មន្ត្រីជាន់ខ្ពស់​ចិន​អះអាងថា ម៉ាល់​ឌី​វ​មិន​ជាប់ក្នុង​អន្ទាក់​បំណុល​ចិន​ទេ​

21-09-2019 4:19 pm 502

​លោក Wang Yi រដ្ឋមន្រ្តីក្រសួងការបរទេសចិន បាន​ជួបពិភាក្សា​ជាមួយ​លោក Abdulla Shahid​រដ្ឋមន្ត្រី​ក្រសួងការបរទេស ក្រោម​ការដឹកនាំ​ដោយ​រដ្ឋាភិបាល​ថ្មី នៃ​ប្រទេស​ម៉ាលី​ឌី​វ នៅក្នុង​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន​។ កិច្ច​ជំនួប​នេះ ចិន​បាន​បញ្ជាក់ថា ការផ្លាស់ប្តូរ​រដ្ឋាភិបាល​ថ្មី​នៃ​ប្រទេស​ម៉ាល់​ឌី​វ មិន​ធ្វើឲ្យប៉ះពាល់ ដល់​កិច្ចសហប្រតិបត្តិកា​ររ​វាង​ចិន​និង​ម៉ាល់​ឌី​វ​ទេ​។ 

​លោក Wang Yi ថា កិច្ចសហប្រតិបត្តិការ​របស់​ចិន​ជាមួយ​ប្រទេស​ម៉ាល់​ឌី​វ មាន​គោលបំណង​លើកកម្ពស់ សុខុមាលភាព​របស់​ប្រជាជន​ម៉ាល់​ឌី​វ ដោយ​គ្មាន​ចេតនា​នយោបាយ និង​មិន​ស្វែងរក​ផលប្រយោជន៍​ភូមិសាស្ត្រ​នយោបាយ​ឡើយ​។ មន្ត្រីជាន់ខ្ពស់​ចិន​រូបនេះ អះអាង​បន្តថា រដ្ឋាភិបាល​ចិន​ផ្តល់នូវ​អ្វីដែល​អាចជួយ​ដល់​ប្រទេស​ម៉ាល់​ឌី​វ ដោយ​មិនចាំបាច់​ភ្ជាប់​លក្ខខណ្ឌ​នយោបាយ និង​មិន​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​នេះ​ទេ​។ ហេតុដូចនេះ គ្មាន​ហេតុផល​ផ្សេង​ទាល់តែសោះ ក្នុងការ​និយាយថា ម៉ាល់​ឌី​វ​ត្រូវបានជាប់ក្នុង​អន្ទា​ក់​បំណុ​លចិន​។ នៅពេលនេះ បំណុល​ដែល​ប្រទេស​ម៉ាល់​ឌី​វ​ជំពាក់ចិន បាន​កើន​ដល់​៣​ពាន់​លាន​ដុល្លារ​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​របស់​ចិន ក៏បាន​ដកស្រង់​សម្តី​របស់លោក Abdulla Shahid​ដោយ​លើកឡើងថា គ្មាន​ប្រទេស​ណាមួយ​នៅលើ​ពិភពលោក ដែលមាន​ចិត្តសប្បុរស ក្នុង​ការជួយ​ប្រទេស​ម៉ាល់​ឌី​វ នៅក្នុង​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ និង​ការ​ផ្តល់ជំនួយ និង​ប្រាក់កម្ចី​មួយចំនួនធំ​នោះទេ​។ ក្នុង​រឿងនេះ​មិនមាន​អ្វីដែល​ហៅថា ជា​អន្ទាក់​បំណុល​ឡើយ​។ ចិន​ក៏​បានលើកឡើង​ដែរថា ជំនួយ​ចិន​បានទទួល​ការស្វាគមន៍​យ៉ាងខ្លាំង និង​អ្វីដែល​ចិន​បាន​ផ្តល់ឲ្យ គឺ​មិន​ផ្សាភ្ជាប់​ជាមួយ​លក្ខខណ្ឌ​នយោបាយ​។ ជំនួយ​ចិន បានផ្តល់​ទៅកាន់​ប្រទេស ដែល​បណ្តា​ប្រទេស​លោកខាងលិច មិន​អើពើ​អំពី​ផល​លំបាក​របស់​ពួកគេ​។​

​ទង្វើ​របស់​ប្រទេស​ចិន​បែបនេះ រង​នូវ​ការរិះគន់​យ៉ាងច្រើន ជាពិសេស​ប្រទេស​លោកខាងលិច ថា​ចិន​បាន​យកលុយ​ទៅ​ជះ​លើ​ប្រទេស​តូចៗ​ក្រីក្រ​និង​ប្រទេស​កំពុង​អភិវឌ្ឍ ក្នុង​រូប​ភាពជា​ជំនួយ​និង​ប្រាក់កម្ចី​ដ៏​ច្រើន​សន្ធឹកសន្ធាប់ ទាំង​ដែល​គ្មាន​សង្ឃឹមថា ប្រទេស​ទាំងនោះ​មានលទ្ធភាព​សង​ត្រឡប់មកវិញ​បាន​។ បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍ រាប់​ពី​ប៉ា​គី​ស្ថាន​ដល់​ជី​បូ​ទី ពី​ម៉ាល់​ឌី​វដល់​ហ្វី​ជី សុទ្ធតែ​បាន​ជំពាក់​បំណុល​ចិន​។ ចំណែក​ស្រីលង្កា​ធ្ងន់ធ្ងរ​ជាងគេ​។ កាលពី​ឆ្នាំ​២០១៧ ស្រីលង្កា​ជំពាក់​ចិន​មិន​ដល់​ជាង​១​ពាន់លាន​ដុល្លារ​អាមេរិក​ផង បានប្រគល់​កំពង់ផែ​ឲ្យ​ក្រុមហ៊ុន​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​ចិន​រយៈពេល​៩៩​ឆ្នាំ​៕

 

 ពាក្យគន្លឹះ  ចិនម៉ាល់ឌីវបំណុល

ព័ត៌មានផ្សេងទៀត