ឥណ្ឌូនេស៊ី​គ្រោង​វិនិយោគ​លើ​វិស័យ​ផ្លូវដែក​និង​កំពង់ផែ​នៅ​កម្ពុជា​

20-09-2019 11:16 am 113

លោក Budi Karya Sumadi រដ្ឋមន្ត្រី​ក្រសួង​ដឹកជញ្ជូន នៃ​សាធារណរដ្ឋ​ឥណ្ឌូនេស៊ី បាន​បង្ហើប​ឲ្យដឹង​នៅក្នុង​ជំនួប​រវាង​លោក​ស៊ុន ចាន់ថុល ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​ឥណ្ឌូនេស៊ី ដែល​មាន​បំណង​ចង់​ពង្រីក​នូវ​អាជីវកម្ម និង​វិនិយោគ​លើ​វិស័យ​ផ្លូវដែក និង​កំពង់ផែ​នៅ​កម្ពុជា ដើម្បី​លើកកម្ពស់​កិច្ច​សហ​ប្រតិ បត្តិការ​ហេដ្ឋារចនាសម្ព័ន្ធ​ដឹក​ជញ្ជូន​។ 

​ដើម្បី​ពង្រឹង និង​ពង្រីក​នូវ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​ផ្លូវគោក ផ្លូវដែក ផ្លូវទឹក និង​កំពង់ផែ រវាង​ប្រទេស​កម្ពុជា និង​ឥណ្ឌូនេស៊ី លោក Budi Karya Sumadi រដ្ឋមន្ត្រី​ក្រសួង​ដឹកជញ្ជូន​នៃ​សាធារណរដ្ឋ​ឥណ្ឌូនេស៊ី គ្រោង​វិនិយោគ​លើ​វិស័យ​ផ្លូវដែក និង​កំពង់ផែ​នៅ​កម្ពុជា ព្រោះ​ប្រទេស​ឥណ្ឌូនេស៊ី​មាន​រោងចក្រ​រដ្ឋ​ដ៏​ធំ​ផលិត​ទូ និង​ក្បាលរថភ្លើង ដែក​រ៉ៃ និង​គ្រឿង​បង្គុំ​ផ្សេងៗ សម្រាប់​បម្រើ​ឲ្យ​ការលើ​កកម្រឹត និង​ការសាងសង់​ផ្លូវដែក ហើយ​ចំពោះ​កំពុងផែ​វិញ ប្រទេស​ឥណ្ឌូនេស៊ី​មាន​រោងចក្រ​រដ្ឋ​ធំៗ​ផលិត​នាវា គ្រឿង​ឧបករណ៍​សម្ភារៈ​បរិក្ខា​កំពង់ផែ​ផងដែរ​។​

​នៅក្នុង​ឱកាស​នោះ​ដែរ លោក​រដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏​បាន​បង្ហាញ​ពី​គម្រោង​លើក​កម្រិត​ផ្លូវដែក​របស់​កម្ពុជា ដែល​មាន​ស្រាប់ និង​គម្រោង​សាងសង់​ផ្លូវដែក​ថ្មី ព្រម​ទាំង​គម្រោង​អភិវឌ្ឍន៍​កំពង់ផែ​របស់​កម្ពុជា ហើយ​លោក​រដ្ឋមន្ត្រី​ក៏​បាន​ស្វាគមន៍​ដល់​បំណង​ធ្វើ​កិច្ចសហប្រតិបត្តិការ និង​វិនិយោគ​របស់​ឥណ្ឌូនេស៊ី និង​លើកទឹកចិត្ត​ឲ្យ​ភាគី​ឥណ្ឌូនេស៊ី មក​សិក្សា​និង​ពិនិត្យ​លទ្ធភាព​ក្នុង​ការវិនិយោគ​នៅ​កម្ពុជា​។​

​សូមបញ្ជាក់​ថា លោក ស៊ុន ចាន់ថុល ក៏​បាន​ស្នើ​ដល់​រដ្ឋាភិបាល​ឥណ្ឌូនេស៊ី​ពិចារណា​ឡើងវិញ លើ​ការទិញ​អង្ករ​ពី​ប្រទេស​កម្ពុជា ដែល​ភាគី​ទាំងពីរ​បាន​ចុះ​អនុស្សរណៈ​ជាមួយគ្នា កាលពី​ឆ្នាំ​២០១២ កន្លងមក ខណៈ​រដ្ឋមន្ត្រី​ដឹកជញ្ជូន​ឥណ្ឌូនេស៊ី បាន​សន្យា​ពាំនាំ​នូវ​សំណើ​របស់​លោក ស៊ុន ចាន់ថុល ដល់​ក្រសួង​មាន​សមត្ថភាព​ដើម្បី​ពិចារណា​៕


ព័ត៌មានផ្សេងទៀត