តៃវ៉ាន់​​ផ្ដាច់ទំនាក់​ទំនង​​ជាមួយ​​ប្រទេស​ដែន​​កោះ​មួយ​​ព្រោះ​​ងាក​​ទៅរក​ចិន​

20-09-2019 3:53 pm 366
ប្រធានាធិបតីតៃវ៉ាន់លោកស្រី​ត្សៃ អ៊ីង​វិន

​កោះ​តៃវ៉ាន់​នៅ​ថ្ងៃទី​២០​កញ្ញា​នេះ បាន​បន្ទោស​ខ្លាំងៗ​លើ​ប្រទេស​ចិន​ជុំវិញ​ការ​បញ្ចុះបញ្ចូល​ឲ្យ​ប្រទេស​ដែន​កោះ​Kiribati ស្ថិតក្នុង​សមុទ្រ​ប៉ាស៊ីហ្វិក ងាក​ទៅ​ទទួលស្គាល់​ប្រទេស​ចិន​ជំនួស​តៃវ៉ាន់​។ ក្រោយពី​មាន​រឿងនេះ​កើតឡើង តៃវ៉ាន់​ក៏​ប្រកាស​កាត់​ផ្ដាច់ទំនាក់ទំនង​ជាមួយ​ដែន​កោះ​Kiribati​តែម្ដង ហើយនឹង​កោះហៅ​មន្ដ្រីការទូត​តៃវ៉ាន់​ចេញពី​Kiribati​មក​តៃវ៉ាន់​វិញ ដោយ​រំពឹង​ប្រទេស​ដែន​កោះ​មួយ​នេះ​នឹងធ្វើ​ដូចគ្នា​។ 

​ការ​កាត់​ផ្ដាច់ចំណង​ការទូត​ជាមួយ​Kiribati ធ្វើឡើង​មិន​ដល់​មួយ​សប្ដាហ៍​ផង​បន្ទាប់ពី​តៃវ៉ាន់​បាន​កាត់​ផ្ដាច់ទំនាក់ទំនង​ជាមួយ​កោះ​Solomon ក្នុង​លក្ខខណ្ឌ​ពាក់ព័ន្ធ​នឹង​ចិន​ដូចគ្នា​។ ជារួម​តៃវ៉ាន់​នៅសល់​ប្រទេស​សម្ព័ន្ធមិត្ដ​តែ​១៥​ប៉ុណ្ណោះ ខណៈ​មាន​ប្រទេស​៧​ហើយ​ដែល​តៃវ៉ាន់​ប្រកាស​ផ្ដាច់ទំនាក់ទំនង​ការទូត​។ 

​គួរបញ្ជាក់​ផងដែ​រថា ចិន​បានចាត់ទុក​តៃវ៉ាន់​គ្រាន់​ជា​ខេត្ដ​មួយ​របស់ខ្លួន​ប៉ុណ្ណោះ ដូច្នេះ​ចិន​ចង់ឲ្យ​តៃវ៉ាន់​ផ្ដាច់ទំនាក់ទំនង​ជាមួ​យ​ប្រទេស​ទាំងអស់​តែម្ដង​។ ចិន​ធ្លាប់បាន​គំរាម​និង​បញ្ចុះបញ្ចូល​ប្រទេស​ជាច្រើន ឲ្យ​ឈប់​ទទួលស្គាល់​ទំនាក់ទំនង​ជាមួយ​តៃវ៉ាន់​។ បើ​ចង់​រឹត​ចំណងមិត្ដភាព​ត្រូវធ្វើឡើង​ជាមួយ​ទីក្រុ​ង​ប៉េកាំង​វិញ ដែល​ការទទូច​ដូច្នេះ​បានធ្វើឲ្យ​តៃវ៉ាន់​ប្រតិកម្ម​ជា​ច្រើនដងម​ក​ហើយ​ដែរ​៕

ព័ត៌មានផ្សេងទៀត