រដ្ឋមន្ដ្រី​​កីឡា​​ឥណ្ឌូនេស៊ី​ចុះ​ចេញ​ពី​តំណែង​​ក្រោយ​ជាប់​​ឈ្មោះ​​ពុករលួយ​

19-09-2019 3:09 pm 132
លោក​រដ្ឋមន្ដ្រី​អ៊ី​ម៉ា​ម ណះ​រ៉ា​វី

​ប្រធានាធិបតី​ឥណ្ឌូនេស៊ី​លោក​ចូកូ វី​ដូ​ដូនៅ​ថ្ងៃទី​១៩​កញ្ញា​នេះ​បានឲ្យដឹងថា រដ្ឋមន្ដ្រី​កីឡា​របស់លោក​បាន​ចុះ​ចេញពី​តំណែង​ហើយ បន្ទាប់ពី​មានឈ្មោះ​នៅ​ទីភ្នាក់ងារ​ប្រឆាំង​អំពើពុករលួយ ជា​ជនសង្ស័យ​ប្រព្រឹត្ដ​អំពើ​ស៊ីសំណូក​។ នេះ​គឺជា​ករណី​ទី​ពីរ​ដែលមាន​មន្ដ្រីជាន់ខ្ពស់​ឥណ្ឌូណេស៊ី ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ពុករលួយ​។ គណៈកម្មការ​ប្រឆាំង​អំពើពុករលួយ​ឥណ្ឌូនេស៊ី​កាលពី​ថ្ងៃទី​១៨​កញ្ញា បានបង្ហាញ​ឈ្មោះ​លោក​រដ្ឋមន្ដ្រី​អ៊ី​ម៉ា​ម ណះ​រ៉ា​វីនិង​ជំនួយការ​របស់លោក​ជាប់​ជា​ជនសង្ស័យ​។ 

​ចំពោះ​ករណី​សូកប៉ាន់​ពាក់ព័ន្ធ​នឹង​អង្គការ​ចំនួន​ពីរ ដោយ​លោក​ណះ​រ៉ា​វីត្រូវ​រង​ការចោទប្រកាន់ថា បានទទួល​ប្រាក់​សំណូក​២៦.៥​ពាន់​លាន​រ៉ូ​ពី ស្មើនឹង​១.៨៨​លាន​ដុល្លារ​អាមេរិក ជា​ថ្នូរ​នឹង​ការឯកភាព​លើ​សំណើ​បានដាក់​ទៅ​ក្រសួង​។ ប្រាក់​សំណូក​នោះ​ត្រូវបាន​ប្រើប្រាស់​ជា​លក្ខណៈ​ឯកជន តាមរយៈ​ជំនួយការ​ផ្ទាល់ខ្លួន​របស់លោក​។ ពេលនេះ​មន្ដ្រី​ជំនាញ​កំពុងបើក​ការស៊ើបអង្កេត​បន្ថែម​។​

​គួរ​បញ្ជាក់ថា លោក​ប្រធានាធិបតីចូកូ វី​ដូ​ដូ​ចាប់តាំងពី​ចូល​កាន់តំណែង​ក្នុង​ឆ្នាំ​២០១៤ លោក​បាន​សន្យា​នឹង​បោសសម្អាត​ឲ្យអស់​មន្ដ្រី​ពុករលួយ ដើម្បីឲ្យ​រដ្ឋាភិបាលក្លាយ​ជា​រដ្ឋាភិបាល​ស្អាតស្អំនិ​ង​មាន​ប្រសិទ្ធភាព​។ រីឯ​អតីតរដ្ឋមន្ដ្រី​សង្គមកិច្ច​របស់លោក​វី​ដូ​ដូ ក៏​ត្រូវបាន​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​៣​ឆ្នាំ​កាលពី​ខែ​មេសា ពាក់ព័ន្ធ​នឹង​ករណី​ប្រព្រឹត្ដ​អំពើពុករលួយ​ដូចគ្នា​៕​

ព័ត៌មានផ្សេងទៀត