អ៊ីរ៉ង់ត្រៀមខ្លួនរួចជាស្រេចដើម្បីបំផ្លាញប្រទេសណាមួយ ដែលចង់បើកការវាយប្រហារលើដែនអធិបតេយ្យរបស់ខ្លួន នេះបើតាមការបញ្ជាក់ពីមន្ដ្រីយោធាជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់។ មេបញ្ជាការកងទ័ពបដិវត្ដន៍អ៊ីរ៉ង់ បានចេញការព្រមានទៅអាមេរិកនិងសម្ព័ន្ធមិត្ដអាមេរិក ត្រូវមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត ហើយមិនត្រូវបង្កឲ្យមានកំហុសឡើយ។
ការព្រមានដូច្នេះបន្ទាប់ពីអាមេរិកប្រកាសថា នឹងបញ្ជូនទ័ពទៅគាំទ្រប្រទេសអារ៉ាប៊ីសាអូឌីតសត្រូវរបស់អ៊ីរ៉ង់។ អាមេរិកនិងអារ៉ាប៊ីសាអូឌីតបានបន្ទោសខ្លាំងៗលើអ៊ីរ៉ង់ ថាជាអ្នកនៅពីក្រោយការវាយប្រហារលើរោងចក្រចម្រាញ់ប្រេងអារ៉ាប៊ីសាអូឌីត កាលពីជាងមួយសប្ដាហ៍មុន។ តែសម្រាប់អ៊ីរ៉ង់បដិសេធដាច់ខាតថាខ្លួនមិនពាក់ព័ន្ធទេ ទោះក្រុមឧទ្ទាមហូធីនៅយេមែនចេញមុខទទួលខុសត្រូវក៏ដោយ។ ក្រុមឧទ្ទាមហូធីទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីអ៊ីរ៉ង់ ហើយកំពុងធ្វើសង្គ្រាមប្រឆាំងរដ្ឋាភិបាលយេមែននិងអារ៉ាប៊ីសាអូឌីត។
ក្រោយទទួលការគំរាមកំហែងសព្វបែបយ៉ាង ទើបអ៊ីរ៉ង់បញ្ចេញសាច់ដុំកាន់តែខ្លាំងដោយនិយាយចំៗថា បានត្រៀមខ្លួនរួចជាស្រេចឆ្លើយតបនឹងការឈ្លានពាន។ លោកឧត្ដមសេនីយ៍ហូសេន សាឡាមីបានបញ្ជាក់ប្រាប់ប្រព័ន្ធផ្សព្វផ្សាយកាលពីថ្ងៃសៅរ៍ថា លោកនឹងមិនអនុញ្ញាតឲ្យសង្គ្រាមកើតឡើងក្នុងទឹកដីអ៊ីរ៉ង់ដាច់ខាត។ លោកបន្ដថាអ៊ីរ៉ង់នឹងបន្ដតាមរកអ្នកចង់ឈ្លានពាន គឺបន្ដរហូតអាចកម្ទេចពួកគេបាន។
គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំកាលពីថ្ងៃទី២០ខែកញ្ញា បានអនុម័តយល់ព្រមឲ្យបញ្ជូនទ័ពទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីជួយការពារដែនអាកាសរបស់ប្រទេសសម្ព័ន្ធមិត្ដមួយនេះ។ ការបញ្ជូនទ័ពទៅធ្វើតាមសំណើអារ៉ាប៊ីសាអូឌីត ដែលបានស្នើសុំជំនួយពីអាមេរិក។ អន្ដរជាតិកំពុងតែដាក់ចម្ងល់មួយទៀតថា ការបញ្ជូនទ័ពទៅនេះក្រៅតែពីជួយការពារអារ៉ាប៊ីសាអូឌីត អាមេរិកនឹងវាយប្រហារលើអ៊ីរ៉ង់ដែរឬយ៉ាងណាទេ។ នៅពុំទាន់មានការសម្រេចចិត្ដយ៉ាងណាឡើយ ព្រោះកំពុងស្ថិតក្នុងការពិចារណាប៉ុណ្ណោះ៕