លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យអភិបាលខណ្ឌទាំង១៤ ចុះបង្ក្រាបទីតាំងដែលបង្កប់ល្បែងភ្នាល់ តាមរយៈ Internet Online បើទោះបីជាមានច្បាប់ប្រកបអាជីវកម្មហើយក៏ដោយ។ ការចេញបទបញ្ជានេះ ក្រោយពីមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញសារាចរណែនាំដោយបញ្ឈប់ការផ្តល់គោលការណ៍ និងអាជ្ញាប័ណ្ណអនុញ្ញាតឲ្យប្រកបអាជីវកម្ម ល្បែងភ្នាល់តាមម៉ាស៊ីនអេឡិចត្រូនិចអនឡាយ ( Internet Online) ទាំងក្នុងនិងក្រៅប្រទេស។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យអភិបាលខណ្ឌទាំង១៤ ចុះបង្ក្រាបទីតាំងដែលបង្កប់ល្បែងភ្នាល់ តាមរយៈ Internet Online ។ លោក ឃួង ស្រេង បានបញ្ជាក់ទៀតថា បើសិនជារកឃើញថា ទីតាំងណាដែលបើកសេវាកម្ម Internet លួចបង្កប់នៃការលេងល្បែងស៊ីសង Online ត្រូវតែចាត់វិធានការតាមផ្លូវច្បាប់ បិទអាជីវកម្មនោះ ហើយត្រូវធ្វើការឃាត់ខ្លួនម្ចាស់អាជីវកម្មផងដែរ។ ការបញ្ជានេះធ្វើឡើង ក្នុងកិច្ចប្រជុំគណៈបញ្ជាឯកភាពរាជធានីភ្នំពេញ ដោយការចូលរួមពី អភិបាលរងរាជធានីភ្នំពេញ, ស្នងការនគរបាលរាជធានីភ្នំពេញ, មេបញ្ជាការកងរាជអាវុធហត្ថរាជធានី អាជ្ញាធរខណ្ឌទាំង១៤ រួមទាំងមន្ដ្រីជំនាញពាក់ព័ន្ធ ជារូបច្រើនទៀត នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩នេះ។
លោក ឃួង ស្រេង បានសង្កត់ធ្ងន់ថា អាជ្ញាធរមានសមត្ថកិច្ច ក៏ដូចជា អាជ្ញាធរដែនដី ត្រូវត្រួតពិនិត្យឲ្យបានម៉ត់ចត់បំផុត មិនត្រូវអនុញ្ញាតឲ្យមានអាជីវកម្មណេត កាហ្វេអនឡាញ ដែលមានបង្កប់ល្បែងស៊ីសង នៅក្នុងមូលដ្ឋានជាដាច់ខាត ក្នុងករណីដែលមាននៅក្នុងមូលដ្ឋានរបស់ខ្លួន ត្រូវបង្ក្រាបភ្លាមៗ ទាំងអ្នកលេង និងម្ចាស់ទីតាំងដែលប្រកបអាជីវកម្មខុសច្បាប់នេះ។ លោកក៏បានជំរុញឲ្យអាជ្ញាធរពាក់ព័ន្ធយកចិត្តទុកដាក់ពង្រឹងសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ ត្រូវដាក់វេនយាមប្រចាំការ យាមកាមនៅពេលយប់ ជាពិសេសឱកាសឈប់សំរាករយៈពេលបីថ្ងៃ ដែលប្រជាពលរដ្ឋត្រឡប់ទៅកាន់ស្រុកកំណើត រឺទៅកាន់ទីរមណីដ្ឋានផ្សេងៗ ត្រូវជួយសំរួលចរាចរណ៍ និងផ្សព្វផ្សាយពីការ ទប់ស្កាត់គ្រោះអគ្គិភ័យផងដែរ។
គួរបញ្ជាក់ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីពេលថ្មីៗនេះ បានចេញសារាចរណែនាំមួយ ដោយបញ្ឈប់ការ ផ្តល់គោលការណ៍ និងអាជ្ញាប័ណ្ណអនុញ្ញាតឲ្យប្រកបអាជីវកម្ម ល្បែងភ្នាល់តាមម៉ាស៊ីនអេឡិចត្រូនិចអនឡាយ ( Internet Online) ទាំងក្នុងនិងក្រៅប្រទេស។ សារាចរណែនាំ រាជដ្ឋាភិបាលបានធ្វើការណែនាំចំនួន៣ចំណុច ដោយទី១. មន្ត្រីនគរបាលយុត្តិធម៌ និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវបង្កើនការស្រាវជ្រាវ និងបង្ក្រាបអាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីនអេឡិចត្រូនិចតាមរយៈអ៊ិនធើណេតអនឡាយ ក្នុងនិងក្រៅប្រទេសគ្រប់ប្រភេទ និងគ្រប់រូបភាព ដែលធ្វើសកម្មភាពដោយមិនមានអាជ្ញាប័ណ្ណពីក្រសួង ស្ថាប័នមានសមត្ថកិច្ច។ ទី២. ចំពោះអាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីន អេឡិចត្រូនិចតាមរយៈអ៊ិនធើណែតអនឡាយ ក្នុងនិងក្រៅប្រទេសដែលមានអាជ្ញាប័ណ្ណ ត្រូវបានអនុញ្ញាតឲ្យធ្វើសកម្មភាពរហូតផុតសុពលភាព ដែលបានកំណត់ក្នុងអាជ្ញាប័ណ្ណ។ បន្ទាប់ពីនេះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុមិនបន្តសុពលភាពអាជ្ញាប័ណ្ណ អនុញ្ញាតឲ្យប្រកបអាជីវកម្មល្បែងភ្នាល់ប្រភេទនេះតទៅទៀតឡើយ និង៣. រាជរដ្ឋាភិបាល បញ្ឈប់ការផ្តល់គោលការណ៍ និងអាជ្ញាប័ណ្ណអនុញ្ញាតឲ្យប្រកបអាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីនអេឡិចត្រូនិច តាមរយៈអ៊ិនធើណេតអនឡាយទាំងក្នុង និងក្រៅប្រទេសកម្ពុជា ចាប់ពីថ្ងៃចុះហត្ថលេខាលើសារាចរណែនាំនេះតទៅ៕