លោក​ហ៊ុន សែន​៖ រដ្ឋាភិបាល​រួមសុខទុក្ខ​ជាមួយ​ពលរដ្ឋ ទោះ​ស្ថិតក្រោម​ការ​គំរាម​ដាក់ទណ្ឌកម្ម​

21-09-2019 4:43 pm 585

​ក្នុង​ឱកាស​ប្រារព្ធ​ទិវា​សន្តិភាព​អន្តរជាតិ នៅ​ថ្ងៃ​ទី​២១ ខែកញ្ញា​នេះ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​ថ្លែងថា ទោះបីជា​ប្រទេស​កម្ពុជា ស្ថិតនៅ​ក្រោម​សម្ពាធ នៃ​ការគំរាមកំហែង​ដាក់ទណ្ឌកម្ម ក្រោមលេស​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​យ៉ាងណាក៏ដោយ ក៏​រាជរដ្ឋាភិបាល​កម្ពុជា នៅតែ​រួមសុខ​រួម​ទុក្ខ ជាមួយ​ប្រជាជន​គ្រប់​កាលៈទេសៈ​ជានិច្ច​។

​តាមរយៈ​សារលិខិត​របស់​លោកនាយ​ក​រដ្ឋមន្ត្រី បាន​ថ្លែង​សារ​ទៅ​កាន់​ពិភពលោក​ថា ការវិវត្តន៍​ដ៏​ស្មុគស្មាញ មិន​អាច​ប៉ាន់ប្រមាណ​ជាមុន នៃ​សភាពការណ៍​ជុំវិញ​ពិភពលោក នា​ពេលកន្លងមក និង​បច្ចុប្បន្ន ជាពិសេស​ការប្រកួតប្រជែង​រវាង​មហាអំណាច ក្នុង​ការការពារ​ប្រយោជន៍​នយោបាយ សេដ្ឋកិច្ច និង​យោធា បាន​នឹង​កំពុង​នាំ​មក​នូវ​ការគំរាមកំហែង ចំពោះ​សន្តិភាព ដែល​នៅតែ​មាន​ភាព​ស្រួចស្រាវ ទាំង​ក្នុង​តំបន់ និង​សកល​។​
​ទន្ទឹមនឹងនេះ សន្តិភាព​របស់​កម្ពុជា ក៏​ស្ថិត​នៅក្នុង​លក្ខណៈ​ផុយស្រួយ ដោយសារតែ​មាន​ការគំរាមកំហែង និង​ការបន្ត​យាយី និង​អន្តរាគមន៍​ចូល​កិច្ចការ​ផ្ទៃក្នុង ឥត​ឈប់​ឈរ​ពី​មជ្ឈដ្ឋាន​ខាងក្រៅ ជាពិសេស​ពី​បណ្តា​ប្រទេស​មហាអំណាច និង​ប្រទេស​លោកខាងលិច​មួយចំនួន​។​

​ប្រមុខ​រដ្ឋាភិបាល មាន​បញ្ជាក់​បន្ថែម​យ៉ាង​ដូច្នេះ​ថា​៖ «​ទោះបី​កម្ពុជា​ស្ថិតនៅ​ក្រោម​សម្ពាធ នៃ​ការគំរាមកំហែង​ដាក់ទណ្ឌកម្ម ក្រោមលេស​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​យ៉ាងណាក៏ដោយ ក៏​រាជរដ្ឋាភិបាល​កម្ពុជា នៅតែ​ស្ថិត​នៅ​រួមសុខ​រួមទុក្ខ ជាមួយ​ប្រជាជន​ក្នុង​គ្រប់​កាលៈទេសៈ រួបរួម​សាមគ្គី ឯកភាព​ជាតិ ការពារ​សមិទ្ធិផល​សង្គម​ជាតិ កសាង និង​រក្សា​ការពារ​ឯករាជ្យ សេរីភាព​ប្រជាធិបតេយ្យ អព្យាក្រិត្យ និង​វឌ្ឍនភាព​សង្គម និង​ប្រកាន់ខ្ជាប់​នូវ​ឆន្ទៈ មោះមុត​ក្នុង​ការរក្សា​សន្តិភាព និង​ស្ថិរភាព​ឱ្យខាងតែបាន ទោះ​ស្ថិតក្នុង​តម្លៃ​ណាក៏ដោយ​»​។​

​សូមបញ្ជាក់​ថា ទិវា​សន្តិភាព​អន្តរជាតិ ត្រូវបាន​អនុម័ត​ដោយ​មហាសន្និបាត អង្គការសហប្រជាជាតិ លើក​ទី​៥៥ នា​ឆ្នាំ​២០០១ ដើម្ប​លុបបំបាត់​អំពើហិង្សា បញ្ឈប់​សង្គ្រាម ជំរុញ​ឱ្យ​មាន​សុខសន្តិភាព​ក្នុងប្រទេស ក្នុង​តំបន់ ក៏​ដូចជា​ក្នុង​ពិភពលោក​ទាំងមូល ហើយ​វា​ត្រូវបាន​ប្រារព្ធ​ទូទាំង​ពិភពលោក នៅ​ថ្ងៃ​ទី​២១ ខែ​កញ្ញា ជា​រៀងរាល់ឆ្នាំ​៕

ព័ត៌មានផ្សេងទៀត