អង្គការ​WHO​ផ្តល់​$៣​លាន​អនុវត្ត​កម្មវិធី​ផ្តោតលើ​វិស័យ​ពីរ​ដល់​កម្ពុជា​និង​៣​ប្រទេស​ទៀត​

19-09-2019 9:59 pm 46

​ប្រទេស​កម្ពុជា និង​ប្រទេស​ចំនួន​៣​ផ្សេងទៀត ទទួលបាន​គម្រោង​អភិវឌ្ឍ​ថ្មី លើ​វិស័យ​សុខាភិបាល និង​វិស័យ​ការងារ ពី​អង្គការ​សុខភាព​ពិភពលោក (WHO) ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ៣​លាន​ដុល្លារ​អាមេរិក ...

​អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ទម្លាក់​កញ្ចប់​ថវិកា​ប្រមាណ​៣​លាន​ដុល្លារ ដើម្បី​អនុវត្ត​កម្មវិធី​អភិវឌ្ឍ​ថ្មី​ផ្តោតលើ​វិស័យ​សុខាភិបាល និង​វិស័យ​ការងារ​នៅ​កម្ពុជា គី​ហ្គីស​ស្តង់ នេ​ប៉ាល់ និង​ស្រីលង្កា រយៈពេល​៣​ឆ្នាំ ចាប់ពី​ខែ​មិថុនា ឆ្នាំ​២០១៨ ដល់​ខែ​ឧសភា ឆ្នាំ​២០២១ ។​

​ក្នុង​ជំនួប​ជាមួយ​លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នា​រសៀល​ថ្ងៃ​ទី​១៩ កញ្ញា លោក John Ritchotte មន្ត្រី​ទទួលបន្ទុក​ទំនាក់ទំនង​អន្តរជាតិ​ប្រចាំ​ទីក្រុង​បាងកក​ថ្លែងថា គម្រោង​នេះ​នឹង​ជួយ​អភិវឌ្ឍ​វិស័យ​សុខាភិបាល​នៅ​កម្ពុជា តាមរយៈ​ការពង្រីក​សេវា​សុខាភិបាល​ឱ្យ​ដល់​ប្រជាពលរដ្ឋ ដែល​ត្រូវការ​សេវា​សុខាភិបាល ខណៈ​សេវា​សុខាភិបាល​នៅ​កម្ពុជា​បច្ចុប្បន្ន​កំពុង​មាន​តម្រូវការ​កាន់តែច្រើន ។   

​លោក​បន្តថា តាមរយៈ​ការពង្រីក​សេវា​សុខាភិបាល​នៃ​ការអនុវត្ត​គម្រោង​នេះ ក៏​បាន​បង្កើត​ឱកាស​ការងារ​យ៉ាង​ច្រើន​ដល់​ធនធានមនុស្ស ដែល​បាន​កំពុង​សិក្សា​ផ្នែក​សុខាភិបាល វេជ្ជសាស្ត្រ ដើម្បី​រួមចំណែក​អភិវឌ្ឍ​វិស័យ​ការងារ​នៅ​កម្ពុជា ។​

​លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​បង្ហាញ​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​ការអនុវត្ត​គម្រោង​នេះ ព្រោះ​គម្រោង​បាន​ស្របទៅនឹង​ស្ថានភាព​ដែល​កម្ពុជា​កំពុង​ត្រូវការ​ដៃគូ​ជួយ​អភិវឌ្ឍ​វិស័យ​សុខាភិបាល ក៏ដូចជា​វិស័យ​ការងារ​នៅ​កម្ពុជា ៕

ព័ត៌មានផ្សេងទៀត