សមាជិក​សភា​បក្សប្រឆាំង​​ថៃ​​ទទូច​ឲ្យ​​លោក​ប្រា​យុទ្ធ​​ចុះ​ចេញ​ពី​តំណែង​

19-09-2019 9:37 am 360

​សមាជិកសភា​គណបក្ស​ប្រឆាំង​ថៃ បានទាមទារ​ឲ្យ​លោក​នាយករដ្ឋមន្ដ្រី​ប្រា​យុទ្ធ ចាន់​អូ​ចា​លាលែង​ពី​តំណែង បន្ទាប់ពី​មាន​ការរិះគន់​ជាច្រើន​សប្ដាហ៍ ជុំវិញ​ការលុបចោល​ការប្ដេជ្ញាចិត្ដ​អនុវត្ដ​តាម​រដ្ឋធម្មនុញ្ញ ក្នុងអំឡុងពេល​ស្បថ​ចូល​កាន់តំណែង ដែល​បង្ក​ជា​សំណួរ​ពី​ភាពស្របច្បាប់​របស់លោក​។ លោក​ប្រា​យុទ្ធ​ដែលជា​មេក្លោង​នៃ​រដ្ឋប្រហារ​ឆ្នាំ​២០១៤ បាន​ក្ដោប​ក្ដាប់​អំណាច​រយៈពេល​៥​ឆ្នាំ មុន​មាន​ការបោះឆ្នោត​កាលពី​ខែមីនា​ជាមួយនឹង​លទ្ធផល​ដ៏​ចម្រូងចម្រាស​។ តែ​យ៉ាងណាក៏ដោយ​លោក​នៅតែ​អាច​ក្លាយជា​នាយករដ្ឋមន្ដ្រី​ស៊ីវិល​បាន​។​

​រដ្ឋាភិបាល​ថ្មី​របស់លោក​ប្រា​យុទ្ធ បាន​ព្យាយាម​រក្សា​គោលជំហរ​យ៉ាង​មាំទាំ ខណៈ​មាន​រឿងអាស្រូវ​ជាច្រើន​បាន​កើតឡើង​។ ក្នុងនោះ​រាប់​តាំងពី​មាន​សមាជិក​គណៈរដ្ឋមន្ដ្រី​ម្នាក់​ត្រូវ​ជាប់ពន្ធនាគារ ដោយ​រង​ការចោទប្រកាន់​ពីបទ​ជួញដូរ​គ្រឿងញៀន​នៅ​អូស្ដ្រាលី រួមទាំង​ការផ្ទុះ​កំហឹង​ពី​ប្រជាជន​ថៃ​ទៅលើ​រដ្ឋាភិបាល ដែល​ឆ្លើយតប​យឺតយ៉ាវ​ចំពោះ​ការដោះស្រាយ​បញ្ហា​គ្រោះទឹកជំនន់​នៅ​តំបន់​ភាគ​ឦសាន​ប្រទេស​។  

​សំណួរ​ពី​ភាពស្របច្បាប់​នៃ​រដ្ឋបាល​ថ្មី​ត្រូវ​បានលើកឡើង បន្ទាប់ពី​លោក​ប្រា​យុទ្ធ​និង​គណៈរដ្ឋមន្ដ្រី​របស់លោក បាន​ប្ដេជ្ញា​ពី​ភាព​ស្មោះស្ម័គ្រ​នឹង​ព្រះមហាក្សត្រ ប៉ុន្ដែ​មិន​បានបញ្ជាក់​ពី​ភាពស្មោះត្រង់​ចំពោះ​រដ្ឋធម្មនុញ្ញ នៅពេល​លោក​ស្បថ​ចូល​កាន់តំណែង​ជា​នាយករដ្ឋមន្ដ្រី​កាលពី​ខែកក្កដា​។ តុលាការ​រដ្ឋធម្មនុញ្ញ​កាលពី​សប្ដាហ៍​មុន បាន​បដិសេធ​មិន​ពិចារណា​លើ​ការលុបចោល​ការប្ដេជ្ញាចិត្ដ​របស់លោ​ក​ប្រាយុ​ទ្ធនោះ​ទេ​។​

​នៅក្នុង​សភា​កាលពី​ថ្ងៃទី​១៨​កញ្ញា សមាជិកសភា​គណបក្ស​ប្រឆាំង​បាន​អំពាវនាវ​ឲ្យ​លោក​ប្រា​យុទ្ធ​ចុះ​ចេញពី​តំណែង ដោយ​និយាយថា​ការមិន​អនុវត្ដ​ពេញលេញ​តាម​ពាក្យសម្បថ បង្ហាញឲ្យឃើញថា​លោកប្រា​យុទ្ធ​មិន​អើពើ​នឹង​រដ្ឋធម្មនុញ្ញ​ទេ​។ មាន​សំណួរ​ចោទឡើង​ទៀតថា តើ​ថ្ងៃ​ខាងមុខ​អាច​ទុកចិត្ដបាន​ទេថា លោក​ប្រា​យុទ្ធ​នឹង​រក្សាទុក​ឬ​អនុវត្ដ​តាម​នីតិរដ្ឋ​នោះ​។ ទង្វើ​នេះ​បាន​បំផ្លាញ​ទំនុកចិត្ដ​របស់​សាធា​រណ​ជន ព្រមទាំង​ធ្វើឲ្យមាន​ការសង្ស័យ​កាន់តែខ្លាំង​។ សមាជិកសភា​គណបក្ស​ប្រឆាំង​ខ្លះ​និយាយថា អតីត​មេដឹកនាំ​យោធា​រូបនេះ​អាច​គិតពី​ផែនការ​ធ្វើ​រដ្ឋប្រហារ​នៅពេល​ក្រោយ​ទៀត​។​

​ក្រោយពី​បាន​ស្ដាប់​នូវ​ការលើកឡើង​របស់​សមាជិកសភា លោក​ប្រា​យុទ្ធ​ដែលមាន​វត្ដ​មាន​នៅក្នុង​កិច្ចប្រជុំសភា​កាលពី​ថ្ងៃទី​១៨​កញ្ញា​ដែរនោះ បាន​ឆ្លើយតប​យ៉ាងខ្លី​ថា លោក​គោរព​តាម​ទាំង​អស់នៃ​គោលការណ៍​នៅក្នុង​រដ្ឋធម្មនុញ្ញ​។​

​គួររម្លឹកថា រដ្ឋប្រហារ​និង​ការតវ៉ា​តាម​ដងផ្លូវ​បាន​ញាំញី​នយោបាយ​ក្នុងប្រទេស​ថៃ អស់​រយៈពេល​ជិត​ពីរ​ទសវត្ស​មកហើយ ដោយ​កងទ័ព​បានដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​មុនៗ​។ ការបោះឆ្នោត​ចុងក្រោយ​របស់​ថៃ​កាលពី​ខែ​មីនា នៅតែ​បន្ដ​មាន​ភាពចម្រូងចម្រាស​ជុំវិញ​លទ្ធផល ហើយ​ពេលនេះ​ស្ថានភាព​នយោបាយ​ថៃ​នៅ​ពុំទាន់​បាន​ល្អប្រសើរ​ទាំងស្រុង​នោះទេ គឺ​បន្ដ​មាន​ភាព​ខ្វែងគំនិត​គ្នា​ដដែល​៕

ព័ត៌មានផ្សេងទៀត