អាមេរិក​​​ប្រកាស​​លើកលែង​​ការដំឡើង​ពន្ធ​​លើ​ទំនិញ​ចិន​​៤០០​ប្រភេទ​

22-09-2019 9:48 am 329

​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​បាន​និយាយថា រដ្ឋបាល​របស់លោក​បាន​នឹង​កំពុង​ធ្វើឲ្យមាន​ដំណើរការល្អ​ប្រសើរ​ជាមួយប្រ​ទេសចិន ស្របពេល​កិច្ចពិភាក្សា​ថ្នាក់ទាប​ស្ដីពី​សង្គ្រាម​ពាណិជ្ជកម្ម​អាមេរិក​និង​ចិន​បន្ដ​នៅ​ថ្ងៃទី​ពីរ​។ បន្ថែម​លើ​នេះ​ទីក្រុង​វ៉ាស៊ីនតោន​បានប្រកាស​ដកចេញ​ការដំឡើង​ពន្ធ​លើ​ទំនិញ​ចិន​៤០០​មុខ​ផងដែរ​។ លោក​ត្រាំ​បញ្ជាក់​ដូច្នេះ​ទៅកាន់​អ្នកសារព័ត៌មាន​ក្នុង​សេត​វិមាន នៅពេល​ជួប​ជាមួយ​នាយករដ្ឋមន្ដ្រី​អូស្ដ្រាលី​លោក​ស្កុត ម័រ​រី​សុន​។ 

​លោក​ត្រាំ​បន្ថែមថា អាមេរិក​បានទទួល​ប្រាក់​រាប់ពាន់​លាន​ដុល្លារ ពី​ការដំឡើង​ពន្ធ​លើ​ទំនិញ​ចិន ហើយ​ចំនួន​សរុប​នឹង​កើនឡើង​ដល់​១០០​ពាន់​លាន​ដុល្លារ​។ ប៉ុន្ដែ​យ៉ាងណាមិញ​បច្ចុប្បន្ន​លោក​បាននិងកំពុង​ធ្វើឲ្យមាន​ដំណើរការល្អ​ប្រសើរ​ច្រើន​ជាមួយចិន​។ 

​ការិយាល័យ​តំណាង​ពាណិជ្ជកម្ម​សហរដ្ឋអាមេរិក បានចេញ​សេចក្ដីជូនដំណឹង​ស្ដីពី​ការចុះឈ្មោះ​សហព័ន្ធ​ចំនួន​បី ដែល​លើកលែង​ពន្ធ​លើ​ផលិតផល​ចិន​ជាច្រើន ឆ្លើយតប​នឹង​សំណើ​របស់​ក្រុម​អាមេរិក ដែល​បាន​អះអាងថា​ការដំឡើង​ពន្ធ​នឹង​បង្ក​ភាពលំបាក​ដល់​សេដ្ឋកិច្ច​អាមេរិក​។ ផលិតផល​ចិន​ដែល​ត្រូវ​លើកលែង​ពន្ធ​មាន​ចំនួន​៤៣៧​មុខ ក្នុងនោះ​រាប់​ចាប់ពី​បន្ទះ​សៀគ្វី​ប្រើ​ក្នុង​កុំព្យូទ័រ កម្រាល​ឈើ និង​ភ្លើង​អំពូល​ខ្នាតតូច​ជាដើម​។​

​អ្នកចរចា​តំណាង​អាមេរិក​និង​ចិន​បាន​ចរចា​គ្នា​រយៈពេល​ពីរ​ថ្ងៃ ដែល​គេ​រំពឹងថា​នឹង​ផ្ដោត​សំខាន់​លើ​វិស័យ​កសិកម្ម ហើយនឹង​ចាប់ផ្ដើម​មូលដ្ឋាន​សម្រាប់​ការចរចា​ថ្នាក់ខ្ពស់​នៅ​ដើម​ខែតុលា​ខាងមុខ​។ ការចរចា​ខាងមុខ​នឹង​កំណត់​ផងដែរ​ថា​តើ​ប្រទេស​ទាំងពីរ កំពុង​ធ្វើការ​ឆ្ពោះទៅរក​ដំណោះស្រាយ ឬមួយ​ឈានទៅរក​ការដំឡើង​ពន្ធ​ថ្មី​កាន់តែ​ច្រើនជាង​នេះ​។ 

​អ្នកជំនាញ​ផ្នែក​ពាណិជ្ជកម្ម នាយក​ប្រតិ​ប​ត្ដិ និង​មន្ដ្រី​រដ្ឋាភិបាល​ប្រទេស​ទាំងពីរ បាន​និយាយថា​បើទោះបីជា​កិច្ចពិភាក្សា​ក្នុង​ខែកញ្ញា​និង​ខែតុលា បង្កើតបាន​កិច្ចព្រមព្រៀង​បណ្ដោះអាសន្ន​ក៏ដោយ ក៏​សង្គ្រាម​ពាណិជ្ជកម្ម​អាមេរិក​និង​ចិន​ឈានដល់​ការប្រយុទ្ធ​ផ្នែក​នយោបាយ និង​មនោគមន៍វិជ្ជា​ជ្រាលជ្រៅ​ទៅហើយ​។ បញ្ហា​ដំឡើង​ពន្ធគយ​លើ​ទំនិញ​នេះ អាច​ចំណាយពេល​រាប់​ឆ្នាំ​ដើម្បី​ដោះស្រាយ​។ ក្រុមអ្នកតាមដាន​ស្ថានការណ៍​ក្នុង​ក្រុង​ប៉េកាំង​និយាយថា ការលើកលែង​ពន្ធ​ថ្មី​នេះ​គឺជា​សញ្ញា​ស្វាគមន៍​មួយ ប៉ុន្ដែ​កិច្ចពិភាក្សា​ពាណិជ្ជកម្ម​នៅតែ​ស្ថិតក្នុង​កម្រិត​មួយ​ដដែល​៕

ព័ត៌មានផ្សេងទៀត