​ក្រសួង​ទេសចរណ៍​៖​​រុស្ស៊ី​សន្យា​ជំរុញ​​ការហោះហើរ​ត្រង់​​មក​កម្ពុជា​​

19-09-2019 3:05 pm 152

​ក្រសួង​ទេសចរណ៍ បានបញ្ជាក់​ឱ្យដឹងថា រុស្ស៊ី​សន្យា​ជំរុញ​ការហោះហើរ​ត្រង់​មក​កម្ពុជា និង​ផ្សព្វផ្សាយ​ពី​ទេសចរណ៍​កម្ពុជា​ឱ្យបាន​ច្រើន​នៅ​ប្រទេស​របស់ខ្លួន ខណៈ​ស្នើ​ភាគី​រុស្ស៊ី​រៀបចំ​ឱ្យមាន​ដំណើរ​ទស្សនកិច្ច​ក​សិ​ទេសចរណ៍ (Farm Trip) នៅ​ប្រទេស​កម្ពុជា សម្រាប់​ប្រតិភូ និង​អ្នកសារព័ត៌មាន​មកពី​រុស្ស៊ី ឱ្យបាន​២​ដង​ក្នុង​មួយឆ្នាំ ដើម្បី​បង្កើន​ការផ្សព្វផ្សាយ​ពី​វិស័យ​ទេសចរណ៍ និង​គោលដៅ​ទេសចរណ៍​របស់​កម្ពុជា ទៅកាន់​ទីផ្សារ​ទេសចរណ៍​រុស្ស៊ី​ឱ្យបាន​ច្រើនឡើងផង​ដែរ​។ (​សេង បារាំង​)

​ក្រសួង​ទេសចរណ៍​បានឱ្យដឹងថា រុស្ស៊ី​ដែលជា​ប្រទេស​ធំជាងគេ​នៅលើ​ពិភពលោក បានទទួល​សំណើ​ក្នុង​ការជួយ​ជំរុញ​ការតភ្ជាប់​ជើងហោះហើរ​ត្រង់​មក​កម្ពុជា និង​សហការ​ជាមួយ​កម្ពុជា ក្នុង​ការផ្សព្វផ្សាយ​ពី​គោលដៅ​ទេសចរណ៍​កម្ពុជា ទៅកាន់​ទីផ្សារ​ក្នុងប្រទេស​របស់ខ្លួន សំដៅ​រុញ​កំណើន​ទេសចរ​រុស្ស៊ី និង​ទេសចរ​មកពី​ប្រទេស​ទី​បី ឱ្យមក​ទស្សនា​កម្ពុជា​កា​ន់​តែ​ច្រើន​។ ការបញ្ជាក់​យ៉ាង​ដូច្នេះ​ត្រូវបាន​ធ្វើឡើង​ក្នុងជំនួប​ពិភាក្សា​រវាង​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ជាមួយ​ប្រតិភូ​ស្ថានទូត​រុស្ស៊ី​ប្រចាំ​កម្ពុជា ដឹកនាំ​ដោយ​លោក ឌី​មី​ទ្រី ស្វឺត​ខូវ (Dmitry Tsvetkov) ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​កម្ពុជា នៅ​ទីស្ដីការ​ក្រសួងទេសចរណ៍ នា​ថ្ងៃទី​១៩ ខែ​កញ្ញា ឆ្នាំ​២០១៩​។​

​ក្រសួង​ទេសចរណ៍ បាន​គូសបញ្ជាក់ថា បច្ចុប្បន្ន កម្ពុជា​មិនទាន់មាន​ការហោះហើរ​ត្រង់​ទៅកាន់​រដ្ឋធានី​មូ​ស្គូ ឬ​ទីក្រុង​ណាមួយ​នៅ​ចុង​បូព៌ា​របស់​រុស្ស៊ី មកកាន់​កម្ពុជា​នៅឡើយ​ទេ ដូច្នេះហើយ​ទើបបានជា​លោក ថោង ខុន ស្នើ​ទៅកាន់​លោក​ឯកអគ្គរដ្ឋទូត​រុស្ស៊ី ធ្វើយ៉ាងណា​ជំរុញឱ្យមាន​ការតភ្ជាប់​ជើងហោះហើរ​ត្រង់​ពី​ទីក្រុង វ្ល៉ា​ឌី​វ៉ូ​ស្តុក​(Vladivostok) ឬ​ពី​ទីក្រុង​ណាមួយ​របស់​រុស្សី មកកាន់​កម្ពុជា ដែលមាន​រយៈ​ចម្ងាយ​ខ្លី​ជាង​មកពី​មូ​ស្គូ ដើម្បី​ជំរុញ​កំណើន​ទេសចរ​រុស្ស៊ី​ឱ្យមក​កម្ពុជា​កាន់តែច្រើន​។ ជាមួយគ្នា​នោះ​លោក ថោង ខុន បានស្នើ​រុស្ស៊ី​ជួយ​ផ្សព្វផ្សាយ​ពី​គោលដៅ​ទេសចរណ៍​កម្ពុជា ទៅកាន់​ទីផ្សារ​ទេសចរណ៍​រុស្ស៊ី ព្រមទាំង​ស្នើ​ឱ្យជួយ​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​ទាក់ទាញ​ភ្ញៀវទេសចរ​រុស្ស៊ី​ផងដែរ​។​

