លោក​ហ៊ុន សែន ​អរគុណ​ក្រុមហ៊ុន​ចិន​​ដែល​វិនិយោគ​​លើ​វិស័យ​​អគ្គីសនី​​នៅ​កម្ពុជា​​

18-09-2019 3:27 pm 262

​ក្នុងជំនួប​ជាមួយ​លោក Nan Cunhui ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន CHINT Group របស់​ចិន ថ្ងៃទី ១៨ កញ្ញា នេះ នាយករដ្ឋមន្ត្រី​កម្ពុជា លោក​ហ៊ុន សែន បាន​អរគុណ​ក្រុមហ៊ុន​ចិន ដែល​បានមក​វិនិយោគ​នៅ​កម្ពុជា​លើ​វិស័យ​អគ្គីសនី​។ លោក​ថា ការខិតខំ​ប្រឹងប្រែងរ​បស់​ក្រុមហ៊ុន CHINT Group  ចំពោះ​ការនិយោគ​នៅ​កម្ពុជា គឺ​បានបង្ហាញ​ពី​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​ពាណិជ្ជកម្ម ដែល​ស្របទៅនឹង​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​រវាង​ប្រទេស​កម្ពុជា និង​ចិន​។​

​គណៈប្រតិភូ​ក្រុមហ៊ុន CHINT Group  បានបង្ហាញ​នូវ​ភាព​ជឿជាក់ថា ក្នុង​រយៈពេល​ដែល​ក្រុមហ៊ុន​បានមក​បណ្តាក់​ទុនវិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា ជាង ១០​ឆ្នាំ​កន្លងមកនេះ និង​ថា​កម្ពុជា​មាន​ស​សុខសន្តិភាព និង​ស្ថិរភាព​នយោបាយ ដែល​ធ្វើឲ្យ​ក្រុមហ៊ុន​មានជំនឿជឿ​ជា​ក់​ក្នុង​ការបន្ត​ដាក់​ទុនវិនិយោគ​ក្នុងប្រទេស​កម្ពុជា​ជា​បន្តទៀត ដើម្បី​ជួយ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​។​

​សូមបញ្ជាក់ថា កន្លងមក​ក្រុមហ៊ុន CHINT Group  បាន​វិនិយោគ​លើ​គម្រោង​វា​រី​អគ្គីសនី​តាតៃ​ខាងក្រោម ហើយ​ពេលនេះ ក្រុមហ៊ុន​ពេញចិត្ត​ក្នុង​ការបន្ត​វិនិយោគ​នៅ​កម្ពុជា ដោយបាន​លើកសំណើ​គម្រោង​វិនិយោគ​វ៉ា​រី​អគ្គិសនី​តាតៃ​ខាងលើ​ប្រាប់​ដល់​លោក​ហ៊ុន សែន​។ បន្ថែម​លើ​នេះ គណៈប្រតិភូ​ក្រុមហ៊ុន ក៏​បានលើកឡើង​នូវ​គម្រោង​វិនិយោគ​កសាង​រោងចក្រ​ផលិត​ឧបករណ៍​ដែល​បំរើការ​ទៅលើ​វិស័យ​ថាមពល​ប្រកបដោយ​បច្ចេកវិទ្យា​ទំនើប ដូចជា​ត្រង់​ស្វូ បន្ទះ​សូ​ឡា និង​គ្រឿង​ឧបករណ៍​ផ្សេងៗ​ទៀត សម្រាប់​ប្រើប្រាស់​នៅក្នុង​វិស័យ​ង​ថាមពល ដែល​នឹង​ជួយ​ការពារ ផលប៉ះពាល់​បរិស្ថាន និង​ការ​សន្សំសំចៃ​ភ្លើងអគ្គិសនី​ផងដែរ​។ 

​លោក​ហ៊ុន សែន បាន​ស្វាគមន៍​គម្រោង​នេះ​។ លោក​បញ្ជាក់ ប្រាប់​ភាគី​ចិន​ថា គម្រោង​នេះ​គឺជា​អត្ថប្រយោជន៍​មួយ​សំខាន់​នៅក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល ក្នុងចំណោម​យុទ្ធសាស្ត្រ​ទាំង​៤ ដែល​ក្នុងនោះ​មាន ធនធានមនុស្ស ផ្លូវ ភ្លើង និង​ទឹក​។​

​ប៉ុន្តែ​យ៉ាងណា ក្រៅពី​ស្វាគមន៍​គម្រោង​បន្ត​បណ្តាក់ទុន​ជា​លើក​ទី​២​នៅ​កម្ពុជា​ពេលនេះ លោក​ហ៊ុន សែន ក៏បាន​ណែនាំ​ដល់​ក្រុមហ៊ុន​មិនត្រូវ​មើល​តែ​លទ្ធភាព​ទីផ្សារ​កម្ពុជា ដែលមាន​មនុស្ស​ប្រមាណ ១៦​លាន​នាក់​ប៉ុណ្ណោះ​ទេ តែ​ត្រូវ​មើល​ទីផ្សារ​អាស៊ាន (ASEAN Market) ទីផ្សារ​តំបន់ ជាពិសេស​ក្នុង​កម្រោង​នៃ​កិច្ចព្រមព្រៀង​ថ្មីៗ​នោះ  ដែល​លោក​ចង់​មានន័យថា រាល់​ការវិនិយោគ​មិន​ត្រឹមតែ​បំរើ​នូវ​សេចក្តីត្រូវការ​របស់​ប្រជាជន​កម្ពុជា​ទេ គឺ​ត្រូវ​គិត​ទៅលើ​ការផលិត​ដើម្បី​ធ្វើ​ការនាំចេញ​ទៅកាន់​ទីផ្សា​រ​ដទៃទៀត​ខាងក្រៅ​ផងដែរ​។ 

​នៅក្នុង​ជំនួប​នោះដែរ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា ក៏បាន​ស្នើសុំ​ឲ្យ​ក្រុមហ៊ុនលោក Nan Cunhui និង​ក្រុមហ៊ុន​ប្រទេស​ចិន ដទៃទៀត បន្ត​វិនិយោគ នៅ​កម្ពុជា ដើម្បី​រួមចំណែក​អភិវឌ្ឍន៍​កម្ពុជា និង​សុំឲ្យ​មិត្ត​ចិន​បើក​ទីផ្សារ​ឲ្យ​បាន​ទូលាយ​ថែមទៀត សម្រាប់​នាំចូល​នូវ​ផលិតផល​កសិកម្ម​ឲ្យបាន​កាន់តែច្រើន​ពី​កម្ពុជា ដើម្បី​ជំរុញ​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ ឆ្ពោះទៅ​ចុះហត្ថលេខា​លើ កិច្ចព្រមព្រៀង​ទំនាក់ទំនង​ពាណិជ្ជកម្ម​សេរី ជាមួយ​ប្រទេស​ចិន ដើម្បី​ធានា​ដល់​បរិយាកាស​ល្អ​សម្រាប់​ក្រុមហ៊ុន​ចិន​ជាច្រើន​ទៀត​មក​វិនិយោគ​នៅ​កម្ពុជា​៕

 ពាក្យគន្លឹះ  លោកហ៊ុនសែន

ព័ត៌មានផ្សេងទៀត