លោក​ត្រាំ​អនុម័ត​យល់ព្រម​បញ្ជូន​ទ័ព​ទៅ​អា​រ៉ាប៊ីសាអូឌីត​

21-09-2019 10:27 am 2734

​ការផ្តល់​ការគាំទ្រ​ផ្នែក​យោធា​នេះ ធ្វើឡើង​ទៅតាម​សំណើ​របស់​អា​រ៉ាប៊ីសាអូឌីត បាន​ស្នើសុំ​ជំនួយ​ពី​អាមេរិក​។ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​អាមេរិក​លោក Mark Esper មិន​បានបញ្ជាក់​លម្អិត​អំពី​ប្រភេទ និង​ចំនួន​កងទ័ព​សរុប ដែល​ត្រូវ​បញ្ជូនទៅ​នៅឡើយ តែ​ថា​កងកម្លាំង​ដែល​គ្រោង​បញ្ជូនទៅ នឹង​បំពេញបេសកកម្ម ផ្តោតលើ​ការការពារ​ដែនអាកាស ហើយ​មិនមាន​ចំនួន​ដល់​ខ្ទង់ពាន់​នាក់​ទេ​។ មិនមែន​មានតែ​អា​រ៉ាប៊ីសាអូឌីត​ទេ ដែល​ស្នើសុំ​ជំនួយ ក្រៅពីនោះ សម្ព័ន្ធមិត្ត​ម្នាក់ទៀត គឺ​អារ៉ាប់​រួម​ដែល​នៅក្បែរ​គ្នា​ជាមួយ​អា​រ៉ាប៊ីសាអូឌីត ក៏បាន​ស្នើសុំ​ដែរ​។ សហរដ្ឋអាមេរិក​នឹង​ពន្លឿ​ន​ការដឹកជញ្ជូន​សម្ភារៈ​យោធា​ផ្សេងៗ​ទៅកាន់​ប្រទេស​សម្ព័ន្ធមិត្ត​ទាំងពី​រនេះ ដើម្បី​បង្កើន​សមត្ថភាព​ការពារ​ខ្លួន​របស់​ពួកគេ ទៅតាម​សំណើ​។​

​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ​នៅ​ថ្ងៃ​សុក្រ ទី​២០ កញ្ញា បានអនុម័ត​យល់ព្រម​បញ្ជូន​កងទ័ព​អាមេរិកកាំង ដើម្បី​ជួយ​ការពារ​ដែនអាកាស របស់​អារ៉ាប់ប៊ីសាអូឌីត បន្ទាប់ពី​ការវាយប្រហារ​ធំ​បំផុត ទៅលើ​ស្ថានីយ៍ចម្រាញ់ប្រេង​របស់​សម្ព័ន្ធមិត្ត ដែល​ក្រុង​វ៉ាស៊ីនតោន ស្តីបន្ទោស​យ៉ាងធ្ងន់ធ្ងរ​ទៅលើ​អ៊ីរ៉ង់​ថា ជា​អ្នក​នៅ​ពីក្រោយ​។ លោក​ត្រាំ​បាន​ថ្លែងថា កន្លងមក​លោក​អត់ធ្មត់​មិន​ប្រើប្រាស់​វិធានការ​យោធា ប្រឆាំងនឹង​ការ​រករឿង​បង្កហេតុ​របស់​អ៊ីរ៉ង់ គឺមាន​ទំហំធំធេង​ណាស់​ទៅហើយ​។ រយៈពេល​កន្លងមក លោក​បាន​អត់ធ្មត់ ដោយ​សុខចិត្ត​ជ្រើសរើស ការដាក់ទ័ណ្ឌកម្ម​ផ្នែក​សេដ្ឋកិច្ច​ប្រឆាំងនឹង​អ៊ីរ៉ង់​ជំនួស​វិញ​។​

​ចម្ងល់​ដ៏​រសើប​មួយ​នោះ​ថា​តើ កងទ័ព​ដែល​បញ្ជូនទៅ នឹង​ទៅ​បើក​ការវាយប្រហា​រលើ​អ៊ីរ៉ង់​ឬ​យ៉ាណា? មិនទាន់មាន​ការសម្រេច​ចិត្ត​បែបនេះ​នៅឡើយ​ទេ ប៉ុន្តែ​ស្ថិតនៅក្នុង​ការពិចារណា​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក Mark Esper​។​

​គួរ​ជម្រាបជូន​ថា ស្ថានីយ៍​ចម្រាញ់​ប្រេង​ចំនួន​ពីរ​របស់​ក្រុមហ៊ុន Aramco នៃ​ប្រទេស​អា​រ៉ាប៊ីសាអូឌីត បាន​រង​នូវ​ការវាយប្រហារ ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក របស់​ក្រុម​ឧទ្ទាម​ហ៊ូ​ធី​គាំទ្រ​ដោយ​អ៊ីរ៉ង់​កាលពី​សប្តាហ៍​មុន​។ ក្រុមចម្រុះ​អន្តរជាតិ ​ដឹកនាំ​ដោយ​អា​រ៉ាប៊ីសាអូឌីត សម្រាប់​បេសកកម្ម​វាយប្រហារ​លើ​ក្រុម​ឧទ្ទាម​ហ៊ូ​ធី​នៅ​យេមែន បាន​អះអាងថា  អាវុធ​ដែល​ប្រើប្រាស់​សម្រាប់​វាយប្រហារ​នោះ គឺ​នាំ​មកពី​ប្រទេស​អ៊ីរ៉ង់​។ អាមេរិក​និង​អា​រ៉ាប៊ីសាអូឌីត បាន​ចោទ​លើ​អ៊ីរ៉ង់​ចំៗថា ​នៅ​ពីក្រោយ​ការវាយប្រហារ តែ​យ៉ាងណា អ៊ីរ៉ង់​បាន​បដិសេធ​ហើយ​ថា មិន​ជាប់​ពាក់ព័ន្ធ​នៅក្នុង​ការវាយប្រហារ​នេះ​ទេ​។ 

​ផលប៉ះពាល់​ដ៏​ធំធេញ ពី​ការវាយប្រហា​រលើ​ស្ថានីយ៍​ចម្រាញ់​ប្រេង គឺ​ធ្វើឲ្យ​បរិមាណ​ផ្គត់ផ្គង់​ប្រេងលើ​ទីផ្សារ​អន្តរជាតិ​ធ្លាក់ចុះ ហើយ​តម្លៃ​ហក់​ឡើង​ភ្លាមៗ​។ ការណ៍​នេះ​បង្ខំ​ឲ្យ​លោក​ត្រាំ បញ្ចេញ​ប្រេងរបស់អាមេរិក ​ដែល​ស្តុក​ទុក​ក្រោម​ដី​ មក​ទប់ទល់​បណ្តោះអាសន្ន ទម្រាំ​តែ​ស្ថានីយ៍​ចម្រាញ់​ប្រេង​អា​រ៉ាប៊ីសាអូឌីត អាច​ដំណើរការ​ឡើងវិញ​បាន​ពេញលេញ ដែល​ទំនង​ត្រូវការ​ពេល​ជាច្រើន​សប្តាហ៍​៕ 

ព័ត៌មានផ្សេងទៀត