូលរួម​ក្នុង JCM តាំងពី​ឆ្នាំ​២០១៤ ហើយ​បច្ចុប្បន្នកំពុង​អនុវត្ត​ដោយ​ជោគជ័យ​នូវ​គម្រោង ដែល​ប្រើ​បច្ចេកវិទ្យា​ជប៉ុន​ទំនើបៗ​ចំនួន​៦ ទាក់ទង​នឹង​ការបំភ្លឺ​ផ្លូវ​សាធារណៈ ការផលិត​អគ្គិសនី​ពី​ពន្លឺព្រះអាទិត្យ ប្រសិទ្ធភាព​ថាមពល ការការពារ និង​អភិរក្ស​ធនធានធម្មជាតិ​។ 

​ក្នុងជំនួប​ពិភាក្សា​នោះដែរ ប្រធាន​តំណាង​ក្រុមហ៊ុន Green Power Techno បាន​ប្រគល់ជូន​នូវ​ម៉ាស៊ីន​ចំហេះ​ក្រៅ "sterling engine" ចំនួន​២​គ្រឿង ជូន​ក្រសួងបរិស្ថាន ហើយ​ក្រុមហ៊ុន Angkor Bio Cogen ក៏បាន​ប្រគល់ជូន​នូវ​វិញ្ញាបនបត្រ​ឥណទាន​កាបូ​ន ដែល​មានតម្លៃ ២០០០ តោន​សមមូល​ឧស្ម័ន​កាបូ​និក​ផងដែរ​៕


ព័ត៌មានផ្សេងទៀត