លោក​វេង សាខុន​ដាក់ចេញ​វិធានការ​៦​ចំណុច​ដល់​ថ្នាក់ដឹកនាំ និង​មន្ត្រី​របស់​ខ្លួន​អនុវត្ត​

19-09-2019 6:29 pm 107

លោក​វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ដាក់​ចេញ​វិធានការ​ចំនួន ៦​ចំណុច​ដល់​ថ្នាក់ដឹកនាំ និង​មន្ត្រី​របស់​ខ្លួន ដែល​ត្រូវតែ​រួម​គ្នា​អនុវត្តន៍​ឲ្យទទួល​បាន​ជោគជ័យ​នា​ពេលខាងមុខ​ដែល​រួមមាន​៖

១.​ការ​វិវឌ្ឍន៍​នៃ​ស្ថានភាព​នយោបាយ និង​សេដ្ឋកិច្ច​របស់​ប្រទេសជាតិ និង​អន្តរជាតិ​

២.​ការពិនិត្យ និង​វាយតម្លៃ​លើ​បច្ចុប្បន្នភាព​នៃ ការអនុវត្ត​គោលនយោបាយ និង​ផែនការ​អភិវឌ្ឍ​វិស័យ​កសិកម្ម បញ្ហា​ប្រឈម និង​យន្តការ​ដោះស្រាយ​

៣.​ការពង្រឹង​ការអនុវត្ត​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្តិ​ក្រោម​ច្បាប់ ដោយ​ឈរ​លើ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​

៤.​ការពង្រឹង​សាមគ្គី​ផ្ទៃក្នុង គោរព​វិន័យ ក្រមសីលធម៌​មន្ត្រីរាជការ ក្នុង​ការគ្រប់គ្រង ដឹកនាំ​ការបំពេញភារកិច្ច​ស្រប​តាម​សហលក្ខន្តិកៈ មន្ត្រីរាជការ​ស៊ីវិល និង​ត្រូវ​គោរព​តាម​ឋានានុក្រម​ការងារ ជា​ចាំបាច់​តាម​គោលការណ៍ «​សមូហភាព​ដឹកនាំ បុគ្គល​ទទួលខុសត្រូវ​»

៥.​ត្រូវ​យក​អស់​ស្មារតី​ទទួលខុសត្រូវ ដើម្បី​ចូលរួម​អភិវឌ្ឍ​វិស័យ​កសិកម្ម​ឲ្យ ស្រប​តាម​បរិបទ​នៃ​កំណើន​សេដ្ឋកិច្ច និង​ការ​វិវឌ្ឍន៍​រីកចម្រើន របស់​ប្រទេសជាតិ និង​ដើម្បី​ឈាន​ទៅ​សម្រេច​គោលនយោបាយ អភិវឌ្ឍ​វិស័យ​សិកម្ម​២០១៩-២០២៣ និង​ចក្ខុវិស័យ​របស់​រាជរដ្ឋាភិបាល​នា​ឆ្នាំ​២០៣០-២០៥០

៦.​តាមដាន​សភាពការណ៍ និង​បញ្ហា​ប្រឈម ការងារ​បង្កបង្កើនផល និង​ផលប៉ះពាល់​ដោយ​គ្រោះមហន្តរាយ ដែល​កើតមានឡើង​នៅតាម​បណ្តា​ខេត្ត ដែល​ថ្នាក់ដឹកនាំ​នី​មួយៗ​ទទួលបន្ទុក ក្នុង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​។​

​សូមបញ្ជាក់​ថា លោក​វេង សាខុន បាន​ដាក់ចេញ​នូវ​វិធានការ​ខាងលើនេះ ក្នុង​កិច្ចប្រជុំ​អចិន្ត្រៃយ៍​មួយ ដោយ​មាន​ការចូលរួម​ពី​លោក​-​លោកស្រី​រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ប្រតិភូ​រាជរដ្ឋាភិបាល ទីប្រឹក្សា ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ រាជធានី​ខេត្ត និង​លោក​-​លោកស្រី​មន្ត្រី​រាជការ​ជាច្រើន​ទៀត​៕

 

 ពាក្យគន្លឹះ  លោកវេង សាខុន

ព័ត៌មានផ្សេងទៀត