សង្គម​ស៊ីវិល​អះអាង​ថា​កម្ពុជា​នៅ​ពុំទាន់​មាន​សន្តិភាព​ពេញលេញ​នៅឡើយ​

21-09-2019 3:44 pm 578
  ស្តាប់
យុវជនចូលរួមកម្មវិធី ទិវាសន្តិភាពអន្តរិជាតិ នៅព្រឹកថ្ងៃទី២១ កញ្ញា ។ រូបថត ឈាង រិទ្ធី ។
ស្តាប់ជាសំឡេង

​ទិវា​សន្តិភាព​អន្តរជាតិ​ត្រូវបាន​ប្រារព្ធ​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​២១ កញ្ញា ក្រោម​ប្រធានបទ សន្តិភាព​សម្រាប់​ទាំងអស់គ្នា នៅ​ទីលាន​ប្រជាធិបតេយ្យ ដោយ​តាម​ការប៉ាន់ស្មាន មាន​អ្នកចូលរួម​ប្រមាណ​ជាង​៣០០​នាក់ ។ គណៈកម្មការ​រៀបចំ​កម្មវិធី និង​ជា​នាយក​ប្រតិបត្តិ​អង្គការ​ស្ពាន​សន្តិភាព លោក ស៊ុម ច័ន្ទ​មុនី បាន​ប្រាប់​វិទ្យុ​វាយោ​ថា គោលបំណង​នៃ​ការ​ប្រារព្ធ​ទិវា​សន្តិភាព​អន្តរជាតិ​នៅ​កម្ពុជា​នេះ គឺ​ដើម្បី​លើកកម្ពស់​ការយល់ដឹង​អំពី​អ្វី​ជា​សន្តិភាព​ពិតប្រាកដ ។ យ៉ាងណា​ក៏​ដោយ​ទាំង​លោក​មុនី ទាំង​នាយិកា​អង្គការ​CCHR លោកស្រី​ចក់ សុភាព បាន​ប្រាប់ថា កម្ពុជា​នៅ​ពុំទាន់​មាន​សន្តិភាព​ពេញលេញ​នៅឡើយ ...

​លោក ស៊ុម ច័ន្ទ​មុនី នាយក​ប្រតិបត្តិ​អង្គការ​ស្ពាន​សន្តិភាព បាន​ប្រាប់ថា សម្រាប់​កម្ពុជា ត្រូវបាន​មើលឃើញថា គឺ​មាន​សន្តិភាព​មួយ​ទម្រង់​ហើយ ដោយសារ​អវត្តមាន​នៃ​សង្គ្រាម និង​អំពើ​ហិង្សា ដែល​នេះ​គឺ​ជា​ការសម្រេច​បាន​មួយ​ជំហាន​ហើយ​នៃ​សន្តិភាព ។ តែ​លោក​បញ្ជាក់ថា ក្នុង​ទម្រង់​បែបនេះ ពុំ​ទាន់​ហៅ​បាន​ថា ជា​សន្តិភាព​ពេញលេញ​នៅឡើយ​ទេ ។​

​លោក​មុនី​អះអាងថា ដើម្បី​បំពេញ​ឱ្យ​គ្រប់​ទម្រង់​នៃ​សន្តិភាព​ពេញលេញ កម្ពុជា​ត្រូវ​បំពេញ​នូវ​ចន្លោះ​ខ្វះខាត​មួយ​ចំនួន​ផ្សេង​ទៀត​…
​សំឡេង​លោក ស៊ុម ច័ន្ទ​មុនី ៖

​លោកស្រី ចក់ សុភាព នាយិកា​ប្រតិបត្តិ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) បាន​ប្រាប់ថា សន្តិភាព មិន​អាច​កំណត់​បាន​ត្រឹមតែ​អវត្តមាន​នៃ​សង្គ្រាម​និង​អំពើ​ហិង្សា​នៅក្នុង​ប្រទេស​នោះ​ទេ តែ​សំដៅ​ទៅ​ដល់​ស្ថានភាព​មួយ​ដែល​ពលរដ្ឋ​ទាំងអស់​មាន​ឱកាស មាន​សេរីភាព អាច​ចូលរួម​ដោយ​សកម្ម​ក្នុង​ការបញ្ចេញមតិ ឬ​ការប្រមូលផ្តុំ​ផ្សេងៗ ។​

​លោកស្រី​បញ្ជាក់​ថា សន្តិភាព​ពេញលេញ គឺ​ស្តែងចេញ​នៅពេល​ដែល​សង្គម​មួយ​មាន​យុត្តិធម៌ មាន​ការគោរព​សិទ្ធិមនុស្ស គោរព​លទ្ធិប្រជាធិបតេយ្យ ហើយ​ពលរដ្ឋ​អាច​រស់នៅ​ប្រកប​ដោយ​សុខដុមរមនា​នៅក្នុង​ប្រទេស ។​

