ក្រសួងទេសចរណ៍​ចុះ​អនុស្សរណៈ​លើ​ការបណ្តុះ​បណ្ត​ល​ធនធានមនុស្ស​ជាមួយ​សាកលវិទ្យាល័យ​ចិន​

22-09-2019 10:52 am 96
  ស្តាប់
ស្តាប់ជាសំឡេង

​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ស្តីពី​កិច្ចសហប្រតិបត្តិការ​លើ​ការបណ្តុះបណ្តាល​ជំនាញ និង​អភិវឌ្ឍ​ធនធានមនុស្ស​ក្នុង​វិស័យ​ទេសចរណ៍ រវាង​ក្រសួង​ទេសចរណ៍​កម្ពុជា ជាមួយនឹង​សាកលវិទ្យាល័យ​ហេ​ណា​នណ​ក​ម៉ល (Henan Normal University) សាលា​បណ្តុះបណ្តាល​បច្ចេក​ទេស ឧស្សាហកម្ម​ធុន​ស្រាល​គ័ង​ស៊ី​ទី​០២ (Guangxi Second Light Industry Senior Technical School) និង​ក្រុមហ៊ុន​វិនិយោគ​ការអប់រំ ហាន​ស៊ី​ខ្វាង​ស៊ី (Guangxi Hansi Education Investment Co. Ltd.) កាលពី​ថ្ងៃ​ទី ២១ កញ្ញា ឆ្នាំ ២០១៩​។ 

​ការចុះ​អនុស្សរណៈ ស្តី​អំពី​ការបណ្តុះបណ្តាល​ជំនាញ និង​ការអភិវឌ្ឍ​ធនធានមនុស្ស​ក្នុង​វិស័យ​ទេសចរណ៍ ចូលរួម​ជំរុញ​ការអភិវឌ្ឍ​សមត្ថភាព​របស់​អ្នកជំនាញ​ទេសចរណ៍ និង​ប្រតិបត្តិ​ករ​ទេសចរណ៍ ជា​ពិសេស​ពង្រឹង​កិច្ចសហប្រតិបត្តិការ​នៃ​ភាព​ជា​ដៃគូ​លើ​ការអភិវឌ្ឍ​ធនធានមនុស្ស​ក្នុង​វិស័យ​ទេសចរណ៍ និង​ការអភិវឌ្ឍ​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍ តាមរយៈ​ប្រព័ន្ធ​អេឡិចត្រូនិក កម្មវិធី​សិក្សា​ពី​ចម្ងាយ​សម្រាប់​បណ្តុះបណ្តាល​ជំនាញ និង​អភិវឌ្ឍន៍​ធនធានមនុស្ស​ក្នុង​វិស័យ​ទេសចរណ៍ និង​ការជំរុញ​បង្កើត​សាលា​បណ្តុះបណ្តាល​ជំនាញ​វិជ្ជា​ជី​វះ​ទេសចរណ៍​នៅ​កម្ពុជា​។​

​លោក ថោង ខុន បាន​បញ្ជាក់​អំពី​សភាព​ការណ៍​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​កម្ពុជា និង​សេចក្តី​ត្រូវ​ចាំបាច់​ក្នុង​ការបណ្តុះបណ្តាល​ធន​ធាន​មនុស្ស​ផ្នែក​ជំនាញ​វ​ជ្ជា​ជីវៈ​ទេសចរណ៍ ដើម្បី​ឆ្លើយតប​អោយបាន​ទាន់​ពេលវេលា​ចំពោះ​កំណើន​ទេសចរ​ដែល​កំពុង​កើន​ឡើង​នៅ​កម្ពុជា​ទាំង​ទេសចរ​ជាតិ និង​អន្តរជាតិ​។​

​ខណៈ វិស័យ​ទេសចរណ៍​ជា​វិស័យ​សេដ្ឋកិច្ច​មួយ​ដែល​ត្រូវការ​ជំនាញ​ច្បាស់លាស់ ទើប​អាច​អភិវឌ្ឍន៍​ប្រកបដោយ​គុណភាព និង​និរន្តរភាព  ហើយ​កម្ពុជា​មាន​ផែនការ​បំពាក់បំប៉ន និង​បណ្តុះបណ្តាល​ផ្តល់​ជំនាញ​វិជ្ជាជីវៈ​ដល់​បុគ្គលិក​បំរើការ​ក្នុង​វិស័យ​ទេសចរណ៍​អោយ​បាន​ប្រមាណ ៥០% នៅ ឆ្នាំ​២០២០ និង ១០០% នៅ​ឆ្នាំ ២០២៥​។ 

​សូមបញ្ជាក់​ថា នៅ​ឆ្នាំ​២០២៥​កម្ពុជា ត្រូវការ​បំពាក់បំប៉ន និង​ផ្នែក​ជំនាញ​វិជ្ជា​វៈ​ទេសចរណ៍​ដល់​បុគ្គលិក​បំរើការ​ក្នុង​វិស័យ​នេះ​ប្រមាណ ១​លាន​២​សែន​នាក់ ដើម្បី​ឆ្លីយតប​នឹង​ចំនួន​ទេសចរ​អន្តរជា​តិ​ប្រមាណ​ជាង ១១​លាន​នាក់ និង​ទេសចរ​ក្នុងស្រុក រាប់លាន​នាក់​ផងដែរ​៕

ព័ត៌មានផ្សេងទៀត