អ៊ីតាលី​​នឹង​ផ្ដល់ប្រាក់​​២៧,០០០​ដុល្លារ​​ដល់​អ្នក​ព្រម​ទៅ​រស់នៅ​​ទីក្រុង​​ទាំងនេះ​

20-09-2019 2:47 pm 178
ទីក្រុងមួយ​ចំនួន​​របស់អ៊ីតាលី​ដែលកំពុង​ត្រូវការ​មនុស្សទៅរស់នៅ

​អាជ្ញាធរ​នៅក្នុង​តំបន់​Molise ជា​តំបន់​ព្រៃភ្នំ​ដ៏​ស្រស់ស្អាត​មួយ​លាតសន្ធឹង​នៅ​ភាគ​ខាងកើត​ទីក្រុង​រ៉ូម​ប្រទេស​អ៊ីតាលី បានចេញ​សេចក្ដីប្រកាស​មួយ​ថា នឹង​ផ្ដល់ប្រាក់​ឲ្យចំ​នួន​ជាង​២៧,០០០​ដុល្លារ ដល់​អ្នក​ដែល​ស្ម័គ្រចិត្ដ​ទៅ​តាំង​ទីលំនៅ​ក្នុងភូមិ​នៃ​តំបន់​នេះ​។ ការធ្វើ​ដូច្នេះ​ដើម្បី​ទាក់ទាញ​ឲ្យមាន​អ្នកចំណូល​ថ្មី​ទៅ​រស់នៅ​ទីក្រុង​ដែល​ខ្សត់​មនុស្ស​ទាំងនេះ ក្នុងន័យ​ការពារ​កុំឲ្យ​សហគមន៍​ក្លាយជា​ទីក្រុង​ខ្មោច​លែងមាន​មនុស្ស​រស់នៅ​។ 

​នរណា​ក៏ដោយ​ឲ្យតែ​ទៅ​រស់នៅ​តំបន់​នោះ នឹង​ទទួលបាន​ប្រាក់​ប្រមាណ​៧៧០​ដុល្លារ​ក្នុង​មួយខែ មាន​រយៈពេល​បី​ឆ្នាំ ដើម្បី​ជួយ​ឲ្យ​ពួកគេ​អាច​តាំង​ទីលំនៅ​ក្នុង​តំបន់​នោះបាន​។ លោក Antonio Tedeschi ជា​ទីប្រឹក្សា​ប្រចាំ​តំបន់​និង​ជា​ម្ចាស់​គម្រោង​បាន​និយាយថា លោក​មិន​ចង់ឲ្យ​តំបន់​របស់លោក​កាន់តែ​ខ្សត់​ប្រជាជន ក្លាយជា​ទីក្រុង​ខ្មោច​ឡើយ​។ លោក​ចង់​ការពារ​ប្រភពដើម​នៃ​សហគមន៍​របស់លោក ដូច្នេះ​គូ​ស្វាមីភរិយា​ក្មេងៗ​ជាមួយនឹង​កូនៗ​របស់​ពួកគេ ត្រូវបាន​លើក​ទឹកចិត្ដ​ជាពិសេស​ឲ្យ​ដាក់​ពាក្យសុំ​ទៅ​រស់នៅ​តំបន់​នេះ ដែល​ចាប់ផ្ដើម​ទទួល​ជា​ផ្លូវការ​ពី​ថ្ងៃទី​១៦​ខែកញ្ញា​ទៅ​។ 

​ចំពោះ​ភូមិ​ឬ​ទីក្រុង​នៃ​តំបន់​Molise ដែល​កំពុង​ត្រូវការ​មនុស្ស​ឲ្យទៅ​រស់នៅ​មានដូចជា Fornelli, Pesche, Riccia, Capracotta និង Campitello Matese, Pietrabbondante និង Sepino, San Giovanni , Castel San Vincenzo, Duronia ៕

 ពាក្យគន្លឹះ  ជីវិតអ៊ីតាលី

ព័ត៌មានផ្សេងទៀត