​លោកស្រី​បាន​អះអាងថា សម្រាប់​កម្ពុជា ហាក់បីដូច​ជា​នៅ​ពុំទាន់​មាន​សេរីភាព​ពេញលេញ​នៅឡើយ ព្រោះ​ពលរដ្ឋ​នៅ​មាន​ភាពភ័យខ្លាច នៅ​មាន​ការចាប់ខ្លួន ចោទប្រកាន់​សកម្មជន​ចូលរួម​ការពារ​សិទ្ធិមនុស្ស សហគមន៍​ដីធ្លី​ប្រឈម​នឹង​ការរំលោភ​ដីធ្លី​ផ្ទះសម្បែង​ជាដើម ទាំងអស់នេះ ពួកគេ​គឺ​មិនទាន់​ទទួល​បាន​សន្តិភាព​នៅ​ឡើយ ហើយ​អ្នក​ដែល​រំលោភ​បំពាន​ទាំងនោះ ក៏​ពុំ​ទាន់​មាន​សន្តិភាព​ដែរ ។​

​លោកស្រី​សុភាព បាន​ប្រាប់​បន្តថា ដើម្បីឱ្យ​កម្ពុជា​ទទួល​បាន​សន្តិភាព​ពេញលេញ រាជរដ្ឋាភិបាល​គឺជា​អ្នកដើរតួ​យ៉ាង​សំខាន់​ក្នុង​ការធានា​ឱ្យបាន​នូវ​ការ​មិន​មាន​សង្គ្រាម ការកសាង​នូវ​មជ្ឈដ្ឋាន​មួយ​ដែល​ពលរដ្ឋ​អាច​មាន​សិទ្ធិ​បញ្ចេញមតិ អាច​ប្រមូលផ្តុំ​ដោយ​សន្តិវិធី និង​សិទ្ធិ​ផ្សេងៗ​ត្រូវបាន​ធានា ពិសេស​ទៅទៀត​នោះ គឺ​ត្រូវ​ទាមទារ​ឱ្យមាន​ការចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ ដើម្បី​បណ្តុះ​នូវ​ក្តីស្រឡាញ់ ការ​រាប់អាន ជាជាង​បណ្តុះ​នូវ​វប្បធម៌​ហិង្សា គុំគួន លាប​ពណ៌​ដាក់គ្នា​ជាដើម​…
​សំឡេង​លោកស្រី ចក់ សុភាព ៖

​លោកស្រី​បាន​បញ្ជាក់​បន្តថា ថ្នាក់ដឹកនាំ និង​អ្នកនយោបាយ គឺ​មាន​តួនាទី​យ៉ាងសំខាន់​បំផុត​ដើម្បី​ធ្វើឱ្យ​ប្រទេស​ទាំងមូល​មាន​សន្តិភាព បើសិនជា​អ្នកនយោបាយ​អាច​ញញាក់​ស្មារតី​របស់​ខ្លួន​ថា តើ​ចង់​ដើរតួ​ជា​អ្នក​កសាង​សន្តិភាព ឬ​ជា​អ្នកបង្ក​សង្គ្រាម នោះ​កម្ពុជា​នឹង​អាច​មាន​សន្តិភាព​ពេញលេញ​បាន​…
​សំឡេង​លោកស្រី ចក់ សុភាព ៖

លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ប្រាប់ថា សម្រាប់​កម្ពុជា​ពុំ​មាន​ចំណុច​ពិសេស​ណាមួយ​ដែល​អាច​កំណត់សម្គាល់​បាន​ថា ជា​ប្រទេស​ដែល​មាន​សន្តិភាព​ពេញលេញ ក្រៅពី​ប្រទេស​មាន​ការអភិវឌ្ឍ ពលរដ្ឋ​សប្បាយចិត្ត​ព្រោះ​គ្មាន​សង្គ្រាម និង​មាន​ស្ថិរភាព​នយោបាយ​…
​សំឡេង​លោក សុខ ឥសាន ៖

​យ៉ាងណា​ក៏​ដោយ​លោក​បាន​អះអាងថា ជា​សភាពការណ៍​ពិត​នៅ​កម្ពុជា​សព្វថ្ងៃ ត្រូវបាន​ប្រជាពលរដ្ឋ​ទទួលស្គាល់ថា ពិតជា​មាន​សន្តិភាព មាន​ស្ថិរភាព​នយោបាយ និង​មាន​ការអភិវឌ្ឍ ។ លោក​បញ្ជាក់ថា ភាព​កង្វះខាត​នូវ​សន្តិភាព​ផ្លូវចិត្ត​សម្រាប់​បុគ្គល​ណាមួយ គឺ​កើតឡើង​សារ​តែ​មហិច្ឆតា និង​ភាព​លោភលន់​របស់​បុគ្គល​នោះ​ប៉ុណ្ណោះ ៕
 ពាក្យគន្លឹះ  សន្តិភាពIDP

ព័ត៌មានផ្សេងទៀត