អាជ្ញាធរ​អប្សារ​បង្ហាញ​ប្លង់​ផ្ទះ​គំរូ​បុរាណ​សម្រាប់​អ្នកស្រុក​នៃ​តំបន់​អង្គរ​សាងសង់​

19-09-2019 11:03 am 270
  ស្តាប់
ស្តាប់ជាសំឡេង

​ប្រភេទ​សំណង់ផ្ទះ​បុរាណ ដែល​អាជ្ញាធរ​ជាតិ​អប្សរា​អនុញ្ញាត​សម្រាប់​អ្នកស្រុក​នៃ​តំបន់​អង្គរ គឺ​ដើម្បី​ថែរក្សា និង​លើកកម្ពស់​ទេសភាព​វប្បធ៌ម​ក្នុង​រមណីយដ្ឋាន​អង្គ​រ ជាពិសេស​លើ​ក​តម្លៃ​និង​អភិរក្ស​ផ្ទះ​បុរាណ​ខ្មែរ អាជ្ញាធរ​ជាតិ​អប្សរា​បាន​ដាក់ចេញ​នូវ​គោលការណ៍​គំរូ​សាងសង់​លំនៅឋាន​បែប​ខ្មែរ​បុរាណ​ដល់​អ្នកស្រុក​អង្គរ ដោយ​ផ្ទះ​បែប​បុរាណ​ខ្មែរ​នេះ ជា​ប្រភេទ​ផ្ទះ​បាន​កសាង​ខ្ពស់​ផុត​ពី​ដី ជា​ប្រភេទ​សំណង់​ស្រាល គ្មាន​ការជីក​គ្រឹះ​ជ្រៅ​ទៅក្នុង​ដី និង​មាន​ទម្រង់​៥​ប្រភេទ ដោយ​ប្រភេទ​នី​មួយៗ​មាន​ភាពខុសគ្នា​ត្រង់​រចនាបថ​នៃ​ដំបូល ។

​អាជ្ញាធរ​ជាតិ​អប្សរា​បាន​អនុញ្ញាត​ឱ្យ​ប្រជាពលរដ្ឋ​នៅ​តំបន់​អង្គរ ជួសជុលផ្ទះ​ចាស់​ទ្រុឌទ្រោម ឬ​សាងសង់​ផ្ទះ​ថ្មី​ជំនួស​ផ្ទះ​ចាស់ ប៉ុន្តែ​ត្រូវ​សាងសង់ គឺជា​ប្រភេទ​ផ្ទះ​ដែល​មាន​រចនាបថ​បែប​ខ្មែរ មាន​ចំនួន​៥​ប្រភេទ គឺ​ប្រភេទ​ផ្ទះ​ខ្មែរ ឬ​កឹង ប្រភេទ​ផ្ទះ​រោង​(​ផ្ទះ​កន្តាំង​) ប្រភេទ​ផ្ទះរោងដោល ប្រភេទ​ផ្ទះ​រោង​ឌឿ​ង និង​ប្រភេទ​ផ្ទះ​ប៉ិត​។ ចំពោះ​ប្រភេទ​ផ្ទះ​ក្រៅពីនេះ មិន​ត្រូវបាន​អនុញ្ញាត​ឡើយ ដូចជា​ផ្ទះ​តៀម ផ្ទះល្វែង​មួយ​ជាន់ ឬ​ច្រើន​ជាន់ ឬ​សំណង់​ទាំងឡាយណា​ដែល​មាន​ការជីក​គ្រឹះ​ជ្រៅ​ទៅក្នុង​ដី និង​មាន​លក្ខណៈ​ទំនើបកម្ម​។​

​ទន្ទឹមនឹងនេះ អាជ្ញាធរ​ជាតិ​អប្សរា​ក៏​បាន​កំណត់​ថ្នាំ​ពណ៌​ផ្ទះ និង ដំបូល​ត្រូវធ្វើ​អំពី​ក្បឿង​ប្រើ​ពណ៌​ដី​ដុត ឬ​ពណ៌​ស៊ីម៉ងត៍ ហ្វ៊ី​ប្រូ ឬ​ស័ង្កសី​ត្រូវ​ប្រើ​ពណ៌​ក្រហម ឬ​ពណ៌​បៃតង ជញ្ជាំង​ឥដ្ឋ​ខាងក្រោម​អាច​លាប​ពណ៌​ស៊ីម៉ងត៍ ឬ​ពណ៌​ដី​លែង ឱ្យ​ស្រគាំ​ទៅ​នឹង​ពណ៌​ឈើ ចំណែកឯ​ជញ្ជាំង ទ្វារ បង្អួច ដែល​ធ្វើ​អំពី​ឈើ​ត្រូវ​ទុក​សាច់​ឈើ​ធម្មជាតិ ឬក៏​លាប​ពណ៌​ដូច​ឈើ​ធម្មជាតិ ហើយ​ពណ៌​ក្រៅពី​នេះ​ដែល​មាន​សភាព​ស្រស់​ឆើត​ឆាយ ត្រូវ​បាន​ហាមឃាត់ ពុំ​អនុញ្ញាត​ឡើយ​។​

​គូសបញ្ជាក់ថា ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​តំបន់​១ និង​តំបន់​២ អាច​រុះរើ ជួសជុលផ្ទះ​ចាស់​ទ្រុឌទ្រោម ឬ​សាងសង់​ផ្ទះ​ថ្មី​ជំនួស​ផ្ទះ​ចាស់​បាន លុះត្រាតែ​មាន​លិខិតអនុញ្ញាត​ពី​អាជ្ញាធរ​ជាតិ​អប្សរា​ជាមុន ដូច​មានចែង​ក្នុង​ព្រះរាជក្រឹត្យ នស​/​រកត​/០១៩៩/១៩ ចុះ​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​១៩៩៩ និង​បទបញ្ជា​របស់​រដ្ឋាភិបាល លេខ​០២ បប ចុះ​ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០០៤ ព្រមទាំង​សេចក្តីសម្រេច​របស់​រដ្ឋាភិបាល លេខ ៧០ សសរ ចុះ​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០០៤៕

ព័ត៌មានផ្សេងទៀត