ពិព័រណ៍​ចិន​-​អាស៊ាន​ឆ្នាំ​២០១៩​នឹង​ផ្តល់​ប្រយោជន៍​ថ្មី​បន្ថែម​សម្រាប់​ផលិតផល​កម្ពុជា​

23-09-2019 11:50 am 107
  ស្តាប់
ស្តាប់ជាសំឡេង

​លោក ប៉ាន សូរ​ស័ក្តិ  រដ្ឋមន្ត្រី​ពាណិជ្ជកម្ម បាន​លើកឡើង​ថា ពិព័រណ៍​ចិន​-​អាស៊ាន​លើ​ក​ទី​១៦ ឆ្នាំ​២០១៩ ដែល​ធ្វើឡើង​នៅ​ទីក្រុង​ណាន​នី​ង ប្រទេស​ចិន នឹង​នាំមក​នូវ​កាលានុវត្តភាព​ថ្មី​បន្ថែមទៀត សម្រាប់​ផលិតផល​របស់​កម្ពុជា​។

​ថ្លែង​ក្នុង​កិច្ចសម្ភាសន៍​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចិន លោក​ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា បាន​មានប្រសាសន៍ថា ឆ្នាំ​២០១៩​នេះ កម្ពុជា បាន​ដឹកនាំ​ពាណិជ្ជករ​មក​ចូលរួម​មាន​ចំនួន ៩៩​ក្រុមហ៊ុន និង​មាន​ស្តង់​សរុប​ចំនួន ១៤៥​ស្តង់​។ ក្នុងនោះ​ស្តង់​ផលិតផល​កសិកម្ម​មាន​ចំនួន ៤១​ស្តង់ ស្មើ​២៨%, សេវាកម្ម និង​គម្រោង​វិនិយោគ ២៨​ស្តង់ ស្មើ​១៩%, ម្ហូបអាហារ និង​ភេសជ្ជ​: ២២​ស្តង់ ស្មើ​១៥%, សិប្បកម្ម ៣៥​ស្តង់ ស្មើ​២៤% និង​ផលិតផល​វត្ថុ​អនុស្សាវរីយ៍ ចំនួន ១៩​ស្តង់ ស្មើនឹង ១៣%​។​

​លោក ប៉ាន សូរ​ស័ក្តិ បាន​លើកឡើង​បន្ត​ថា ពិព័រណ៍​ចិន​-​អាស៊ាន ជា​វេទិកា​សេដ្ឋកិច្ច​តំបន់​ដ៏​សំខាន់ ក្នុង​ការផ្លាស់ប្តូរ​ពាណិជ្ជ​កម្ម និង​វិនិយោគ វប្បធម៌ ទំនាក់ទំនង​ការទូត និង​ទំនាក់ទំនង​រវាង​ប្រជាជន និង​ប្រជាជន​។ វេទិកា​នេះ នឹង​ជួយ​ជំរុញ​សហគមន៍​អាស៊ាន និង​ចិន ឱ្យ​សម្រេចបាន​នូវ​ចក្ខុវិស័យ​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​រវាង​ចិន​-​អាស៊ាន នា​ឆ្នាំ​២០៣០​ខាងមុខ​។​

​លោក​រដ្ឋមន្ត្រី បាន​សង្កត់ធ្ងន់ថា ភាគី​ចិន និង​អាស៊ាន បាន​ប្តេជ្ញា​ពង្រឹង​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម និង​កសាង​សហគមន៍​មួយ​សម្រាប់​អនាគត​រួមគ្នា​។ ពិសេស​តាមរយៈ​ការចូលរួម​ពិព័រណ៍​ចិន​-​អាស៊ាន លើក​ទី​១៦ ឆ្នាំ​២០១៩​នេះ កម្ពុជា នឹង​មាន​កាលានុវត្តភាព​បន្ថែមទៀត ក្នុង​ការជំរុញ​ការនាំចេញ​ផលិតផល​សក្តានុពល​កម្ពុជា ជាពិសេស​ផលិតផល​កសិកម្ម​ដែល​ជា​ផលិតផល​អាទិភាព​របស់​កម្ពុជា ចូល​ទីផ្សារ​ចិន និង​អាស៊ាន​។​

​សូមបញ្ជាក់​ថា ពិព័រណ៍​ចិន​-​អាស៊ាន ជា​ព្រឹត្តិការណ៍​ប្រចាំ​ឆ្នាំ​ដ៏​ធំ​របស់​រដ្ឋបាល​តំបន់​ស្វយ័ត​ខេត្ត​ក្វាង​ស៊ី ប្រទេស​ចិន ដែល​បាន​រៀបចំ​លើកដំបូង​នៅ​ក្នុង​ឆ្នាំ​២០០៤ តាម​គំនិត​ផ្តួចផ្តើម​របស់​លោក វិន ជា​បាវ អតីត​នាយករដ្ឋមន្ត្រី​ចិន នៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​ចិន លើក​ទី​៧ ហើយ​ទទួលបាន​ការគាំទ្រ​ពី​បណ្តា​មេដឹកនាំ​នៃ​ប្រទេស​អាស៊ាន​ទាំង​អស់​៕


ព័ត៌មានផ្សេងទៀត