ក្រុមហ៊ុន​ទេសចរណ៍​​អាយុ​១៧៨​​ឆ្នាំ​​របស់​អង់គ្លេស​​ត្រូវ​ក្ស័យធន​​នៅ​ថ្ងៃ​២៣​កញ្ញា​នេះ​

23-09-2019 4:16 pm 255

ក្រុមហ៊ុន​ទេសចរណ៍​ល្បីឈ្មោះ​របស់​អង់គ្លេស​Thomas Cook បាន​ក្ស័យធន​នៅ​ថ្ងៃទី​២៣​កញ្ញា​នេះ បន្ទាប់ពី​បរាជ័យ​ក្នុង​ការស្វែងរក​ជំនួយ​មក​ទ្រទ្រង់​ក្រុមហ៊ុន​ឡើងវិញ​។ ក្រុមហ៊ុន​ដែល​បម្រើ​ទាំង​សេវាកម្ម​ទេសចរណ៍​និង​ការហោះហើរ​ផង​នោះ  បាន​ជួប​វិបត្ដិ​ហិរញ្ញវត្ថុ​ធ្ងន់ធ្ងរ​មិនអាច​ស្រោចស្រង់​បាន ហើយ​ទីបំផុត​ក៏ត្រូវ​ដួលរលំ​បែបនេះ​តែម្ដង ខណៈ​អ្នកធ្វើដំណើរ​កម្សាន្ដ​ទៅ​ក្រៅប្រទេស​តាមរយៈ​ក្រុមហ៊ុន កំពុង​ជាប់គាំង​នៅ​ក្រៅប្រទេស​រាប់ពាន់នាក់​។​

​អាជ្ញាធរ​អាកាសចរណ៍​ស៊ីវិល​អង់គ្លេស​បានឲ្យដឹងថា ការ​ក្ស័យធន​របស់​ក្រុមហ៊ុន​Thomas Cook បានធ្វើឲ្យ​អ្នកដំណើរ​ប្រមាណ​៦​សែន​នាក់ ក្នុងនោះ​មាន​ជនជាតិ​អង់គ្លេស​ជាង​១៥​ម៉ឺន​នាក់​កំពុង​ជាប់​នៅ​ក្រៅប្រទេស​។ យ៉ាងណាមិញ​រដ្ឋាភិបាល​អង់គ្លេស​បាន​ពិភាក្សា​ជាមួយ​អាជ្ញាធរ​អាកាសចរណ៍​ស៊ីវិល ដើម្បី​ចេញថ្លៃ​ដឹកជញ្ជូន​សម្រាប់ឲ្យ​ពលរដ្ឋ​អង់គ្លេស​ត្រឡប់មកផ្ទះ​វិញ​។ រីឯ​នៅ​អាល្លឺម៉ង់​ដែលជា​ទីផ្សារ​ដ៏​ធំ​មួយ​របស់​ក្រុមហ៊ុន​Thomas Cook ក៏​នឹងមាន​ក្រុមហ៊ុន​ធានារ៉ាប់រង​ជាច្រើន​ជួយ​រៀបចំ​ដោះស្រាយ​ដែរ ពិសេស​គឺ​រៀបចំ​ឲ្យ​អ្នកដើរ​កម្សាន្ដ​តាមរយៈ​ក្រុមហ៊ុន​អាច​ត្រប់​មក​ផ្ទះ​វិញ​បាន​គ្រប់គ្នា​។​

​ការដួលរលំ​របស់​ក្រុមហ៊ុន​Thomas Cook បានធ្វើឲ្យ​បាត់​បង់ការងារ​ចំនួន​២២,០០០​កន្លែង​នៅ​ទូទាំង​ពិភពលោក ក្នុងនោះ​មាន​៩​ពាន់​កន្លែង​នៅ​ចក្រភព​អង់គ្លេស​។ មុនពេល​ដួលរលំ​ក៏មាន​ការស្នើសុំ​ថវិកា​សង្គ្រោះ​ពី​រដ្ឋាភិបាល​អង់គ្លេស​ចំនួន​២៥០​លាន​ផោន​ផងដែរ ប៉ុន្ដែ​សំណើ​ត្រូវបាន​បដិសេធ​។ ក្រុមហ៊ុន​បាន​ធ្លាក់​ក្នុង​បំណុល​វ័ណ្ដ​ក ដែល​ត្រូវ​ធ្លាក់ខ្លួន​បន្ដិច​ម្ដងៗ​រហូត​ទទួលលទ្ធផល​ដូច​ពេលនេះ​។​

​សូមបញ្ជាក់ថា ក្រុមហ៊ុន​ទេសចរណ៍​Thomas Cook បាន​បង្កើតឡើង​ក្នុង​ឆ្នាំ​១៨៤១ ជា​ក្រុមហ៊ុន​រៀបចំ​សម្រាប់​ការធ្វើដំណើរ​កម្សាន្ដ​ដ៏​ទំនើប​មួយ​។ បើ​គិតដល់​បច្ចុប្បន្ន​ក្រុមហ៊ុន​ដែលមាន​ទាំង​សេវាកម្ម​ដឹកជញ្ជូន​តាម​យន្ដហោះ​មួយ​នេះ មាន​អាយុកាល​១៧៨​ឆ្នាំ​ហើយ​។ វា​គឺជា​រឿង​សោកស្ដាយ​មួយ​ដែល​ត្រូវ​បាត់បង់​ក្រុមហ៊ុន​វ័យ​ចំណាស់​នេះ ប៉ុន្ដែ​កិច្ចខិតខំ​ដើម្បី​ស្វែងរក​ជំនួយ​មក​ស្រោចស្រង់ បាន​ធ្វើឡើង​អស់​លទ្ធភាព​ហើយ​ដែរ មាន​ទាំង​ការចូលរួម​ពី​ម្ចាស់​ភាគហ៊ុន​ទៀត នៅតែ​មិនអាច​សម្រេចបាន​កិច្ចព្រមព្រៀង​ផ្ដល់ជំនួយ ជាហេតុ​ធ្វើឲ្យ​ក្រុមហ៊ុន​ប្រកាស​ក្ស័យធន​នៅព្រឹក​ថ្ងៃទី​២៣​កញ្ញា​នេះ​៕

ព័ត៌មានផ្សេងទៀត