អង្គការលើកលែងទោសអន្ដរជាតិបានចោទប្រកាន់ប៉ូលិសហុងកុងថា បានប្រព្រឹត្ដអំពើរំលោភបំពានផ្សេងៗ និងបានធ្វើទារុណកម្មលើក្រុមបាតុករផងដែរ។ ការចោទប្រកាន់ធ្វើឡើងនៅថ្ងៃទី២០កញ្ញានេះ បន្ទាប់ពីការតវ៉ានៅហុងកុងបានកើតឡើងជាងបីខែមកហើយ។ ប៉ុន្ដែសម្រាប់ប៉ូលិសបាននិយាយថា ពួកគេព្យាយាមអត់ធ្មត់ខ្លាំងណាស់ ចំពោះការតវ៉ាដែលផ្ទុះជាអំពើហិង្សានៅតាមដងផ្លូវ។
ក្រុមបាតុករប្រឆាំងរដ្ឋាភិបាលហុងកុង នាំគ្នាតវ៉ាប្រឆាំងនឹងសេចក្ដីព្រាងច្បាប់ធ្វើបត្យាប័នជាមួយចិន តែទោះជាសេចក្ដីព្រាងច្បាប់ត្រូវលុបចោលក៏ពួកគេកើតទុក្ខមិនសុខចិត្ដ ដោយទាមទារលើលក្ខខណ្ឌជាច្រើនពីរដ្ឋាភិបាល។ ការតវ៉ាបានផ្ទុះជាអំពើហិង្សាច្រើនលើកច្រើនសារ ហើយប៉ូលិសក៏ប្រើឧស្ម័នបង្ហូរទឹកភ្នែក កាំភ្លើងគ្រាប់ជ័រ កាណុងបាញ់ទឹក ដើម្បីបែកក្រុមតវ៉ាកុំឲ្យបំផ្លាញទ្រព្យសម្បត្ដិសាធារណៈ និងបង្កចលាចលកាន់តែខ្លាំង។
ជុំវិញភាពចម្រូងចម្រាសបណ្ដាលឲ្យមនុស្សរបួសជាច្រើននាក់ និងចាប់ខ្លួនរាប់ពាន់នាក់ផងនោះ អង្គការលើកលែងទោសអន្ដរជាតិចាត់ទុកថា កងកម្លាំងសន្ដិសុខហុងកុងកំពុងធ្វើសកម្មភាពប្រឆាំងច្បាប់។ អង្គការចាត់ទុកវាគឺជាទង្វើដែលមិនស្របច្បាប់ ប្រឆាំងសិទ្ធិក្រុមតវ៉ាគាំទ្រប្រជាធិបតេយ្យ។ អ្វីដែលចាត់ទុកថាជាការរំលោភបំពាន រួមបញ្ចូលទាំងការចាប់ខ្លួនមនុស្សតាមអំពើចិត្ដ និងការប្រើអំពើហិង្សាសងសឹកលើជនដែលត្រូវបានចាប់ខ្លួននៅមន្ទីរឃុំឃាំង ហើយខ្លះទៀតមានការធ្វើទារុណកម្មជាដើម។ អ្វីដែលបានអះអាងធ្វើឡើងក្រោយពីមានការស៊ើបអង្កេតច្បាស់លាស់ និងការស្វែងរកឃើញភស្ដុតាងមកបញ្ជាក់។
ឆ្លើយតបនឹងរបាយការណ៍របស់អង្គការលើកលែងទោសអន្ដរជាតិ ប៉ូលិសបាននិយាយថាពួកគេបានគោរពយ៉ាងពេញលេញនូវសិទ្ធិឯកជន ភាពថ្លៃថ្នូរ និងសិទ្ធិរបស់អ្នកជាប់ឃុំ ដោយយោងទៅលើបទបញ្ជាដែលអនុញ្ញាតឲ្យដឹកអ្នកជាប់ឃុំទៅមន្ទីរពេទ្យ អាចទាក់ទងជាមួយមេធាវី និងអាចទាក់ទងជាមួយក្រុមគ្រួសារបាន។ កងកម្លាំងប្រើប្រាស់ដោយអង្គភាពប៉ូលិស ជាកងកម្លាំងដ៏សំខាន់បំផុតអនុវត្ដការងារដោយស្របច្បាប់។
ប៉ូលិសបានបញ្ជាក់ផងដែរថា មិនមែនតែក្រុមបាតុករទេដែលរងរបួស កងកម្លាំងប៉ូលិសប្រមាណជិត២៤០នាក់ក៏របួស។ ប៉ូលិសទាំងអស់មានការអត់ធ្មត់ខ្លាំងបំផុត ដើម្បីស្ដារសណ្ដាប់ធ្នាប់សាធារណៈ និងសន្ដិសុខនៅក្នុងក្រុងហុងកុងឡើងវិញ បន្ទាប់ពីញាំញីដោយការតវ៉ាជាងបីខែកន្លងមក។ គួរជម្រាបជូនថា ការតវ៉ានៅហុងកុងពេលនេះគឺជាការតវ៉ាទ្រង់ទ្រាយធំបំផុតមិនធ្លាប់មាន តាំងពីហុងកុងត្រូវអង់គ្លេសប្រគល់ឲ្យចិនគ្រប់គ្រងក្នុងឆ្នាំ១៩៩៧៕