លោក​ស ខេង​ ថា មិនបាន​បញ្ជា​​ឲ្យ​រារាំង​ពលរដ្ឋ​​មិនឲ្យ​ជួបជុំ​​នៅវត្ត​​ក្នុង​ពិធី​បុណ្យ​ភ្ជុំបិ​ណ្ឌ​ឡើយ​

19-09-2019 10:04 am 1686

​តាមរយៈ​សារ​លើ​ទំព័រ​ហ្វេ​សប៊ុក អនុប្រធាន​គណបក្សកាន់អំណាច និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​លោក ស ខេង បកស្រាយ​ថា សំឡេង​បែកធ្លាយ​បញ្ជា​ឱ្យ​ទប់ស្កាត់​ផែនការ​របស់​គណបក្ស​ប្រឆាំង​នៅតាម​វត្ត​អារាម​ក្នុង​រដូវ​ភ្ជុំ បិណ្ឌ ថា ជា​វិធានការ​ទប់ស្កាត់​ចលនា​បំបែក​ផ្ទៃក្នុង​ជាតិ ចង់​ផ្តួលរំលំ​រដ្ឋាភិបាល មិនមែន​ជាការ​បំបិទ​សិទ្ធិសេរីភាព របស់​ប្រជាពលរដ្ឋ​នោះទេ​។​

​លោក​បដិសេធថា មិនបាន​ដាក់​បញ្ជា​ឲ្យ​រារាំងឬ​គាបសង្កត់​ប្រជាពលរដ្ឋ​ណា​ម្នាក់ មិនឲ្យ​ចូលរួម​ប្រារព្ធ​ពិធីបុណ្យ​ភ្ជុំបិ​ណ្ឌឡើយ​។ ការបដិសេធ​នេះ ជា​ការឆ្លើយតប​ទៅនឹង​ព័ត៌មាន​មួយចំនួន ដែលថា លោក​ស ខេង បញ្ជា​ឲ្យ​រារាំង​និង​គាបសង្កត់​ប្រជាពលរដ្ឋ​មិន​ឲ្យទៅ​វត្ត​ក្នុង​រដូវ​ភ្ជុំ​បិណ្ឌ ដែល​លោក​ចាត់ទុក​ព័ត៌មាន​បែបនេះ ថា មាន​និន្នាការ​ប្រឆាំង បំភ្លើស មួលបង្កាច់ និង​ថា ជា​ចេតនា​អាក្រក់ ដែល​លោក​មិន​ទទួលយកបាន​។​

​ប៉ុន្តែ​លោក​បញ្ជាក់ថា ក្នុងនាម​លោក​ជា​អ្នកទទួលខុសត្រូវ​សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ គឺ​លោក​មាន​សិទ្ធិ និង​កាតព្វកិច្ច​តាម​ផ្លូវច្បាប់​ក្នុង​ការដាក់ចេញ​បទបញ្ជា ដើម្បី​ថែរក្សា​សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ​សម្រាប់​គ្រប់គ្រង​ព្រឹត្តិការណ៍​នានា​។ 

​ការបកស្រាយ​របស់លោក ស ខេង នេះ​ក្រោយពី​មានការ​បែកធ្លាយ​សារ​សំឡេង ដែល​លោក​បញ្ជា​ឱ្យ​ទប់ស្កាត់​ផែនការ​របស់​ក្រុមប្រឆាំង​នៅ​រដូវ​ភ្ជុំបិណ្ឌ​នេះ​។ ក្នុង​សារ​នោះ លោក ស ខេង​និយាយថា​៖ «​សូម​ជម្រាបជូន​ឯកឧត្តម លោកជំទាវ អភិបាល​រាជធានី​ខេត្ត មេត្តា​ជ្រាប​អ៊ីចេះ​! ពួក​ប្រឆាំង​ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ គេ​បានឱ្យ​គ្នា​គេ​ចុះ​ទៅតាម​វត្ត​ពេល​ភ្ជុំបិណ្ឌ​នោះ​ឱ្យបាន​ច្រើន ដើម្បី​ជា​ឱកាស​ពេល​ភ្ជុំបិណ្ឌ​ហ្នឹង​ជួបជុំគ្នា ហើយនឹង​ពិភាក្សា ឬក៏​រៀបចំ​ផែនការ​ខ្មៅ​របស់គេ​នោះ​។ ឥឡូវនេះ យើង​នាំគ្នា​រៀបចំ​តាម​ខ្ញុំ យើង​រៀបចំ​ឱ្យ​មន្ត្រី​ចុះ​តាម​វត្ត ម្យ៉ាង គឺ​ដើម្បី​រៀបចំ​បុណ្យ​ភ្ជុំ​បិណ្ឌ ម្យ៉ាង​គឺ​រៀបចំ​សភាពការណ៍​ឱ្យបាន​ល្អ​ផង​»​។​

​តាមរយៈ​សារ​នេះ លោក ស ខេង អះអាងថា​សារ​សំឡេង កាលពី​ថ្ងៃទី​១០ កញ្ញា ឆ្នាំ​២០១៩ ដែល​លោក ណែនាំ​ទៅ​មន្ត្រីក្រោមឱវាទ តែ​លោក​មិនបាន​បញ្ជា​ឱ្យ​រារាំង​ឬ​គាបសង្កត់​ប្រជាពលរដ្ឋ​ណា​ម្នាក់​មិនឱ្យ​ចូលរួម​ប្រារព្ធ​ពិធីបុណ្យ​នេះឡើយ​។​

​លោក​ស ខេង និយាយថា លោក​មាន​សិទ្ធិ​ចេញ​បញ្ជា​មន្ត្រីក្រោមឱវាទ​ក្នុង​ការគ្រប់គ្រង​សភាពការណ៍ ហើយ​សកម្មភាព​ទាំងឡាយណា​ដែល​ប៉ុនប៉ង​បំផ្លាញ​សុខសន្តិភាព ស្ថិរភាព​នយោបាយ បំផុស​ឲ្យមាន​អំពើហិង្សា ចលនា​បំបែកបំបាក់​ផ្ទៃក្នុង​ជាតិ ឈានទៅ​ផ្ដួលរំលំ​រដ្ឋាភិបាល អាជ្ញាធរ​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់​ត្រូវមា​ន​វិធានការ​ច្បាប់​យ៉ាង​ម៉ឺងម៉ាត់​បំផុត​។​

​ជា​ការកត់សម្គាល់ មកដល់ពេលនេះ មន្ត្រី និង​សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ជិត​៣០​រូប​ហើយ ដែល​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ជា​បន្តបន្ទាប់ ដែល​រង​ការចោទប្រកាន់​ពីបទ​ញុះញង់ កៀរគរ​មហាជន​ឱ្យទទួល​លោក​សម រង្ស៊ី ដែល​គ្រោង​វិលត្រឡប់​ចូល​កម្ពុជា​វិញ នៅ​ថ្ងៃទី​៩ វិច្ឆិកា ខាងមុខនេះ​៕

 ពាក្យគន្លឹះ  លោកសខេងរារាំងពលរដ្ឋ

ព័ត៌មានផ្សេងទៀត