នៅទីបំផុតនាយករដ្ឋមន្ដ្រីអ៊ីស្រាអែលលោកបេនចាមីន នេតាន់យ៉ាហ៊ូ បានបោះដៃទៅរកគូប្រជែងគឺលោកបេននី ហ្គែនស៍ នៃគណបក្សខៀវនិងស ដើម្បីស្នើសុំឲ្យរួមគ្នាបង្កើតរដ្ឋាភិបាលសហព័ន្ធ។ ការប្រកាសដូច្នេះបន្ទាប់ពីលោកបរាជ័យ ក្នុងការបោះឆ្នោតដ៏ចម្រូងចម្រាសរបស់អ៊ីស្រាអែល។ លោកនេតាន់យ៉ាហ៊ូដែលរំពឹងនឹងអាចបន្ដកាន់តំណែងនៅអាណត្ដិទី៥ បានចេញការអំពាវនាវនៅថ្ងៃទី១៩កញ្ញានេះ។ លោកបញ្ជាក់ប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា លោកបានអំពាវនាវឲ្យបង្កើតរដ្ឋាភិបាលស្ដាំនិយម ប៉ុន្ដែជារឿងគួរឲ្យសោកស្ដាយព្រោះលទ្ធផលរបស់លោកមិនអាចទៅរួចឡើយ។
នាយករដ្ឋមន្ដ្រីវ័យ៦៩ឆ្នាំរូបនេះបញ្ជាក់បន្ថែមដូច្នេះថា “លោកបេននី យើងត្រូវតែបង្កើតរដ្ឋាភិបាលរួមមួយឲ្យបានឆាប់។ ប្រទេសជាតិរំពឹងថាយើងទាំងពីរនឹងបង្ហាញការទទួលខុសត្រូវ ហើយត្រូវតែបន្ដកិច្ចសហការ។” យ៉ាងណាមិញគណបក្សខៀវនិងសរបស់លោកបេននីមិនទាន់ឆ្លើយតបអ្វីទេ តែគូប្រជែងដ៏ធំបំផុតរបស់លោកនេតាន់យ៉ាហ៊ូរូបនេះធ្លាប់និយាយថា លោកសង្ឃឹមសម្រាប់ការបង្កើតរដ្ឋាភិបាលរួមមួយដោយល្អប្រសើរ។ ដើមឡើយលោកបេននីធ្លាប់និយាយថា ការចងសម្ព័ន្ធជាមួយគណបក្សស្ដាំនិយមលីគួដរបស់លោកនេតាន់យ៉ាហ៊ូមិនមែនជាជម្រើសទេ។
គួរបញ្ជាក់ថាអ៊ីស្រាអែលបានរៀបចំការបោះឆ្នោតម្ដងទៀតកាលពីថ្ងៃទី១៧កញ្ញា បន្ទាប់ពីការបោះឆ្នោតលើកទីមួយកាលពីខែមេសា។ ក្រោយការរាប់សន្លឹកឆ្នោតបានបញ្ចប់ លទ្ធផលបង្ហាញថាគណបក្សខៀវនិងសបានឈ្នះ៣៣ក្នុងចំណោម១២០អាសនៈ រីឯគណបក្សលីគួដរបស់លោកនេតាន់យ៉ាហ៊ូ ទទួលបានអាសនៈតែ៣១ប៉ុណ្ណោះ។ លទ្ធផលនេះបង្ហាញដែរថាគ្មានគណបក្សណាមួយ មានសំឡេងគ្រប់គ្រាន់បង្កើតរដ្ឋាភិបាលដោយខ្លួនឯងបានទេ ដែលបង្ខំឲ្យគូប្រជែងទាំងពីរត្រូវស្វែងរកការចង់សម្ព័ន្ធភាពជាមួយគណបក្សមានចិត្ដគំនិតដូចគ្នា៕