​ក្រសួង​ទេសចរណ៍ បាន​អះអាងថា រុស្ស៊ី​បាន​ទទួលយក​នូវ​សំណើ​ទាំងនេះ​យ៉ាង​ពេញចិត្ត ប៉ុន្តែ​ក៏​បានស្នើ​មក​កម្ពុជា​វិញ​ដែរ គឺ​សូម​សហការ​ជាមួយ​រុស្ស៊ី​ឱ្យបាន​ជិតស្និទ្ធ ដើម្បីឱ្យ​កិច្ចសហប្រតិបត្តិការ​នេះ​ដំណើរការ​ទៅ​ប្រកបដោយ​ផ្លែផ្កា​។ ក្នុងនោះដែរ លោក ថោង ខុន បានស្នើ​ភាគី​រុស្ស៊ី​រៀបចំ​ឱ្យមាន​ដំណើរ​ទស្សនកិច្ច​ក​សិ​ទេសចរណ៍ (Farm Trip) នៅ​ប្រទេស​កម្ពុជា សម្រាប់​ប្រតិភូ និង​អ្នកសារព័ត៌មាន​មកពី​រុស្ស៊ី ឱ្យបាន​២​ដង​ក្នុង​មួយឆ្នាំ ដើម្បី​បង្កើន​ការផ្សព្វផ្សាយ​ពី​វិស័យ​ទេសចរណ៍ និង​គោលដៅ​ទេសចរណ៍​របស់​កម្ពុជា ទៅកាន់​ទីផ្សារ​ទេសចរណ៍​រុស្ស៊ី​ឱ្យបាន​ច្រើនឡើង​។ ម្យ៉ាងវិញទៀត​លោក​ក៏បាន​ស្នើឱ្យ​ភាគី​រុស្ស៊ី ជួយ​សហការ​រៀបចំ​ព្រឹត្តិការណ៍​ទេសចរណ៍ ដំណើរ​កម្សាន្ត​ផ្សេងៗ​នៅ​កម្ពុជា​ឱ្យបាន​ញឹកញាប់​ដែរ ហើយ​បាន​ស្នើឱ្យ​រុស្ស៊ី ជួយ​កម្ពុជា​បណ្ដុះបណ្ដាល​ពង្រឹងសមត្ថភាព​បន្ថែម ដល់​មគ្គុទ្ទេសក៍​ទេសចរណ៍​កម្ពុជា​និយាយ​ភាសា​រុស្ស៊ី​។ ពាក់ព័ន្ធ​សំណើ​នេះ ក្រសួងទេសចរណ៍​ថា រុស្ស៊ី​បាន​ឆ្លើយតប​មកវិញ​ថា នឹង​ជំរុញឱ្យមាន​កិច្ចសហប្រតិបត្តិការ​នេះ ក្នុងពេល​ឆាប់ៗ​ខាងមុខ​។​

​ទន្ទឹមនឹងនោះ លោក ថោង ខុន ក៏បាន​លើក​ជា​យោបល់​ដល់​លោក​ឯកអគ្គរដ្ឋទូត​រុស្ស៊ី ក្នុង​ការពិចារណា​ពង្រីក​វិសាលភាព​ការងារ​របស់​មជ្ឈមណ្ឌល​វិទ្យាសាស្ត្រ និង​វប្បធម៌​រុស្ស៊ី គ្រប់​ដណ្ដប់​លើ​អាស៊ាន​ទាំងមូល មានន័យថា អាច​ពង្រីក​ការបណ្ដុះបណ្ដាល​បញ្ជ្រាប​ចំណេះដឹង​ផ្នែក​ភាសា វប្បធម៌ និង​ទេសចរណ៍​របស់​រុស្ស៊ី ទៅដល់​ប្រទេស​នានា​នៅ​តំបន់​អាស៊ាន ខណៈ​នៅក្នុង​អាស៊ាន កម្ពុជា​ជា​ប្រទេស​ទទួលបន្ទុក​ផ្សព្វផ្សាយ​វប្បធម៌ និង​ភាសា​រុស្ស៊ី ទៅដល់​ប្រទេស​ផ្សេងទៀត​នៅក្នុង​តំបន់​។​

​ក្រសួង​ទេសចរណ៍​បានបញ្ជាក់​ឱ្យដឹង​ផងដែ​រថា នៅ​ឆ្នាំ​២០១៨ កន្លងទៅ កម្ពុជា​ទទួលបាន​ទេស​ចរ​រុស្ស៊ី​ប្រមាណ​ជិត ៦៥,០០០​នាក់ និង​នៅ​រយៈពេល​៧​ខែ ដើមឆ្នាំ​២០១៩​នេះ ទេសចរ​រុស្ស៊ី​បានមក​ទស្សនា​កម្ពុជា​មាន​ប្រមាណ​ជាង​៣៤,០០០​នាក់​។ ក្នុងចំណោម​តំបន់​អាស៊ាន​ប្រទេស​ថៃ វៀតណាម ឥណ្ឌូនេស៊ី (​ពិសេស​កោះ​បាលី​) ជា​ប្រទេស​ទទួលបាន​ទេសចរ​រុស្ស៊ី​ច្រើនជាងគេ ហើយ​កម្ពុជា​សង្ឃឹមថានឹង​ទទួលបាន​ទេសចរ​រុស្ស៊ី​បន្ថែមទៀត តាមរយៈ​ការតភ្ជាប់​ជើងហោះហើរ​ត្រង់​មក​ខេត្តសៀមរាប និង​តំបន់ឆ្នេរ ក៏ដូចជា​រាជធានី​ភ្នំពេញ​ផងដែរ​៕

ព័ត៌មានផ្សេងទៀត