​លោកមៀ​ច សុផាន់​ណា​​ឱ្យ​អាជ្ញាធរ​ព្រមាន​យ៉ាង​ម៉ឺងម៉ាត់​​ដល់​អ្នក​ស្តុក​ទុក​នូវ​ផលិតផល​ក្លែងក្លាយ​​

20-09-2019 3:23 pm 88

​ប្រធាន​គណៈកម្មាធិការ​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ លោក មៀច សុផាន់​ណា ប្រាប់​ឱ្យ​អាជ្ញាធរ​ត្រូវ​ព្រមាន​យ៉ាង​ម៉ឺងម៉ាត់ ដល់​បុគ្គល​ដែលមាន​ស្តុក​ទុក​នូវ​ផលិតផល​ក្លែងក្លាយ និង​បិទ​អាជីវកម្ម ខណៈ​កន្លងទៅ​គណៈកម្មាធិការ​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ (​គ​.​ប​.​ផ​.​ក​) បាន​រឹបអូស​ផលិតផល​ក្លែង ក្លាយ​យកទៅ​ដុត​កម្ទេចចោល​ជាច្រើន​តោន​ផងដែរ​។

​លោក មៀច សុផាន់​ណា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ (​គ​.​ប​.​ផ​.​ក​) បាន​បញ្ជាក់ថា អាជ្ញាធរ​ត្រូវ​ព្រមាន​យ៉ាង​ម៉ឺងម៉ាត់ ដល់​បុគ្គល​ដែលមាន​ស្តុក​ទុក​នូវ​ផលិតផល​ក្លែងក្លាយ​និង​បិទ​អាជីវកម្ម​។ ការលើកឡើង​បែបនេះ​បាន​ធ្វើឡើង​ក្នុង​សិក្ខាសាលា​ស្តីពី «​ការប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ​នៅ​កម្ពុជា នា​រសៀល​ថ្ងៃទី​១៩ កញ្ញា ឆ្នាំ​២០១៩​។ លោក មៀច សុផាន់​ណា បានលើកឡើង​យ៉ាង​ដូច្នេះ​ថា «​ដើម្បី​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ និង​ផលិតផល​ខុសច្បាប់​ឲ្យមាន​ប្រសិទ្ធិភាព យើង​ត្រូវ​មានច្បាប់ និង​បទ​បញ្ញាតិ​គ្រប់គ្រាន់ មាន​ឆន្ទៈ និង​ការប្តេជ្ញាចិត្ត​ខ្ពស់ ផ្លាស់ប្តូរ​ឥរិយាបទ នៃ​អ្នកប្រើប្រាស់​មាន​ការអនុវត្ត​ច្បាប់​យ៉ាង​ម៉ឺងម៉ាត់ ដោយមាន​ការចូលរួម​គ្រប់ភាគី​ពាក់ព័ន្ធ ហើយ​មាន​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​ក្រសួង​ស្ថាប័ន​នានា ក្នុងប្រទេស​និង​ជាមួយ​ប្រទេសជិតខាង និង​បណ្តា​ប្រទេស លើ​សកលលោក​»​។​

​ប្រធាន​គណៈកម្មាធិការ​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ​រូបនេះ បានលើកឡើង​ផងដែ​រថា ការ​ផលិតផល​ក្លែងក្លាយ ដែលជា​ការចម្លង​ម៉ាក​ផ្សេងៗ នៃ​ផលិតផល​ដូចជា សំលៀកបំពាក់ កាបូប ស្បែកជើង ផលិតផល​ឱសថ គ្រឿងបន្លាស់​យន្តហោះ និង​យានយន្ត នាឡិកា គ្រឿង​អេឡិចត្រូនិក វត្ថុ​សិល្បៈ​របស់​ក្មេង​លេង និង​ខ្សែភាពយន្ត -​ល​- ករណីខ្លះ ជា​ការពាក់ព័ន្ធ​នឹង​ការ​ក្លែង​ស្លាក​យីហោ និង​ឈ្មោះ​ផលិតផល ដែលជា​បទល្មើស​កម្មសិទ្ធិ​បញ្ញា​។ លោក​បន្តថា ផលិតផល​ក្លែងក្លាយ​ភាគច្រើន​មាន​គុណភាព​ទាប និង​មាន​សារធាតុ​គីមី​ពុល មាន​គ្រោះថ្នាក់​ដូចជា មាន​សារធាតុ​សំណ ក្នុង​ផលិតផល​ជាដើម ដែល​ផលិតផល​ក្លែងក្លាយ​ទាំងនោះ បណ្តាលឲ្យ​មនុស្ស​រាប់សែ​ន​នាក់ បាន​ស្លាប់ និង​អាច​បណ្តាល​ទៅ​គ្រោះថ្នាក់​យានយន្ត ការពុល ឬ​ករណី​ឱសថ​ពុំមាន​ប្រសិទ្ធភាព​ព្យាបាល​ជាដើម​។​

