អង់គ្លេស​ប្រកាស​ជំហរ​នៅតែ​បន្ត​អនុគ្រោះ​ពន្ធ​សម្រាប់​ទំនិញ​កម្ពុជា​

18-09-2019 11:54 am 211

​ចក្រភព​អង់គ្លេស បានប្រកាស​ជំហរ​របស់​ខ្លួន​ថា នឹង​នៅតែ​បន្ត​ផ្តល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ដល់​កម្ពុជា នៅពេល​ដែល​ខ្លួន​ចាកចេញ​ពី​សហភាព​អឺរ៉ុប​ជា​ផ្លូវការ​។ ការប្រកាស​នេះ ធ្វើឡើង​នៅក្នុង​ជំនួប​រវាង លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា ជាមួយ​រដ្ឋមន្ត្រី​ទទួលបន្ទុក​កិច្ចការ​អាស៊ី និង​ប៉ាស៊ីហ្វិក នៃ​ក្រសួង​ការបរទេស ចក្រភព​អង់គ្លេស កាលពី​ថ្ងៃ​ទី​១៧ ខែ​កញ្ញា​។​ ​

ការផ្តល់​ប្រព័ន្ធ​នុ​គ្រោះ​ពន្ធ​ពី​ប្រទេស​មហាអំណាច​អង់គ្លេស​នេះ បាន​រួមចំណែក​ជួយ​អភិវឌ្ឍន៍​កម្ពុជា ហើយ​កម្ពុជា​នឹង​ទទួលបាន​ផលប្រយោជន៍​បន្ថែមទៀត​កាន់តែ​ច្រើនឡើង​។ ​ចក្រភព​អង់គ្លេស គឺជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​សំខាន់​ផង​ដែរ សម្រាប់​កម្ពុជា ក្នុង​តំបន់​អឺរ៉ុប​។ អង់គ្លេស​ជា​ប្រទេស​ទី​៣ ក្នុង​តំបន់​អឺរ៉ុប ដែល​ទិញ​អង្ករ​ពី​កម្ពុជា​ច្រើន​ជាង​គេ​។​

​ដោយឡែក សម្រាប់​ទំនាក់ទំនង​ពាណិជ្ជកម្ម​របស់​កម្ពុជា ជាមួយ​ចក្រភព​អង់គ្លេស នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ បាន​កើនឡើង​ដល់​ជាង​១​ពាន់​លានដុល្លារ ខណៈ​ដែល​ការនាំចេញ​របស់​កម្ពុជា មាន​ច្រើន​លើសលុប ជាង​អង់គ្លេស​នាំចូល​ម​កម្ពុជា​វិញ​។​

​យោងតាម​របាយការណ៍ របស់​ក្រសួង​ពាណិជ្ជកម្ម បានបញ្ជាក់​ថា នៅ​ឆមាស​ទី​១ ឆ្នាំ​២០១៩​នេះ ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​-​អង់គ្លេស គិត​ជា​ទឹកប្រាក់​ចំនួន​៤៦៦​លាន​ដុល្លារ ក្នុង​នោះ​កម្ពុជា​នាំចេញ​ទៅ​អង់គ្លេស​ចំនួន​៤៥០​លាន​ដុល្លារ ចំណែក​អង់គ្លេស​នាំចូល​ម​កម្ពុជា មាន​ចំនួន​១៥​លាន​ដុល្លារ​។​

​នៅ​ឆ្នាំ​២០១៨ ទំហំ​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំង​២ មាន​ទឹកប្រាក់​១,០៨៣​លាន​ដុល្លារ ក្នុង​នោះ​កម្ពុជា​នាំ​ទៅ​អង់គ្លេស​មាន​ចំនួន​១,០១៨​លាន​ដុល្លារ ចំណែក​អង់គ្លេស​នាំ​មក​កម្ពុជា មានតែ​៦៥​លាន​ដុល្លារ​ប៉ុណ្ណោះ​។​
​ទំនិញ​ដែល​កម្ពុជា​នាំចេញ​ទៅ​អង់គ្លេស​រួមមាន សម្លៀក​បំពាក់ ស្បែកជើង កង់​ជិះ អង្ករ និង​ផលិត​កសិកម្ម​ផ្សេងទៀត​៕

ព័ត៌មានផ្សេងទៀត