អាមេរិក​ថា​​បេសកកម្ម​​នៅ​អា​រ៉ាប៊ីសាអូឌីត​ដើម្បី​​គេច​ពី​សង្គ្រាម​​ជាមួយ​អ៊ីរ៉ង់​

23-09-2019 11:41 am 214

​រដ្ឋមន្ដ្រី​ក្រសួងការបរទេស​អាមេរិក​លោក​ម៉ៃ ផុម​ភី​អូបាន​និយាយកាល​ពី​ថ្ងៃអាទិត្យ​ថា សហរដ្ឋអាមេរិក​មាន​គោលបំណង​ចៀសវាង​សង្គ្រាម​ជាមួយ​អ៊ីរ៉ង់ ហើយ​កងទ័ព​បន្ថែម​ដែល​បញ្ជូនទៅ​ដាក់ពង្រាយ​នៅ​តំបន់​ឈូង​សមុទ្រ គឺ​សម្រាប់​ទប់ស្កាត់​និង​ការពារ​ការវាយប្រហារ​ប៉ុណ្ណោះ​។ ថ្លែងប្រាប់​សារព័ត៌មាន​Fox News​លោក​ផុម​ភី​អូ​គូសបញ្ជាក់ថា លោក​ជឿជាក់​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ នឹង​ចាត់វិធានការ​ណាមួយ​ប្រសិនបើ​ការរារាំង​បែបនេះ​ត្រូវ​បរាជ័យ​។​

“​បេសកកម្ម​របស់​យើង​គឺ​ដើម្បី​ចៀស​ពី​សង្គ្រាម​។ អ្នក​បានឃើញ​ហើយពី​អ្វីដែល​លោក​រដ្ឋមន្ដ្រី​អេ​ស្ពឺ​បានប្រកាស​កាលពី​ថ្ងៃ​សុក្រ គឺ​យើង​បន្ថែម​កងកម្លាំង​ទ័ព​ទៅ​ទីនោះ​ក្នុង​គោលបំណង​ទប់ស្កាត់​ការ​បង្កហេតុ​និង​ដើម្បី​ការពារ​ខ្លួន​តែប៉ុណ្ណោះ​។​” នេះ​ជាការ​បញ្ជាក់បន្ថែម​រប​ស់លោ​កផុម​ភី​អូ​។ លោក​និយាយថា​ទីក្រុង​វ៉ាស៊ីនតោន​កំពុង​ចាត់វិធានការ​ដើម្បី​ទប់ទល់​ជាមួយ​ទី​ក្រុងតេអេ​រ៉ង់ ប៉ុន្ដែ​លោក​ត្រាំ​នឹងមាន​វិធានការ​ថ្មី​ប្រសិន​អ៊ីរ៉ង់​មិន​ផ្លាស់ប្ដូរ​ឥរិយាបថ​។​

​ភាព​តានតឹង​រវាង​អាមេរិក​និង​អ៊ីរ៉ង់​បាន​កើនឡើង​ខ្លាំង បន្ទាប់ពី​មាន​ការវាយប្រហា​រលើ​រោងចក្រ​ប្រេង​អា​រ៉ាប៊ីសាអូឌីត​កាលពី​ថ្ងៃ​ទី​១៤​ខែ​កញ្ញា​។ ការវាយប្រហារ​ត្រូវបាន​ក្រុម​ឧទ្ទាម​ហូ​ធី​នៅ​យេមែន​ចេញមុខ​ទទួលខុសត្រូ​វ ដោយ​ក្រុម​នេះ​ទទួលបាន​ការគាំទ្រ​ពី​អ៊ីរ៉ង់​។ ប៉ុន្ដែ​អ៊ីរ៉ង់​បដិសេធថា​មិន​ពាក់ព័ន្ធ​នឹង​ការវាយប្រហារ​ឡើយ ទោះបី​អាមេរិក​និង​អា​រ៉ាប៊ីសាអូឌីត​ចោទថា​ជា​មេក្លោង​ក៏ដោយ​។ ការវាយប្រហារ​បាន​ធ្វើឲ្យប៉ះពាល់​ដល់​ផលិតផល​ប្រេង​ពាក់កណ្ដាល​របស់​អា​រ៉ាប៊ីសាអូឌីត ក្នុងនាម​ជា​ប្រទេស​នាំចេញ​ប្រេង​ដ៏​ធំ​មួយ​ក្នុង​ពិភពលោក​។ 

​សហរដ្ឋអាមេរិក​បាន​ដាក់ទណ្ឌកម្ម​បន្ថែម​លើ​អ៊ីរ៉ង់ គឺ​ដាក់ទណ្ឌកម្ម​លើ​ធនាគារកណ្ដាល​អ៊ីរ៉ង់ ស្របពេល​មន្ទីរ​បញ្ច​កោណ​ថា​កំពុង​បញ្ជូន​ទ័ព​ទៅ​អា​រ៉ាប៊ីសាអូឌីត ដើម្បី​បង្កើន​ការការពារ​ដែនអាកាស​និង​ការពារ​ការវាយប្រហារ​ពី​មី​ស៊ី​ល​។ រដ្ឋមន្ដ្រី​រតនាគា​រអា​មេរិក​លើកឡើងថា ការវាយប្រហារ​លើ​រោងចក្រ​ប្រេង​អា​រ៉ាប៊ីសាអូឌីត គឺជា​ការវាយប្រហារ​លើ​ប្រព័ន្ធ​សេដ្ឋកិច្ចពិភពលោក​។ ដូច្នេះ​លោក​រំពឹង​ប្រទេស​ដែល​ភ្ជាប់​ខ្លួន​នឹង​ប្រព័ន្ធ​ប្រាក់​ដុល្លារ​អាមេរិក គោរព​តាម​ការដាក់ទណ្ឌកម្ម​លើ​ប្រទេស​អ៊ីរ៉ង់​៕

ព័ត៌មានផ្សេងទៀត