​​ក្រសួងទេសចរណ៍​​​ប្រាប់​ពី​បាតុភូត​ព្រះអាទិត្យ​រះ​ចំ​កំពូល​​ប្រាសាទ​អង្គរ​ក្នុង​ខែកញ្ញា​នេះ​​

18-09-2019 12:50 pm 160

​ក្រសួង​ទេសចរណ៍ បានឱ្យដឹងថា ព្រឹត្តិការណ៍​សម​រាត្រី​នៅ​ប្រាសាទអង្គរវត្ត (Equinux Angkor) ដែល​ត្រូវបាន​គេ​ស្គាល់​ថា ជា​បាតុភូត​ព្រះអាទិត្យ​រះ​ចំ​កណ្ដាល​កំពូល​ប្រាសាទ​អង្គរ ជាពិសេស​ស្ដែង​ឱ្យឃើញ​ពី​អច្ឆរិយ​ភាព​នៃ​ផ្នែក​តារាសាស្ត្រ និង​សំណង់​ស្ថាបត្យកម្ម​បុរាណ​របស់​បុព្វបុរស​ខ្មែរ​។ នេះ​បើ​យោងតាម​សេចក្ដីជូនដំណឹង​ចុះ​ថ្ងៃទី​១៧ ខែ​កញ្ញា ឆ្នាំ​២០១៩​។​

​ក្រសួង​ទេសចរណ៍ បាន​បញ្ជាក់ថា ព្រឹត្តិការណ៍​សម​រាត្រី​នៅ​ប្រាសាទអង្គរវត្ត (Equinux Angkor) នេះ តែងតែ​កើតឡើង​ចំនួន​២​ដង ជា​រៀងរាល់ឆ្នាំ ដោយ​លើក​ទី​១ នៅក្នុង​ខែមីនា និង​លើក​ទី​២ នៅក្នុង​ខែកញ្ញា ហើយ​មាន​ការចូលរួម​ទស្សនា និង​ផ្ដិត​យក​រូបភាព​ដ៏​អស្ចារ្យ​នៃ​ព្រឹត្តការណ៍​ពី​សំណាក់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ជាច្រើន​នាក់​ផងដែរ​។ ក្រសួង​ទេ​ចរណ៍​បាន​គូសបញ្ជាក់ថា ព្រឹត្តិការណ៍​សម​រាត្រី​នៅ​ប្រាសាទអង្គរវត្ត (Equinux Angkor) ត្រូវបាន​គេ​រំពឹងថា នឹង​កើតមានឡើង​នៅ​ចន្លោះ​ថ្ងៃទី​២០ ដល់​ថ្ងៃទី​២២ ខែ​កញ្ញា ឆ្នាំ​២០១៩ ចន្លោះ​ម៉ោង ៥:០០​នាទី ដល់​ម៉ោង​៧:០០​នាទី​ព្រឹក​។​

​ក្រសួងទេសចរណ៍​គ្រោង​នឹង​រៀបចំ «​ការប្រកួតប្រជែង​ថតរូប​ស៊ែ​ល​ហ្វី (Equinox Angkor Selfie Contest) លើក​ទី​៤ ក្រម​ប្រធានបទ Selfie អង្គរ​អច្ឆរិយៈ​» ដោយ​បេក្ខភាព​ដែល​មានបំណង​ចង់​ចូលរួម​ប្រកួត ត្រូវ​ថតរូប Selfie នៅក្នុង​ព្រឹត្តិការណ៍​សម​រាត្រី​នៅ​ប្រាសាទអង្គរវត្ត (Equinux Angkor) រួច​ផ្ញើរ​មកកាន់​គេហទំព័រ​ហ្វេ​សប៊ុក​ផ្លូវកា​ររបស់​នាយក​ដ្ឋា​ន​ជំរុញ​ទេសចរណ៍​ក្នុងស្រុក និង​អប់រំ​ការយល់ដឹង​ជា​សាធារណៈ នៃ​ក្រសួងទេសចរណ៍​។ បេក្ខភាព​ចំនួន​១០​រូប នឹងត្រូវ​បានជ្រើសរើស​ដើម្បី​បន្ត​ការវាយតម្លៃ​ដោយ​សាធារណជន តាមរយៈ​ចំនួន Likes នៅក្នុង​គេហទំព័រ​ហ្វេ​សប៊ុក​។ 

​ក្រសួងទេសចរណ៍​បន្ត​ថា ជ័យលាភី​ចំនួន​៣​រូប ដែល​ទទួលបាន Likes ច្រើនជាងគេ​នឹង​ទទួលបាន​លិខិត​សរសើរ​ចេញ​ដោយ​ក្រសួង អម​ជាមួយ​ទឹកប្រាក់​រង្វាន់​សម្រាប់​ជ័យលាភី​លេខ​១ ចំនួន​១​លាន​រៀល ជ័យលាភី​លេខ​២ ចំនួន​៨០​ម៉ឺន​រៀល និង​ជ័យលាភី​លេខ​៣ ចំនួន​៥០​ម៉ឺន​រៀល​៕

ព័ត៌មានផ្សេងទៀត