អាមេរិក​​កំពុង​បង្កើត​​ក្រុមចម្រុះ​មួយ​​បន្ទាប់ពី​​ការវាយប្រហារ​​ទីតាំង​ប្រេង​​អា​រ៉ាប៊ីសាអូឌីត​

20-09-2019 9:53 am 164

​សហរដ្ឋអាមេរិក​បាន​បញ្ជាក់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ខ្លួន​បាននិងកំពុង​បង្កើត​សម្ព័ន្ធ​ចម្រុះ​មួយ ដើម្បី​ប្រឆាំង​ការគំរាមកំហែង​របស់​អ៊ីរ៉ង់ បន្ទាប់ពី​មាន​ការវាយប្រហា​រលើ​រោងចក្រ​ប្រេង​អា​រ៉ាប៊ីសាអូឌីត​កាលពីចុង​សប្ដា​ហ៍មុន​។ អ៊ីរ៉ង់​វិញ​បាន​ព្រមាន​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ កុំឲ្យ​បង្កសង្គ្រាម​នៅ​តំបន់ម​ជ្ឈិ​ម​បូព៌ា និង​និយាយថា​អ៊ីរ៉ង់​នឹង​ឆ្លើយតប​នូវ​រាល់​សកម្មភាព​វាយលុក​របស់​អាមេរិក​។ 

​រដ្ឋមន្ដ្រីការបរទេស​អាមេរិក​លោក​ម៉ៃ ផុម​ភី​អូបា​ននិយាយថា លោក​ត្រាំ​ចង់បាន​ការដោះស្រាយ​បញ្ហា​ដោយ​សន្ដិភាព​ប៉ុណ្ណោះ​។ លោក​និយាយ​ដូច្នេះ​បន្ទាប់ពី​បាន​ជួប​ជាមួយ​មេដឹកនាំ​អា​រ៉ាប៊ីសាអូឌីត​និង​មេដឹកនាំ​អា​រ៉ាប់រួម ជុំវិញ​ការវាយប្រហា​រលើ​រោងចក្រ​ប្រេង ដែល​ទីក្រុង​វ៉ាស៊ីនតោន​និង​ទីក្រុង​រី​យ៉ាដ​របស់​អារ៉ាប៊ីសាអូឌីត​បន្ទោស​យ៉ាងខ្លាំង​លើ​អ៊ីរ៉ង់​។ យ៉ាងណាមិញ​អ៊ីរ៉ង់​បាន​បដិសេធ​មិន​ពាក់ព័ន្ធ​នឹង​ការវាយប្រហារ​កាលពី​ថ្ងៃ​ទី​១៤​កញ្ញា​នោះទេ ប៉ុន្ដែ​ទាំង​អាមេរិក​និង​អា​រ៉ាប៊ីសាអូឌីត​សុទ្ធតែអះ​អាង​ថា អ៊ីរ៉ង់​ជា​មេក្លោង​នៅ​ពីក្រោយ​។ 

​កាលពី​ថ្ងៃ​ព្រហស្បតិ៍​លោក​ផុម​ភី​អូបាន​ជួបពិភាក្សា​ជា​មួយព្រះអង្គ​ម្ចាស់អា​រ៉ាប៊ីសាអូឌីត និង​ជួប​ជាមួយ​មេដឹកនាំ​អារ៉ាប់​រួម ដោយបាន​ឯកភាព​បង្កើត​នូវ​សម្ព័ន្ធ​ចម្រុះ​មួយ ក្នុង​គោលបំណង​បង្កើតឲ្យបាន​សន្ដិភាព​និង​ដំណោះស្រាយ​ប្រកបដោយ​សន្ដិភាព​។ លោក​ផុម​ភី​អូ​សង្កត់ធ្ងន់ថា​នេះ​គឺជា​គោលបំណង​នៃ​បេសកកម្ម​របស់លោក ហើយ​ជា​អ្វីដែល​លោក​ប្រធានាធិបតី​ត្រាំ​ចង់ឲ្យ​លោក​សម្រេចវា​ឲ្យបាន​។ លោក​សង្ឃឹមថា​សាធារណរដ្ឋ​អ៊ីស្លាម​អ៊ីរ៉ង់​នឹង​មើលឃើញ​វិធីសាស្ដ្រ​ដូចគ្នា​។ 

​លោក​ផុម​ភី​អូមិន​បានបញ្ជាក់​លម្អិត​ពី​សម្ព័ន្ធ​ចម្រុះ​នោះទេ គ្រាន់តែ​ថា​វា​ជា​សកម្មភាព​ការទូត​មួយ​។ ប្រទេស​អារ៉ាប់​រួម អា​រ៉ាប៊ីសាអូឌីត អង់គ្លេស និង​បា​រ៉ែ​ន​និយាយថា​ពួកគេ​នឹងចូលរួម​។ ចំណែក​អ៊ីរ៉ាក់​ប្រកាស​មិន​ចូលរួម​ឡើយ ខណៈ​បណ្ដា​ប្រទេស​នៅ​អឺរ៉ុប​ភាគច្រើន​កំពុង​ស្ទាក់ស្ទើរ​នៅឡើយ បារម្ភ​ខ្លាច​ការចុះហត្ថលេខា​ក្នុង​សម្ព័ន្ធ​ចម្រុះ​នេះ រឹងរឹតតែ​ធ្វើឲ្យ​ផ្ទុះ​ភាព​តានតឹង​កាន់តែខ្លាំ​ង​នៅ​មជ្ឈិម​បូព៌ា​៕

ព័ត៌មានផ្សេងទៀត