ក្រសួង​ដាក់​ទិសដៅ​លុបបំបាត់​ជំងឺ​រលាក​ថ្លើម​ប្រភេទ​B​និង​C​ត្រឹម​ឆ្នាំ​២០៣០

21-09-2019 11:07 am 180
  ស្តាប់
ស្តាប់ជាសំឡេង

​រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​កាលពី​ថ្ងៃ​ទី​២០ កញ្ញា បាន​ថ្លែងថា ក្រសួង​បាន​កំណត់​ទិសដៅ​លុបបំបាត់​ជំងឺ​រលាក​ថ្លើម​ប្រភេទ​B និង​ប្រភេទ​C ឱ្យ​អស់​ត្រឹម​ឆ្នាំ​២០៣០ និង​បាន​កំពុង​រៀបចំ​បន្ថែមទៀត ដោយ​ដាក់​ចេញ​នូវ​ផែនការ​យុទ្ធសាស្ត្រ និង​បង្កើត​ក្រុម​ការងារ​បច្ចេកទេស​លុប​បំបាត់​ជំងឺ​នេះ...

​រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​កម្ពុជា​ថ្លែងថា ក្រសួង​បាន​រៀបចំ​ផែនការ​និង​ដាក់ចេញ​នូវ​ទិសដៅ​ការងារ​រួចជាស្រេច ស្របតាម​ទិសដៅ​អង្គការ​សុខភាព​ពិភពលោក លុប​បំបាត់​ជំងឺ​រលាក​ថ្លើម​ប្រភេទ​B និង​ប្រភេទ​C ក្នុង​ពិភពលោក ត្រឹម​ឆ្នាំ​២០៣០ ។​

​ក្នុង​វេទិកា​ពិភាក្សា​តុមូល ស្តី​ពី​ជំងឺ​រលាក​ថ្លើម​ប្រភេទ​C នៅ​ថ្ងៃ​ទី​២០ កញ្ញា លោក ម៉ម ប៊ុនហេង បញ្ជាក់ថា បើ​តាម​អង្គការ​ពិភពលោក​ឱ្យដឹងថា ប្រសិនបើ​ទិសដៅ​លុប​បំបាត់​ជំងឺ​រលាក​ថ្លើម​ប្រភេទ​B និង​C សម្រេចបាន នោះ​នឹង​អាច​បង្ការ​មរណភាព​ដោយសារ​ជំងឺ​នេះ​ចំនួន ៧,១​លាន​នាក់​ក្នុង​ពិភពលោក ។​

​លោក​រដ្ឋមន្ត្រី​បន្តថា ក្រសួង​បាន​កំពុង​រៀបចំ​បន្ថែម និង​ដាក់​ចេញ​ផែនការ​យុទ្ធសាស្ត្រ សម្រាប់​ប្រយុទ្ធ​នឹង​ជំងឺ​រលាក​ថ្លើម​ដោយសារ​វីរុស និង​បាន​បង្កើត​ក្រុម​ការងារ​បច្ចេកទេស​លុប​បំបាត់​ជំងឺ​រលាក​ថ្លើម​ដោយសារ​វីរុស ។​

​រដ្ឋមន្ត្រី​នៃ​ក្រសួង​សុខាភិបាល​រូបនេះ​បញ្ជាក់ថា គោលដៅ​សំខាន់​របស់​រាជរដ្ឋាភិបាល គឺ​ធ្វើ​យ៉ាងណា​ឱ្យ​ពលរដ្ឋ​ទូទាំង​ប្រទេស ពិសេស​ពលរដ្ឋ​ក្រីក្រ កម្មករ កម្មការិនី ទទួលបាន​ការថែទាំ និង​ពិនិត្យ​ព្យាបាល​ពី​គ្រូពេទ្យ​បាន​គ្រប់ៗ​គ្នា ដោយ​មិន​ទុកចោល​នរណា​ម្នាក់​ឡើយ ៕

ព័ត៌មានផ្សេងទៀត