ប្រទេស​ចិន​ឈរ​ក្នុង​លំដាប់​ទី​១​នៃ​ការវិនិយោគ​នៅ​កម្ពុជា​

22-09-2019 10:54 am 162
  ស្តាប់
ស្តាប់ជាសំឡេង

​ប្រទេស​ចិន​ឈរ​ក្នុង​លំដាប់​លេខ​រៀង​ទី​១ នៃ​ការវិនិយោគ​នៅ​កម្ពុជា តាំងពី​ឆ្នាំ​២០១៨ ដោយ​ចិន​មាណ ៣ ៥៩៤ លាន​ដុល្លារ លើ​វិស័យ​កាត់ដេរ អគ្គីសនី រោង​ម៉ាស៊ីនកិនស្រូវ ក​សិ​-​ឧស្សាហកម្ម រ៉ែ និង​ថាមពល សំណង់ និង​ធ្យូងថ្ម ហើយ​ចំនួន​ភ្ញៀវទេសចរ​ចិន ដែល​មក​ទស្សនា​ប្រទេស​កម្ពុជា​ក៏​មាន​ការកើនឡើង​រហូត​ជាង ២ លាន​នាក់​កាលពី​ឆ្នាំ​កន្លងទៅ​។ 

«​ចំពោះ​កិច្ច​សហ​ប្រហតិបត្តិការ​ទ្វេភាគី កម្ពុជា​-​ចិន លើ​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍​វប្បធម៌ ការទូត និង​រវាង​ប្រជាជន និង​ប្រជាជន មាន​ការរីកចម្រើន​ជា​លំដាប់ ដោយ​ឈរ​លើ​ស្មារតី គោរព​ជឿទុកចិត្ត គ្នា​ទៅវិញទៅមក​ស្រប​តាម​យុទ្ធសាស្ត្រ​ឈ្នះ​ឈ្នះ ហើយ​លទ្ធផល​ជា​ផ្លែផ្កា​នៃ​កិច្ចសហប្រតិបត្តិការ​នេះ បាន​ជំរុញ​ឱ្យ​ទំហំ​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំង​២ កម្ពុជា​-​ចិន សម្រេចបាន ៦ ៤៥៧ លាន​ដុល្លារ កាលពី​ឆ្នាំ​២០១៨ កន្លងទៅ​»​។ នេះ​ជា​ការបញ្ជាក់​របស់លោក​ប៉ាន់ សូរ​ស័ក្ត រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​បាន​ថ្លែង​នៅក្នុង​វេទិកា​ថ្នាក់ដឹកនាំ​ធុរកិច្ច​ចិន​-​អាស៊ាន ទី​២១ ខែ​កញ្ញា ឆ្នាំ​២០១៩ នៅ​ទីក្រុង​ណាន​នី​ង ខេត្ត​ក្វា​ស៊ី ប្រទេស​ចិន​។​

​លោក ប៉ាន់ សូរ​ស័ក្ត បាន​បន្តថា កម្ពុជា​បាន​គាំទ្រ​ចំពោះ​ការរៀបចំ​ព្រឹត្តិការណ៍​ពិព័រណ៍​ចិន​-​អាស៊ាន ខណៈ កម្ពុជា បាន​ចូលរួម​ពិព័រណ៍​ចិន​-​អាស៊ាន​បាន​ចំនួន ១៦​លើក គិត​ចាប់តាំងពី​ឆ្នាំ​២០០៤ ដល់​ឆ្នាំ​២០១៩​នេះ ដោយ​ទទួលបាន​នូវ​ផលប្រយោជន៍​ដូចជា​បាន​ធ្វើឱ្យ​ទំនិញ​កម្ពុជា បាន​ជ្រៀតចូល​ទីផ្សារ​ចិន កម្ពុជា​បាន​បើក​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​បាន​ចំនួន​៤​ទីតាំង ក្នុង​ខេត្ត​ចំនួន​៤​ផ្សេងគ្នា តាមរយៈ​ពិព័រណ៍​នេះ​មាន​ក្រុមហ៊ុន​វិនិយោគ​ធំៗ​របស់​ប្រទេស​ចិន​បាន​បោះទុន​វិនិយោគ​ច្រើន​ពាន់​លាន​ដុល្លារ​នៅ​កម្ពុជា និង​ជា​វេទិកា​សម្រាប់​ទាក់ទាញ និង​កៀរគរ​ទេសចរ​ចិន​ចូលមក​កំសាន្ត​ប្រទេស​កម្ពុជា​ផងដែរ​។​

​សូមបញ្ជាក់​ថា កម្ពុជា ចិន​បាន​ប្ដេជ្ញា​ជំរុញ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យសេដ្ឋកិច្ច និង​សង្គម និង​វិស័យ​ដទៃ​ទៀត​ដូចជា ហិរញ្ញវត្ថុ ទូរគមនាគមន៍ និង​ព័ត៌មានវិទ្យា e-Commerce វិនិយោគ ធនាគារ ឱ្យមាន​ភាព​រីកចម្រើន និង​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​រវាង​ចិន និង​អាស៊ាន មាន​សន្ទុះ​កើនឡើង​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ៥៨៧.៨៧​ពាន់​លាន​ដុល្លារ​អាមេរិក ដែល​បាន​ធ្វើឱ្យ​អាស៊ាន​បាន​ក្លាយជា​ដៃគូ​ពាណិជ្ជកម្ម​សំខាន់​ទី​២ របស់​ប្រទេស​ចិន​៕

ព័ត៌មានផ្សេងទៀត