ប្រធានាធិបតី​​អ៊ីស្រាអែល​​ចាប់ផ្ដើម​​កិច្ចពិភាក្សា​​ជ្រើសរើស​​នាយករដ្ឋមន្ដ្រី​ថ្មី​

23-09-2019 3:22 pm 216
កិច្ចពិភាក្សា​ដឹកនាំដោយប្រធានាធិបតីអ៊ីស្រាអែល

​ប្រធានាធិបតី​អ៊ីស្រាអែល​លោក​រ៉េ​វេន រ៉ី​វ​លីន​(Reuven Rivlin) បានចាប់ផ្ដើម​កិច្ចពិភាក្សា​មួយ​កាលពី​ថ្ងៃអាទិត្យ ដើម្បី​ពិគ្រោះ​យោបល់​ជាមួយ​គណបក្ស​ដែល​ត្រូវបាន​ជ្រើសរើស​ទាំងអស់ មុនពេល​លោក​សម្រេច​ថា​នរណា​នឹងត្រូវ​ទទួល​តំណែង​បង្កើត​រដ្ឋាភិបាល​ថ្មី ចន្លោះពេល​ស្ថានការណ៍​នយោបាយ​កំពុង​ជាប់គាំង​ក្រោយ​ការបោះឆ្នោត​លើក​ទី​ពីរ​។ កិច្ចពិភាក្សា​រយៈពេល​ពី​រ​ថ្ងៃ​បានចាប់ផ្ដើម​ជាមួយនឹង​លោក​បេន​នី ហ្គែ​ន មេដឹកនាំ​គណបក្ស​ខៀវ​និង​ស​។ ការបោះឆ្នោត​កាលពី​ថ្ងៃ​អង្គារ​សប្ដាហ៍​មុន មេដឹកនាំ​គណបក្ស​កណ្ដាល​និយម​រូបនេះ បានឈ្នះ​ទាំង​ប្រផិតប្រផើយ​លើ​គណបក្ស​លី​គួដ របស់លោក​នាយករដ្ឋមន្ដ្រី​បេន​ចា​មីន នេ​តាន់​យ៉ា​ហ៊ូ​។ 

​ក្រោយពី​លទ្ធផល​បានបង្ហាញ​លោកនេតា​ន់​យ៉ា​ហ៊ូ បានស្នើ​ទៅ​លោក​បែន​នី​ដើម្បី​រូ​ម​គ្នា​បង្កើត​រដ្ឋាភិបាល​សហ​ព័ន្ធ ប៉ុន្ដែ​ពុំទាន់​មាន​ការឆ្លើយតប​យ៉ាងណាទេ ជាហេតុ​ធ្វើឲ្យ​ដំណើរការ​ឆ្ពោះទៅ​បង្កើត​រដ្ឋាភិបាល​ថ្មី​ត្រូវ​ជាប់គាំង​ដែរ​។ ស្ថានភាព​នេះ​ជំរុញ​ឲ្យ​លោក​ប្រធានាធិបតី​ជួបពិភាក្សា​ជាមួយ​គណបក្ស​ដែលមាន​អាសនៈ​ក្នុង​សភា ដើម្បី​ពិគ្រោះ​យោបល់​លើ​ការជ្រើសរើស​អ្នក​ព្រមព្រៀង​ចាប់ដៃ​បង្កើត​រដ្ឋាភិបាល​ថ្មី​បាន​។ លោក​ប្រធានាធិបតី​នឹង​ស្ដាប់​នូវ​ការបញ្ជាក់​ពី​គណបក្ស​ដែល​ព្រម​ចង​សម្ព័ន្ធ ពី​ការជ្រើសរើស​បេក្ខភាព​នាយករដ្ឋមន្ដ្រី​ថ្មី​៕

ព័ត៌មានផ្សេងទៀត