លោក​សម រង្ស៊ី ​នៅតែ​បន្ត​​សារ​នយោបាយ ​ដែល​រង​ការ​ចោទថា​​ប្រមាថ​ព្រះមហាក្សត្រ​!​

20-09-2019 11:02 am 1609

​សារ​នយោបាយ​របស់លោក​សម រង្ស៊ី ដែល​ពាក់ព័ន្ធ​នឹង​ព្រះមហាក្សត្រ កំពុងតែ​ត្រូវបាន​អាជ្ញាធរ​កម្ពុជា ចាត់ទុកថា​ជា​ការប្រមាថ​ព្រះមហាក្សត្រ និង​សូម្បីតែ​ក្រសួងព្រះបរមរាជវាំង​ក៏​ចេញមក​ថ្កោលទោស​លោក​សម រង្ស៊ី​ដែរ​។ បែបនេះ​ក្តី ក៏​នៅតែ​មិនបាន​ធ្វើឲ្យ​លោកសម រង្ស៊ី ដកថយ ឬ​ចេញ​សារ​សុំ​ទទួលស្គាល់​កំហុស ចំពោះ​ការប្រើ​ពាក្យសម្តី​ធ្ងន់ៗ ប៉ះពាល់​ដល់​ព្រះមហាក្សត្រ នោះដែរ​។​

​លោក​សម រង្ស៊ី នៅតែ​បន្ត​សរសេរ​នៅលើ Facebook របស់លោក ដែល​កាន់តែ​ប៉ះពាល់​ធ្ងន់​ឡើង ដោយ​លោក​និយាយថា ព្រះមហាក្សត្រ​សព្វថ្ងៃ ជា​ស្ដេច​ល្ខោន សម្រាប់​លោក​ហ៊ុន សែន ប្រើប្រាស់​តែប៉ុណ្ណោះ​។ លោក​បន្ថែមថា តួនាទី​មហាក្សត្រ​សព្វថ្ងៃ គ្មាន​ប្រយោជន៍​អ្វី​ទាល់តែសោះ សម្រាប់​ប្រជារាស្ត្រ​ខ្មែរ​។​

​លោក​សម រង្ស៊ី និយាយ​ឌឺដង ឡកឡឺយ​យ៉ាង​ដូច្នេះ​ថា ៖«​ខ្ញុំ សម រង្ស៊ី អស់សំណើច​ពី​តុលាការ​អាយ៉ង នៅ​ទី​ក្រុងភ្នំពេញ ដែល​បានចេញ ហើយ​កំពុងតែ​ចេញ ដីកាចាប់ខ្លួន​ខ្ញុំ ជា​បន្តបន្ទាប់​កាន់តែ​ច្រើនឡើងៗ តែ​គ្មាន​ប្រសិទ្ធភាព​អ្វី​ទាល់តែសោះ​។ ក្នុង​រឿង​គេ​ចោទប្រកាន់​ខ្ញុំ ថា​ខ្ញុំ​ប្រមាថ​ព្រះមហាក្សត្រ ខ្ញុំ​នៅតែ​បន្ត​អះអាងថា មហាក្សត្រ​សព្វថ្ងៃ ជា​ស្ដេច​ល្ខោន​ដែល ហ៊ុន សែន ប្រើ​ដើម្បី​គ្រាន់តែ​លម្អរ​បប​តិរច្ឆាន​របស់គាត់​។ អត្ថា​ធិប្បា​យ​របស់ខ្ញុំ​នេះ​មានបំណង​ចង់ ឲ្យមាន​ការជជែក តាមរបៀប​ប្រជាធិបតេយ្យ អំពី​តួនាទី​មហាក្សត្រ​សព្វថ្ងៃ ដែល​គ្មាន​ប្រយោជន៍​អ្វី​ទាល់តែសោះ សម្រាប់​ប្រជារាស្ត្រ​ខ្មែរ​»​។​

​កាលពី​ថ្ងៃទី​១៦ កញ្ញា ឆ្នាំ​២០១៩ លោក កូយ សៅ អនុប្រធាន និង​ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ បានចេញ​ដីកា​មួយ​បង្គាប់​ឲ្យ​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់ ស្រាវជ្រាវ និង​នាំខ្លួន លោក​សម រង្ស៉ី ដើម្បី​យកមក​ចាត់ការ​តាម​ផ្លូវច្បាប់ ក្រោម​ការចោទប្រកាន់​ពីបទ ប្រមាថ អង្គ​ព្រះមហាក្សត្រ​។ ដីកា​ឱ្យ​ចាប់ខ្លួន​នេះ ធ្វើឡើង​បន្ទាប់ពី​លោក​សម រង្ស៉ី និយាយ​ក្នុង​កិច្ចសម្ភាសន៍​ជាមួយ​វិទ្យុ​អាស៊ីសេរី នា​យប់​ថ្ងៃទី​១២ កញ្ញា ឆ្នាំ​២០១៩ ថា​ព្រះមហាក្សត្រ ជា «​ចំណាប់ខ្មាំង​» និង​ជា «​អាយ៉ង​» របស់ លោក​ហ៊ុន សែន​។​

​ជា​ការកត់សម្គាល់ រហូត​មកដល់ពេលនេះ លោក​សម រង្ស៉ី កំពុងមាន​សំណុំរឿង​នៅ​តុលាការ ចំនួន​១៤​ករណី ដែល​ក្នុងនោះ​មាន​ទាំង​បណ្ដឹង​ប្រមាថ​ព្រះមហាក្សត្រ និង​បណ្ដឹង​របស់​ថ្នាក់ដឹកនាំ ក្នុង​ជួរ​រាជរដ្ឋាភិបាល​កម្ពុជា​។ ក្នុងចំណោម​សំណុំរឿង​ទាំង​១៤​របស់លោក​សម រង្ស៉ី មាន​ចំនួន​៦​សំណុំរឿង​ហើយ ដែល​សាលក្រម​បាន​ចូល​ជា​ស្ថាពរ​ផងដែរ​។ តែ​យ៉ាងណា លោក​មិនទាន់បាន​អនុវត្ត​ទោស​នៅឡើយ​ទេ​៕

ព័ត៌មានផ្សេងទៀត