​លោក មៀច សុផាន់​ណា បាន​សង្កត់ធ្ងន់ថា អាជ្ញាធរ​ពាក់ព័ន្ធ ត្រូវ​ចេញ​សេចក្តីណែនាំ និង​ការព្រមាន​យ៉ាង​ម៉ឹងម៉ាត់ ដល់​បុគ្គល​ដែលមាន​ស្តុក​ទុក នូវ​ផលិតផល​ក្លែងក្លាយ និង​បិទ​អាជីវកម្ម ហើយ​ចំពោះ​ម្ចាស់​អចលនទ្រព្យ ដែល​ជួល​ទី​តាំងហាង ឬ​ឃ្លាំង និង​ត្រូវ​ទទួលខុសត្រូវ តាម​បទ​បញ្ញា​តិច្បាប់ ហើយ​ត្រូវយក​ផលិតផល ក្លែងក្លាយ​ចេញពី​ទីផ្សារ និង​ចេញពី​ចរន្ត​លំហូ​ពាណិជ្ជកម្ម​នានា ហើយ​នឹង​មិនឲ្យ​វិលត្រលប់​ចូល​មកទី​ផ្សារ​វិញ​ឡើយ​។​

​គួរ​រំលឹក​ផងដែ​រថា លោក ស ខេង ឧបកនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ  បាន​ក្រើនរំលឹក​និង​ដាស់​ស្មារតី​ដល់​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ ត្រូវតែ​អនុវត្តន៍​អោយបាន​ម៉ឺងម៉ាត់​នៅ​យុទ្ធនាការ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ និង​ខូចគុណភាព ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់ ពោល គឺ​មិនត្រូវ​ចាប់​តែ​ផលិតផល​នោះទេ តែ​ត្រូវ​ចាប់​ទាំង​អ្នក​ផលិត​និង​អ្នកទទួលខុសត្រូវ​យក​មក​ផ្ដន្ទាទោស​ទៅ​ច្បាប់​។ លោក ស ខេង ក៏បាន​ព្រមាន​ឈប់​ចូលរួម​កម្មវិធី​ដុត​កម្ទេចចោល​ផលិតផល​ក្លែងក្លាយ​ផងដែរ ប្រសិនបើ​ចាប់​អ្នកប្រព្រឹត្ត​មិនបាន​ទេនោះ​។​

​គួរ​បញ្ជាក់ថា កាលពី​ថ្ងៃទី​ទី​១២ មីនា ឆ្នាំ​២០១៩ កន្លងទៅ គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ បាន​ដុត​កម្ទេចចោល​នូវ​ផលិតផល​ក្លែងក្លាយ និង​ខុសច្បាប់​ជាង ៧០​តោន ហើយ​ផលិតផល​ក្លែងក្លាយ​ជាង ៧០​តោន ដែល​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល រឹបអូស​បាន និង​យកមក​ដុត​កម្ទេចចោល​នាពេលនោះ រួមមាន ឱសថ​ក្លែងក្លាយ​ជាង​មួយរយ​មុខ (១០៦) ទឹក​សុទ្ធ​ជាង​ប្រាំ​ពាន់​កេស (៥.៥២០) និង​ជី​កសិកម្ម​មាន​ជិត​ប្រាំបី​ពាន់​គីឡូក្រាម (៧.៨៥០)៕

ព័ត៌មានផ្សេងទៀត