ស្មា​ត​ហ្វូន​​Huawei​​ជំនាន់​ថ្មី​​នឹង​ប្រើ​​Browser​​និង​Apps​​ផ្ទាល់ខ្លួន​វិញ​

20-09-2019 2:11 pm 217
រូបភាពទូរស័ព្ទស្មាតហ្វូនរបស់ក្រុមហ៊ុនHuawei

​កាលពី​ខែសីហា​ក្រុមហ៊ុន​Huawei​បាន​បញ្ចេញ​ប្រព័ន្ធ​ប្រតិ​បត្ដិកា​រ​ផ្ទាល់ខ្លួន គឺ​HongmengOS​ឬ​ជា​ភាសា​អង់គ្លេស​ហៅថា​HarmonyOS ដោយ​ក្រុមហ៊ុន​បាន​បញ្ជាក់ថា​វា​មាន​លក្ខណៈ​ដាច់ដោយឡែក​ពី Android​និង​iOS​។  ប្រព័ន្ធ​ប្រតិ​បត្ដិកា​រនេះ​នឹង​ដាក់ឲ្យ​ប្រើប្រាស់​នៅ​ចុងឆ្នាំ​២០១៩​នេះហើយ ជាមួយ​ទូរស័ព្ទ​ស្មា​ត​ហ្វូន​ជំនាន់​ថ្មី​។ ក្រុមហ៊ុន​Huawei​បានបង្ហាញ​ទូរស័ព្ទ​ស្មា​ត​ហ្វូន​ប្រភេទ​ថ្មី​Mate 30​និង​Mate 30 Pro ក្នុង​ព្រឹត្ដិការណ៍​មួយនៅ​ទីក្រុង​Munich​ប្រទេស​អាល្លឺម៉ង់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​។ ស្មា​ត​ហ្វូន​ទាំងនេះ​នៅតែប​ន្ដ​បំពាក់​ប្រព័ន្ធ​Android​ដដែល ប៉ុន្ដែ​មាន​ចំណុច​ខុសគ្នា​នឹង​ទូរស័ព្ទ​មុនៗ គឺ​គ្មាន​សេវាកម្ម​ឬក៏​កម្មវិធី​របស់​Google​។​

​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​របស់​ចិន​មួយ​នេះ ត្រូវបាន​អាមេរិក​ដាក់ទណ្ឌកម្ម​ចន្លោះពេល​មាន​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​ចិន​។ ក្រោយមក​ក្រុមហ៊ុន​ក៏​បានសម្រេច​ប្រើប្រាស់​កម្មវិធី​របស់ខ្លួន​ជំនួស​Google​។ Browser​របស់​Huawei​នឹង​ជំនួស​Google Chrome ហើយ​អ្នកប្រើប្រាស់​អាច​ប្រើ​Huawei AppGallery ដោយ​មិនចាំបាច់​ប្រើ​Google Play Store​ទៀត​ទេ​។ ចំណែក​កម្មវិធី​YouTube​ក៏​លែងមាន​ទៀត​ដែរ រួមទាំង​មាន​ការផ្លាស់ប្ដូរ​មួយចំនួនទៀត​៕

ព័ត៌មានផ្សេងទៀត