លោក​ហ៊ុន សែន ឧបត្ថម្ភ​ថវិកា​១០​លាន​រៀល​ជូន​គ្រួសារ​សព ករណី​ដីភ្នំ​បាក់​សង្កត់ ​

21-09-2019 2:37 pm 144

​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​ឧបត្ថម្ភ​ថវិកា​ចំនួន ១០​លាន​រៀល ជូន​គ្រួសារ​សព​ជនរងគ្រោះ និង​ចំនួន​៥​លាន​រៀល​ជូន​អ្នក​របួស ក្នុងករណី​គ្រោះថ្នាក់​បាក់​ដី​ភ្នំ​សង្កត់​លើ នៅ​ស្រុក​សំឡូត ខេត្ត​បាត់ដំបង​។

​ថវិកា​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ត្រូវបាន​លោក​គន់ គីម អនុប្រធាន​ទី​១ នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់​គ្រោះមហន្ដរាយ ចាត់​ឲ្យ​លោក​ឯក សំ​អូន មេបញ្ជាការរង​យោធភូមិភាគ​ទី​៥ យកទៅ​ប្រគល់ជូន​អ្នករងរបួស នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​បាត់ដំបង និង​ក្រុមគ្រួសារ​របស់​អ្នក​ស្លាប់​នៅ​គេហដ្ឋាន​ផ្ទាល់​តែម្តង នៅ​ថ្ងៃ​ទី​២១ ខែកញ្ញា​នេះ​។​

​លោក​គន់ គីម តាមរយៈ​សារព័ត៌មាន​ក្នុងស្រុក បានឲ្យដឹងថា បន្ទាប់​ពី​លោកនាយក​រដ្ឋមន្ត្រី បានទទួល​ព័ត៌មាន​អកុសល​នេះ ថា​មាន​ជនរងគ្រោះ​ម្នាក់​ស្លាប់ និង​ម្នាក់​ទៀត​រងរបួស ក្នុងករណី​បាក់​ដី​ភ្នំ​សង្កត់​នេះ លោក​បាន​ផ្ដល់​នូវ​ថវិកា​មួយចំនួន ដើម្បី​យក​ទៅ​ប្រគល់​ជូន​ជនរងគ្រោះ អ្នករងរបួស ៥​លាន​រៀល និង​គ្រួសារ​អ្នកស្លាប់ ១០​លាន​រៀល​។​

​អាជ្ញាធរ​ខេត្ត​បាត់ដំបង កាលពី​ល្ងាច​ថ្ងៃទី​២០ ខែ​កញ្ញា បានបញ្ជាក់​ថា ពលរដ្ឋ​ម្នាក់​ដែល​បាត់​ខ្លួន ក្នុងករណី​ដីភ្នំ​បាក់​សង្កត់ នៅ​ចំណុច​ព្រំដែន​កម្ពុជា​-​ថៃ ច្រក​ពាម​តា ត្រូវបាន​រក​ឃើញ​ហើយ តែ​ជា​អកុសល ជនរងគ្រោះ​បាន​ស្លាប់​ទៅហើយ​។ ជនរងគ្រោះ​ដែល​ស្លាប់​នេះ មានឈ្មោះ ផាន់ រី មាន​អាយុ​២០​ឆ្នាំ​។​

​គួររម្លឹកថា កាលពី​ថ្ងៃ​ទី​១៦ ខែ​កញ្ញា មាន​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន​៧​នាក់ បាន​ចូល​ទៅ​ក្នុងព្រៃ នៅ​ចំណុច​ព្រំដែន​កម្ពុជា​-​ថៃ ច្រក​ពាម​តា ឃុំ​តា​តោ​ក ហើយ​ត្រូវបាន​ជំនន់​ទឹកភ្លៀង វាយប្រហារ​បណ្តាលឱ្យ​ដី​ភ្នំ​បាក់​សង្កត់ ក្នុងនោះ​មាន​ពលរដ្ឋ​៤​នាក់ បាន​រត់​រួច​ខ្លួន ម្នាក់​រងរបួស​ធ្ងន់ និង​២​នាក់​បាត់​ខ្លួន​ផង​ដែរ​។ ប៉ុន្តែ​អ្នក​ដែល​បាត់​ខ្លួន​ម្នាក់ ត្រូវបាន​រកឃើញ​នៅ​មាន​ជីវិត នៅ​ថ្ងៃ​ទី​១៩ ខែ​កញ្ញា និង​ម្នាក់​ទៀត​រកឃើញ​សព​នៅ​ថ្ងៃ​ទី​២០ ខែ​កញ្ញា​៕

ព័ត៌មានផ្សេងទៀត