អាមេរិក៖​​អ៊ីរ៉ង់​ពិតជា​​នៅ​ពីក្រោយ​​ការវាយប្រហារ​​ទីតាំង​ប្រេង​​អា​រ៉ាប៊ីសាអូឌីត​

18-09-2019 3:24 pm 185

​នៅ​ទីបំផុត​សហរដ្ឋអាមេរិក​បាន​សន្និដ្ឋាន​ចុងក្រោយ​ថា ការវាយប្រហារ​លើ​រោងចក្រ​ប្រេង​អា​រ៉ាប៊ីសាអូឌីត ពិតជា​ចេញពី​ប្រទេស​អ៊ីរ៉ង់​មែន​។ នេះ​បើតាម​ការបញ្ជាក់​ពី​មន្ដ្រី​អាមេរិក​កាលពី​ថ្ងៃ​អង្គារ ស្របពេល​អនុ​ប្រធានាធិបតី​អាមេរិក​លោក​ម៉ៃ ផេន បាន​ព្រមាន​ម្ដងទៀត​ថា​យោធា​អាមេរិក​នឹង​រៀបចំ​ការឆ្លើយតប​ទៅវិញ​តាម​ដែល​អាច​ធ្វើបាន​។ និយាយប្រាប់​សារព័ត៌មាន​AFP​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ មន្ដ្រី​អាមេរិក​ឲ្យដឹង​ដូច្នេះ​ថា ការវាយប្រហារ​មាន​ពាក់ព័ន្ធ​នឹង​មី​ស៊ី​ល​គ្រូ​ស ហើយ​ភស្ដុតាង​អាច​នឹងត្រូវ​បង្ហាញ​ក្នុង​មហាសន្និបាត​អង្គការសហប្រជាជាតិ​សប្ដាហ៍​ក្រោយ​។​

​លោក​អនុ​ប្រធានាធិបតី​អាមេរិក​ម៉ៃ ផេន បានប្រកាសថា​រដ្ឋមន្ដ្រី​ការបរទេស​អាមេរិក​លោក​ម៉ៃ ផុម​ភី​អូ បាន​ធ្វើដំណើរ​ទៅកាន់​ប្រទេស​អា​រ៉ាប៊ីសាអូឌីត​ហើយ ដើម្បី​ពិភាក្សា​ពី​វិធានការ​ឆ្លើយតប​។ លោក​ផេន​បន្ថែមថា ដូចជា​ប្រធានាធិបតី​អាមេរិក​បាន​និយាយ​អ៊ីចឹង អាមេរិក​មិន​ចង់​ធ្វើសង្គ្រាម​ជាមួយ​នរណាម្នាក់​ទេ ប៉ុន្ដែ​អាមេរិក​បាន​ត្រៀមខ្លួន​រួចជាស្រេច​។ អាមេរិក​បានរៀបចំ​យុទ្ធសាស្ដ្រ​និង​បាន​ត្រៀមលក្ខណៈ​គ្រប់គ្រាន់ ដើម្បី​ការពារ​ផលប្រយោជន៍​អាមេរិក​និង​ផលប្រយោជន៍​ប្រទេស​សម្ព័ន្ធមិត្ដ ដោយ​មិន​បង្កកំហុស​ជុំវិញ​បញ្ហា​នេះ​ទេ​។​

​គោលជំហរ​យ៉ាង​រឹងប៉ឹង​របស់​សហរដ្ឋ​អាមេរិក ប្រកាស​ចន្លោះពេល​មេដឹកនាំ​កំពូល​អ៊ីរ៉ង់​ច្រានចោល​ការចរចា​ជាមួយ​ទីក្រុង​វ៉ាស៊ីនតោន​។ សេត​វិមាន​បញ្ជាក់​កាលពី​ថ្ងៃអាទិត្យ​ចុង​សប្ដាហ៍​មុន បោះដៃ​ឲ្យមាន​កិច្ច​ជំនួប​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម រួមទាំង​ករណី​វាយប្រហា​រលើ​រោងចក្រ​ប្រេង​អា​រ៉ាប៊ីសាអូឌីត​ផងដែរ​។ ប៉ុន្ដែ​អ្នកនាំពាក្យ​ក្រសួងការបរទេស​អ៊ីរ៉ង់​បាន​និយាយថា នឹង​គ្មាន​កិច្ច​ជំនួប​អ្វី​ទាំង​អស់ហើយ​គ្មាន​របៀបវារៈ​ណាមួយ​ត្រូវ​ពិភាក្សា​ឡើយ​។ 

​សូម​រម្លឹកថា ការវាយប្រហារ​លើ​មូលដ្ឋាន​ប្រេង​អា​រ៉ាប៊ីសាអូឌីត​កាលពី​ថ្ងៃ​សៅរ៍ស​ប្ដា​ហ៍មុន ក្រុម​ឧទ្ទាម​ហូ​ធី​នៅយេ​មែនបាន​ចេញមុខ​ទទួ​ល​ខុសត្រូវ​។ ការវាយប្រហារ​បាន​កាត់បន្ថយ​ពាក់កណ្ដាល​នៃ​ទិន្នផល​ប្រេង​របស់​អា​រ៉ាប៊ីសាអូឌីត ជា​ប្រទេស​ផលិត​ប្រេង​ឆៅ​ធំជាងគេ​បំផុត​ក្នុង​លោក និង​ជា​សម្ព័ន្ធមិត្ដ​ជិតស្និទ្ធ​របស់​ទីក្រុង​វ៉ាស៊ីនតោន​។ ក្រុម​ឧទ្ទាម​ហូ​ធី​គាំទ្រ​ដោយ​អ៊ីរ៉ង់ បច្ចុប្បន្នកំពុង​ធ្វើសង្គ្រាម​ជាមួយ​អា​រ៉ាប៊ីសាអូឌីតនៅ​យេមែន​។ អា​រ៉ាប៊ីសាអូឌីត​បានដឹក​នាំ​ប្រទេស​សម្ព័ន្ធ​អារ៉ាប់ វាយប្រហារ​លើ​ក្រុម​ឧទ្ទាម​ហូ​ធី​នេះ តប​តាម​សំណើ​របស់​រដ្ឋាភិបាល​យេមែន​។ សង្គ្រាម​បានធ្វើឲ្យ​យេមែន​ធ្លាក់​ក្នុង​ភាពវឹកវរ​ជាច្រើន​ឆ្នាំ ពុំទាន់​រកឃើញ​ដំណោះស្រាយ​ទេ​៕

ព័ត៌មានផ្សេងទៀត