លោក​ហេង សំរិន អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​កម្រិត​ប្រធានសភា​អាស៊ី​-​អឺរ៉ុប​លើក​ទី​៤ នៅ​សាធារណរដ្ឋ​កា​ហ្សាក់ស្ថាន​

22-09-2019 10:52 am 92

​នៅ​ព្រឹក​ថ្ងៃទី​២២ ខែ​កញ្ញា ឆ្នាំ​២០១៩​នេះ លោក​ហេង សំរិន ប្រធានរដ្ឋសភា បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​រដ្ឋសភា ចូលរួម​កិច្ចប្រជុំ​កម្រិត​ប្រធានសភា​អាស៊ី​-​អឺរ៉ុប​លើក​ទី​៤ នៅ​សាធារណរដ្ឋ​កា​ហ្សាក់​ស្ថាន ចាប់ពី​ថ្ងៃ​ទី ២៣ ដល់​ថ្ងៃ​ទី​២៥ ខែ​កញ្ញា ឆ្នាំ​២០១៩ ក្រោម​មូលបទ «​ឧត្តមភាព​កាន់តែ​ខ្ពង់ខ្ពស់​សម្រាប់ តំបន់​យូ​រ៉ា​ស៊ា : កិច្ចសន្ទនា ទំនុកចិត្ត និង​ភាព​ជា​ដៃគូ​”» ដោយ​មាន​ប្រតិភូ​ថ្នាក់ដឹកនាំ​សភា​ក្នុង​តំបន់​អាស៊ី និង​អឺរ៉ុប ប្រមាណ ៦០​ប្រទេស​ចូលរួម ព្រមទាំង​មាន​វត្តមាន អង្គការ​អន្តរជាតិ និង​អន្តរ​សភា​ជាច្រើន​ទៀត​ផង​។​

​បើ​តាម​ការបញ្ជាក់​នៅក្នុង​ហ្វេ​ស ប៊ុក ផ្លូវការ​របស់​រដ្ឋសភា បានឲ្យដឹងថា កំឡុង​ពេល​ចូលរួម​កិច្ចប្រជុំ​នេះ​លោក​ហេង សំរិន គ្រោង​ជួប​ពិភាក្សា​ការងារ​ទ្វេភាគី​ជាមួយ​ប្រធាន​រដ្ឋសភា​នៃ​ប្រទេស​មួយចំនួន​ទៀត ក្នុង​ការពង្រឹង​ពង្រីក​វិស័យ​ការទូត​សភា ក៏ដូចជា​ពង្រឹង​កិច្ចសហប្រតិបត្តិការ និង​ចំណង​មិត្តភាព​រវាង​ព្រះរាជាណាចក្រ​កម្ពុជា ជាមួយ​បណ្តា​ប្រទេស​ជា​មិត្ត ទាំង​ក្នុង​ក្រប​ខណ្ឌ​ទ្វេភាគី និង​ពហុភាគី​។​

​គួរ​ជម្រាបជូន​ដែរ​ថា កិច្ចប្រជុំ​កម្រិត​ប្រធាន​សភា​អាស៊ី​-​អឺរ៉ុប​នេះ បាន​ផ្តួចផ្តើម​បង្កើតឡើង​ដោយ​សភា​ឌូ​ម៉ា សហព័ន្ធរុស្ស៊ី និង​រដ្ឋសភា​សាធារណ​រដ្ឋ​កូរ៉េ ហើយក៏​ជា​វេទិកា​អន្តរ​សភា ដ៏​មាន​សារៈសំខាន់​មួយ សម្រាប់​ការពិភាក្សា​លើ​ប្រធានបទ​នៃ​កិច្ចសហប្រតិបត្តិការ រវាង​តំណាង​ប្រជាពលរដ្ឋ​ក្នុង​តំបន់​អាស៊ី និង​អឺរ៉ុប ដើម្បី​ផ្លាស់ប្តូរ​ទស្សនៈ យោបល់ ក្នុង​ការការពារ​ផលប្រយោជន៍ នៃ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​សុខុមាលភាព​សង្គម នៅក្នុង​តំបន់​ក៏ដូចជា​ពិភពលោក​ទាំងមូល​។​

​គួរ​កត់សម្គាល់​ដែរ​ថា កិច្ចប្រជុំ​កម្រិត​ប្រធាន​សភា​អាស៊ី​-​អឺរ៉ុប លើក​ទី​១ បាន​ប្រារព្ធ​ធ្វើឡើង​នៅ​ប្រទេស​រុស្ស៊ី ក្នុង​ឆ្នាំ ២០១៦ លើក​ទី​២ ធ្វើឡើង​នៅ​សាធារណរដ្ឋ​កូរ៉េ ក្នុង​ឆ្នាំ​២០១៧ និង​លើក​ទី​៣ ធ្វើឡើង​នៅ​ប្រទេស​តួ​ក​គី ក្នុង​ឆ្នាំ​២០១៨​។ ជាមួយគ្នានេះ​ដែរ​លោក​ហេង សំរិន ក៏​ធ្លាប់បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ លើក​ទី​១ នៅ​ប្រទស​រុស្ស៊ី និង​លើក ទី​២ នៅ​សាធារណរដ្ឋ​កូរ៉េ ផងដែរ​។​

​សូម​បញ្ជាក់​ដែរ​ថា គណៈប្រតិភូ​អមដំណើរ​លោក​ហេង សំរិន​ប្រធានរដ្ឋសភា​កម្ពុជា ចូលរួម​កិច្ចប្រជុំ កម្រិត​ប្រធានសភា​អាស៊ី​-​អឺរ៉ុប នាពេល​នេះ​រួមមាន​លោក ឈាង វុន ប្រធាន​គណៈកម្មការ​កិច្ចការបរទេស សហប្រតិបត្តិការ​អន្តរជាតិ ឃោសនា​ការ និង​ព័ត៌មាន នៃ​រដ្ឋសភា ,​លោក ជា វ៉ាន់ដេត ប្រធាន​គណៈកម្មការ​ផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ ជនបទ បរិស្ថាន និង​ធនធានទឹក នៃ​រដ្ឋសភា​។ លោកស្រី បាន ស្រីមុំ អនុប្រធាន​គណៈកម្មកា​រ​អប់រំ យុវជន កីឡា ធម្មការ កិច្ចការ​សាសនា វប្បធម៌ និង​ទេសចរណ៍ នៃ​រដ្ឋសភា និង​លោក​កែវ ពិសិដ្ឋ លេខាធិការ​គណៈកម្មកា​រ​នីតិកម្ម​និង​យុត្តិធម៌​នៃ​រដ្ឋសភា​៕

 

 ពាក្យគន្លឹះ  លោកហេង​ សំរិន

ព័ត៌មានផ្សេងទៀត