លោក​ផៃ ស៊ីផា​ន បកស្រាយ​ជុំវិញ​វត្តមាន​ឯកអគ្គរដ្ឋទូត​អាមេរិក​ថ្មី​ប្រចាំ​កម្ពុជា​

23-09-2019 3:48 pm 253
  ស្តាប់
ស្តាប់ជាសំឡេង

​លោក​ផៃ ស៊ីផា​ន ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល បាន​ស្រាយ​បំភ្លឺ ក្រោយ​ពី​បណ្តាញ​សារព័ត៌មាន​មួយចំនួន បាន​ផ្សព្វផ្សាយ​ធ្វើឲ្យ​មាន​ការភ័ន្តច្រឡំ ពីអ្វី​ដែល​ជា​ខ្លឹមសារ នៃ​សន្និសីទ​សារព័ត៌មាន ដែល​បាន​រៀបចំ​ឡើង ដោយ​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១៩ ខែកញ្ញា​កន្លងទៅនេះ​។

​លោក​ផៃ ស៊ីផា​ន បានបញ្ជាក់​ថា រាជរដ្ឋាភិបាល​នៅតែ​បង្ហាញ​ជំហរ​យ៉ាង​មុតមាំ ចំពោះ​កិច្ច​សហប្រតិបត្តិការ និង​ទំនាក់ទំនង​ល្អ​រវាង​កម្ពុជា​-​អាមេរិក​។ កិច្ចសហការ​ជិតស្និទ្ធ និង​ជា​ប្រវត្តិសាស្ត្រ​របស់​ប្រជាជាតិ​ទាំងពីរ​នេះ នៅ​តែ​បង្ហាញ​ភាព​សកម្ម និង​ជិតស្និទ្ធ​ជា​ច្រើន​វិស័យ ដូច​ក្នុង​វិស័យ​ដោះមីន និង​វិស័យ​អប់រំ កសិកម្ម បេតិក​ភ័​ណ្ឌ និង​រួម​គ្នា​ប្រឆាំង​អំពើ​ភេរវកម្ម​ជាដើម​។​

​លោក​បន្ថែមថា កម្ពុជា​សូម​ស្វាគមន៍​ចំពោះ​វត្តមាន នៃ​ការ​អញ្ជើម​មកដល់​របស់ ឯកអគ្គរដ្ឋទូត Patrick Murphy ជា​តំណាង​ប្រជាជាតិ​អាមេរិក​ប្រចាំ​កម្ពុជា​។ វត្ត​មាន​នេះ នៅ​តែ​បង្ហាញ​បំណង​មេត្រីភាព និង​សហប្រតិបត្តិការ​រវាង​ប្រជាជាតិ​ទាំងពីរ ដោយ​ឈរ​លើ​គោលការណ៍​នៃ​ការគោរព​គ្នា​ទៅវិញទៅមក និង​អធិបតេយ្យភាព​ជារួម​។​

​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​រូប​នេះ បាន​បន្តថា ផ្លែផ្កា​នៃ​បេសកកម្ម​របស់ ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ថ្មី​នេះ គឺជា​បំណង​ដ៏​ឧត្តុង្គឧត្តម​របស់​ប្រជាពលរដ្ឋ​កម្ពុជា ក៏ដូចជា​រាជរដ្ឋាភិបាល​ក្នុង​ដំណើរការ​នៃ​កិច្ចសហប្រតិបត្តិការ និង​ទំនាក់ទំនង​ល្អ​រវាង​ប្រជាជាតិ​ទាំងពីរ​។

​ផលប្រយោជន៍ និង​ទស្សនៈ​យល់ឃើញ របស់​អ្នកសិក្សា​ស្រាវជ្រាវ ដែល​បាន​លើកឡើង​នៅ​សន្និសីទ​សារព័ត៌មាន​នោះ គឺ​គ្រាន់តែ​ជា​សិទ្ធិ​នៃ​ការ​បញ្ចេញយោបល់ មិនមែនជា​ជំហរ​របស់​រាជរដ្ឋាភិបាល​ឡើយ ។​
​អង្គភាព​អ្នកនាំពាក្យ សូម​ស្វាគមន៍ ចំពោះ​អគ្គរដ្ឋទូត​សហរដ្ឋអាមេរិក ក្នុង​បេសកកម្ម​ការទូត​នៅ​កម្ពុជា​៕

ព័ត៌មានផ្សេងទៀត