ក្រសួង​ទេសចរណ៍​បញ្ជា​ឲ្យ​មន្ទី​រក្រម​ឱវាទរៀបចំ​វត្ត​ទេសចរណ៍​គំរូ​​នាឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​​​​

19-09-2019 11:00 am 76

​លោក​ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ផ្តល់នៅ​អនុសាសន៍ ដោយ​សង្កត់ធ្ងន់​ឱ្យ​មន្ទីរ​ទេសចរណ៍​រាជធានី​-​ខេត្ត​ទាំង​២៥ ត្រូវ​ពង្រឹងគុណភាព​សេវាកម្ម អនាម័យ បរិស្ថាន បដិសណ្ឋារកិច្ច នៅតាម​គោលដៅ​ទេសចរណ៍​នីមួយៗ ពិសេស ត្រូវ​សហការ​ជាមួយ​ក្រសួង​ធម្មការ និង​សាសនា អាជ្ញាធរ​មូលដ្ឋាន ក្នុង​ការរៀបចំ​វត្ត​ទេសចរណ៍​គំរូ និង​វិថី​ម្ហូបអាហារ​ឱ្យ​បានល្អ នាឱកាស​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំនេះ​។​

​លោក​បាន​ណែនាំ​ឱ្យ ប្រធាន​មន្ទីរ​ទេសចរណ៍​ទាំងអស់ ត្រូវ​សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច និង​អាជ្ញាធរ​ពាក់ព័ន្ធ ក្នុង​ការការពារ​សុវត្ថិភាព​ភ្ញៀវទេសចរ​ឱ្យបាន​ហ្មត់ចត់ នៅតាម​គោលដៅ​ទេសចរណ៍​នីមួយៗ​ក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន​ផងដែរ​។ ក្រៅពីនោះ​លោក​បាន​ដាក់ចេញ​ការងារ​មួយចំនួន​ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ ដែល​ក្រសួងទេសចរណ៍ និង​មន្ទីរ​ទេសចរណ៍​គ្រប់​រាជធានី​-​ខេត្ត ត្រូវ​យកចិត្តទុកដាក់​អនុវត្ត​ឲ្យមាន​ប្រសិទ្ធ​ភាព ក្នុងនោះ​រួមមាន​៖

​ការរៀបចំ​ផែនការមេ​សម្រាប់​អភិវឌ្ឍ​វិស័យ​ទេសចរណ៍ នៅ​ខេត្តសៀមរាប ខេត្តមណ្ឌលគិរី​ទៅជា​តំបន់​ទេសចរណ៍ សមា​ហ​រណ​ពិសេស និង​ខេត្ត​កែប​ទៅជា​តំបន់​ទេសចរណ៍ធម្មជាតិ​, ការរៀបចំ​កែសម្រួល​សេចក្តីសម្រេច​ស្តីពី​ការបង្កើត​គណៈកម្មាធិកា​រ​ជាតិ អភិវឌ្ឍន៍​ទេសចរណ៍​ទៅជា​អនុក្រឹត្យ​ស្តីពី ការបង្កើត​គណៈកម្មកា​រ​អភិវឌ្ឍន៍​ទេសចរណ៍​, ការរៀបចំ​លក្ខន្តិកៈ​និង​បទបញ្ជា​ផ្ទៃ​ក្នង​របស់​ក្រុមប្រឹក្សា​សិក្សា​ទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍​កម្ពុជា​, វិធានការ​ទប់ស្កាត់​រាល់​សកម្មភា​ពលក់​កញ្ចប់​ទស្សនកិ​ច្ច​ថ្លៃ​ទាប (Low Cost) ថ្លៃ​សូន្យ (Zero Package Tour) ឬ​ក្រោម​សូ​ន (Minus Tour) និង​លុបបំបាត់​ការលក់ដូរ​វត្ថុ​អនុស្សាវរីយ៍​ក្លែងក្លាយ​។​

​ការដាក់ចេញ​នូវ​ផែនការ​បញ្ជ្រាប​ការយល់ដឹង​ជា​សាធារណៈ​អំពី​ទេសចរណ៍ ឆ្នាំ​២០២០-២០២៣, ការអភិវឌ្ឍ​ផលិតផល​ទេសចរណ៍​ថ្មីៗ ដូចជា រមណីយដ្ឋាន​ទេសចរណ៍ សហគមន៍​ទេសចរណ៍ វត្ត​ទេសចរណ៍​ជាដើម ការអភិវឌ្ឍ​ធនធានមនុស្ស​ក្នុង​វិស័យ​ទេសចរណ៍ (​បុគ្គលិក​ម្នាក់ ជំនាញ​មួយ​) ការពង្រឹង​គុណភាព​ផលិតផល និង​សេវាកម្ម​ទេសចរណ៍ (​សេវា​មួយ ស្តង់ដា​មួយ​), ការអនុវត្ត​ស្តង់ដារ​សេវាកម្ម​វិថី​លក់​ម្ហូបអាហារ និង​ប្រព័ន្ធ​ចំណាត់ថ្នាក់​សេវាកម្ម​តូប​លក់​ម្ហូបអាហារ ។​

​ការគ្រប់គ្រង​ឧស្សាហកម្ម​ទេសចរណ៍​តាម​ប្រព័ន្ធ​អន​ឡាយ និងរ​ពង្រឹង​ការឃោសនា ផ្សព្វផ្សាយ​ទាំង​ក្នុង និង​ក្រៅប្រទេស​, ការជំរុញ​ចលនា​ប្រលងប្រណាំង ទីក្រុង​ស្អាត រមណីយដ្ឋាន​ស្អាត សេវា​ល្អ និង​បដិសណ្ឋារកិច្ច​ល្អ​, ការសម្រួល​ការធ្វើដំណើ​រ និង​ដឹកជញ្ជូន​ទេសចរណ៍ ពង្រឹង​សន្តិសុខ និង​សុវត្ថិភាព​ទេសចរណ៍​។​

​ឆ្លៀត​ក្នុងឱកាស​នោះ លោក​រដ្ឋមន្ត្រី​ក៏បាន​ណែនាំ​ដល់​ប្រធាន​មន្ទីរ​ទេសចរណ៍​ទាំងអស់ ត្រូវខិតខំ​អនុវត្ត​ឲ្យមាន​ប្រសិទ្ធ​ភាព​នូវ​សារាចរ​ណែនាំ​ស្តីពី ការពង្រឹង​គុណភាព​ផលិតផល​ទេសចរណ៍ ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណីជាតិ ចាប់ពី​ថ្ងៃទី​២៧-២៩ ខែកញ្ញា​ខាងមុខនេះ​៕

ព័ត៌មានផ្សេងទៀត