ក្រសួងបរិស្ថាន​​សម្រេច​អោយ​បង្កើត​រោងចក្រ​បារី​​និង​ស៊ី​ហ្គា​ដោយ​ផ្អែកលើ​លទ្ធផល ៩​ចំណុច​​

20-09-2019 11:46 am 147

​នៅក្នុង​កិច្ចប្រជុំ​អន្តរក្រសួង ដើម្បី​ពិនិត្យ​និង​ផ្តល់យោបល់​លើ​របាយការណ៍​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន និង​សង្គម​ដំបូង (IESIA) សម្រាប់​គម្រោង​បង្កើត​រោងចក្រ​ផលិត​បារី និង​ស៊ី​ហ្គា កាលពី​ថ្ងៃទី​១៩ ខែ​កញ្ញា ដែល​ដឹកនាំ​ដោយ​លោក​ជា សំអាង អនុរដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន បានសម្រេច​អោយ​បង្កើត​រោងចក្រ​ផលិត​បារី និង​ស៊ី​ហ្គា ដែល​ស្ថិតនៅ​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​
​នៅក្នុង​កិច្ចប្រជុំ​នោះដែរ​ជា​លទ្ធផល ក្រសួង​បានសម្រេច​ចំនួន ៦​ចំណុច​ដែល​រួមមាន​៖

១.​អង្គប្រជុំ​គាំទ្រ​គម្រោង​នេះ 
 ២.​ក្រុមហ៊ុន​ត្រូវមាន​ផែនការ​គ្រប់គ្រង​សំណល់​រាវ​ដែល​ចេញពី​ខ្សែសង្វាក់​ផលិតកម្ម​ដោយ​ឆ្លងកាត់​អាង​ប្រព្រឹត្តិកម្ម​សំណល់​រាវ​ឱ្យ​ត្រឹមត្រូវ ព្រមទាំង​យក​សំណល់​រាវ​ដែល​បាន​សម្អាត​រួច​យកទៅ​ស្រោច​ដើមឈើ រុក្ខជាតិ និង​មួយផ្នែក​ទៀត បង្ហូរ​ទៅក្នុង​ប្រឡាយ នៅមុខ​រោងចក្រ ដោយ​អនុលោម​តាម​ស្តង់ដារ​របស់​ក្រសួង​បរិស្ថាន​។ ៣.​ក្រុមហ៊ុន​ត្រូវមាន​ផែនការ កាត់បន្ថយ​ក្លិន​ចេញពី​រោងចក្រ​ឱ្យបាន​ត្រឹមត្រូវ ដោយ​បំពាក់​ឧបករណ៍​សម្អាត​ក្លិន ចៀសវាង​បង្កឱ្យមាន​ការបំពុល​ខ្យល់​ដែល​នាំឱ្យមាន​ការប៉ះពាល់​ដល់​សុខភាព​បុគ្គលិក​-​កម្មករ និង​ប្រជាពលរដ្ឋ​ក្បែរ​ទីតាំង​គម្រោង​
៤.​ក្រុមហ៊ុន​ត្រូវមាន​ផែនការ​ដាំ​ដើមឈើ​ក្នុង​បរិវេណ​ទីតាំង​គម្រោង​របស់​ក្រុមហ៊ុន ដើម្បី​បង្កើត​តំបន់​បៃតង ។​
 ៥.​ក្រុមហ៊ុន​ត្រូវ​ផ្តល់​សម្ភារ ឧបករណ៍​សុវត្ថិភាព​ការងារ​ដល់​បុគ្គលិក​-​កម្មករ រួមទាំង​ចុះបញ្ជី ប​.​ស​.​ស ដល់​បុគ្គលិក​-​កម្មករ​ឱ្យបាន​ត្រឹមត្រូវ​
៦.​ក្រុមហ៊ុន​ធ្វើ​ការពិនិត្យ​សុខភាព​បុគ្គលិក​-​កម្មករ រៀងរាល់​៦​ខែម្តង​
 ៧.​ក្រុមហ៊ុន​ត្រូវ​ផ្តល់​ឱ​កាល​ការងារ​ដល់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ចូល​បម្រើ​ការងារ​ក្នុង​ក្រុមហ៊ុន ឱ្យអស់​លទ្ធភាព​ដែល​អាច​ធ្វើទៅបាន ព្រមទាំង​ចូលរួម​អភិវឌ្ឍន៍​ភូមិ​-​ឃុំ​ទៅតាម​លទ្ធភាព​
៨.​ក្រុមហ៊ុន​ត្រូវ​អនុវត្តន៍​ឱ្យបាន​ត្រឹមត្រូវ​ទៅតាម​ការរៀបរាប់​ដែលមាន​នៅក្នុង​របាយការណ៍ IESIA នេះ  
៩.​ក្រុមហ៊ុន​ម្ចាស់​គម្រោង​ត្រូវ​សហការ​ជាមួយ​ក្រុមហ៊ុន​ទីប្រឹក្សា ដើម្បី​កែសម្រួល​និង​បញ្ចូល​មតិយោបល់​ចូលក្នុង​របាយការណ៍​នេះ ស្របតាម​ស្មារតី​អង្គប្រជុំ 

​សូមបញ្ជាក់ថា សម្រាប់​គម្រោង​បង្កើត​រោងចក្រ​ផលិត​បារី និង​ស៊ី​ហ្គា លើ​ផ្ទៃដី​ទំហំ ១៨,១៩៨៧​ហិកតា គឺមាន​ទីតាំង​ស្ថិត​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ភូមិ​អូរ​ឧកញ៉ា​ហេង ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ របស់​ក្រុមហ៊ុន POWER CIGAR TABACCO CO., LTD និង​រៀបចំ​របាយការណ៍ IESIA ដោយ​ក្រុមហ៊ុន​ទីប្រឹក្សា​E&A CONSULTANT CO., LTD ៕

ព័ត៌មានផ្សេងទៀត